Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​អភិរក្ស​រកឃើញ​សំបុក​កន្ធាយ​ក្បាល​កង្កែប​ដែល​ជិត​ផុត​ពូជ នៅ​រដូវ​កាល​ពង​កូន​តាម​ដង​ទន្លេមេគង្គ​

spot_img

​ភ្នំពេញ ៖ សំបុក​ពង​កូន​សត្វ​កន្ធាយ​ក្បាល​កង្កែប​ចំនួន​១​សំបុក ត្រូវបាន​ក្រុម​អ្នក​អភិរក្ស និង​ប្រជា​សហគមន៍ រកឃើញ​ជា​លើកដំបូង​នៅ​ក្នុង​រដូវ​កាល​ពង​កូន​ឆ្នាំ​នេះ​នៅ​ឆ្នេរ​ខ្សាច់​ដង​ទន្លេមេគង្គ​ចន្លោះ​ខេត្តក្រចេះ និង​ស្ទឹងត្រែង​ដែល​ជា​ទីកន្លែង​ពង​កូន​តែ​មួយគត់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ អង្គការ​WCS ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ ២​កើត ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២០១៧ ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧ ប្រជា​សហគមន៍​បាន​ការពារ​សំបុក​កន្ធាយ​ក្បាល​កង្កែប​នេះ រហូត​ដល់​ពង​កន្ធាយ​ទាំងអស់​នោះ​ញាស់ ហើយ​កូន​កន្ធាយ​នឹង ត្រូវ​លែងឲ្យ​ទៅ​រក​នៅ​ក្នុង​ទន្លេ​វិញ​។​

​សត្វ​កន្ធាយ​ក្បាល​កង្កែប (​ឬរ​មិច​) ស្ថិត​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​នៅលើ​សាកលលោក​។ ពួក​វា​ត្រូវ​បាន​គេ​គិត​ថា​ផុត​ពូជ​ពី​កម្ពុជា​ទៅហើយ រហូតដល់​ឆ្នាំ​២០០៧​ពួក​វា​ត្រូវ​បាន​គេ​រកឃើញ​ម្តងទៀត​នៅក្នុង​បរិវេណ​៤៨​គីឡូម៉ែត្រ​នៅ​ដង​ទន្លេមេគង្គ​ចន្លោះ​ខេត្តក្រចេះ និង​ស្ទឹងត្រែង​។ រហូតមកដល់​ពេលនេះ សំបុក​ពង​ចំនួន​៣៧៨​ត្រូវបាន​ការពារ ហើយ​ជា​លទ្ធផល​ទទួល​បាន​កូន​ញាស់​ចំនួន​៨៥២៨​កូន​។​

​លោក សោម ស៊ីថា ទីប្រឹក្សា​បច្ចេកទេស​គម្រោង​អភិរក្ស​សត្វ​អណ្តើក បាន​និយាយថា​៖ “​ចាប់ពី​ឥឡូវ​នេះ រហូតដល់​ខែ​មិថុនា គឺជា​កំឡុង​ពេល​សត្វ​កន្ធាយ​ក្បាល​កង្កែប​ពង​កូន​។ នេះ​គឺជា​សំបុក​ទី​០១​ដែល​យើង​បាន​រកឃើញ​នៅក្នុង​ឆ្នាំនេះ​”៕ ដោយ ៖ កូឡាប​

spot_img
×