Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីមេម៉ាយ​កូន ​៣​ នាក់​ កូន​ត្រូវ​សត្វ​កណ្តុរ​ខាំ​រងរបួស​ គ្មាន​លទ្ធភាព​ព្យាបាល​ ដង្ហោយរកសប្បុរសជន នៅក្រុងស្វាយរៀង

spot_img

​ខេត្តស្វាយរៀង ៖ ​ស្ត្រី​មេម៉ាយ​កូន​៣​នាក់​ទីទាល់ក្រ​ម្នាក់​បាន​ដ​ង្ហើ​យ​រក​សប្បុរសជន​ឱ្យ ជួយ​ខណៈពេលដែល​កូនស្រី​ពៅ​របស់គាត់​មាន​អាយុ​ទើបតែ​៧​ឆ្នាំ​ បាន​រងរបួស​មេដៃ​ឆ្វេង​ដោយសារតែ​សត្វ​កណ្តុរ​ខាំ​ ហើយ​កំពុងមាន​ជម្ងឺ​ក្តៅខ្លួន​មិនបាន​ទៅ​រៀន​អស់​រយៈពេល​មួយ​សប្តាហ៍​មកហើយ​ ។​

​បើតាម​ស្ត្រី​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ​មាស ផល្លា អាយុ ៤២​ឆ្នាំ​សព្វថ្ងៃ​មាន​ទីលំនៅ​ភូមិ​សួន​ថ្មី​សង្កាត់​ព្រៃ​ឆ្លាក់​ក្រុង​ស្វាយរៀង​ខេត្តស្វាយរៀង​បានឱ្យដឹងថាៈ​កូនស្រី​របស់គាត់​ដែល​ត្រូវ​សត្វ​កណ្តុរ​ខាំ​ហើយ​រងរបួស​គ្មាន​ថ្នាំ​ព្យាបាល​នោះ​ជា​កូនពៅ​ឈ្មោះ​សៅ ស៊ីណាត មាន​អាយុ​៧​ឆ្នាំ​ សព្វថ្ងៃ​រៀន​នៅ​ថ្នាក់​ទី​១​ នៃ​សាលាបឋមសិក្សា​២​ធ្នូ​ ។​

​ប្រភព​ខាងលើ​បានឱ្យដឹង​ទៀតថា ៖ ​កាលពី​យប់​ថ្ងៃទី​១០ ​ខែមីនា​ ឆ្នាំ​២០១៩​នេះ​ រូបគាត់​ទាំង​៤​នាក់​ ម្តាយ​និង​កូន​បាន​គេង​ក្នុង​មុង​ជាមួយគ្នា​តែ​ចៃដន្យ​កូនស្រី​រងគ្រោះ​បានដាក់​ដៃ​ចេញ​ក្រៅ​មុង​ហើយក៏​ត្រូវ​សត្វ​កណ្តុរ​ខាំ​ចំ​មេដៃ​ខាងឆ្វេង​តែម្តង​បណ្តាលឱ្យ​រងរបួស​ហើយ​ក្រោយពី​ត្រូវ​សត្វ​កណ្តុរ​ខាំ​បាន​មួយ​យប់​កូន​របស់គាត់​ក៏​កើតមាន​អាកា​រៈ​ក្តៅខ្លួន​រួច​រូបគាត់​ក៏បាន​នាំ​កូន​ទៅ​សំរាក​ព្យាបាល​មុខរបួស​នៅ​មន្ទីរពេទ្យ​ខេត្ត​បាន​រយៈពេល​៣​ថ្ងៃ​ក៏​សុំ​គ្រូពេទ្យ​ត្រឡប់មកផ្ទះ​វិញ​ដោយសារ​ពេទ្យ​មិនមាន​ថ្នាំ​សំរាប់​ព្យាបាល​ប្រភេទ​មុខរបួស​ខាងលើ​នោះទេ ​។​

​ស្ត្រី​ដដែល​បាន​បន្តថា ៖ នៅពេលដែល​កូន​គាត់​សំរាក​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​នោះ​គ្រូពេទ្យ​បានឱ្យ​រូបគាត់​នាំ​កូន​ទៅ​ភ្នំពេញ​ដើម្បី​ព្យា​ល​បាល​ទៅ​ពីព្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​គ្មាន​ថ្នាំ​វ៉ាក់សាំង​សំរាប់​ចាក់ឱ្យ​ទេ​។

ដោយសារ​រូបគាត់​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ដើរ​ស៊ីឈ្នួល​លាងចាន​ឆ្នាំង​ឱ្យគេ​ហើយ​កូនតូចៗ​នៅក្នុង​បន្ទុក​រហូតដល់​ទៅ​៣​នាក់​ផង ទីទាល់ក្រ​រកតែ​អង្ករ​ច្រក​ឆ្នាំង​ស្ទើរ​មិនបាន​ផង​គាត់​ក៏​សំរេចចិត្ត​យក​កូន​មក​ផ្ទះ​ដេក​មើល​តាម​យថាកម្ម​តែម្តងទៅ ។ ឥលូវ​រូបគាត់​មានតែ​លើក​ម្រាមដៃ ១០​ ប្រណម​សុំ​ដល់​សប្បុរសជន​ទាំង​ទីជិត​ឆ្ងាយ​ជួយ​គ្រួសារ​គាត់​យកតែ​បុណ្យ​ទៅ​ចុះ​។​

​ពាក់ព័ន្ធ​ទៅនឹង​ករណី​ខាងលើនេះ​លោកគ្រូ​ពេទ្យ​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​បានឱ្យដឹងថា ៖ ក្មេងស្រី​រងគ្រោះ​ខាងលើ​ពិតជា​បាន​ចូលមក​សំរាក​ព្យាបាល​មុខរបួស​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ​កាលពី​ថ្ងៃទី​១១ ​ខែមីនា​ ឆ្នាំ​២០១៩​ប្រាកដ​មែន ហើយ​ក៏បាន​សុំ​ចេញ​ទៅវិញ​ផងដែរ ​ក្រោយ​ពេលដែល​គ្រូពេទ្យ​បាន​លាងមុខ​របួស​និង​ចាក់​ថ្នាំ​ផ្សះ​រួម​និង​ថ្នាំ​បញ្ចុះ​កំដៅ​រួច​ ។​

​ប្រភព​ដដែល​បាន​បន្តថា ៖ ​នៅ​មន្ទីរពេទ្យ​ខេត្ត​មិនមាន​វ៉ាក់សាំង​សំរាប់​ចាក់​ការពារ​សត្វ​ខាំ​នោះទេ​ មានតែ​នៅ​ភ្នំពេញ​ទើប​មាន ​ដូច្នេះ​ត្រូវយក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​ភ្នំពេញ​ទើបបាន​។​

សូមបញ្ជាក់​ផងដែរ​ថា ​កាលពី​ជាង​១០​ឆ្នាំមុន​ស្ត្រី​ជា​ម្តាយ​ក៏​ធ្លាប់​ត្រូ​សត្វ​ឆ្កែ​ខាំ​បណ្តាលឱ្យ​រូបគាត់​កើត​ជំងឺ​តេតាណូស​ចេះតែ​ប្រកាច់​ហើយ​ត្រូវបាន​បងស្រី​របស់គាត់​ជួយ​យកអាសា​កុំ​អី​រូបគាត់​ត្រូវ​ស្លាប់ចោល​កូន​អស់​ទៅហើយ​។​

គ្រាន់តែ​សត្វ​កណ្តុរ​ខាំ​មន្ទីរពេទ្យ​ខេត្ត​ពុំមាន​វ៉ាក់សាំង​ចាក់​ការពារ​ទៅហើយ​ តើ​នៅ​ថ្ងៃ​ខាងមុខ​គួរ​មាន​ថ្នាំ​វ៉ាក់សាំង​នៅតាម​ខេត្ត​រឺ​អត់​ចាំបាច់​អី​ឡើង​ទៅដល់​ភ្នំពេញ​?  ដោយ ៖ វ៉ៃ​កូ​

spot_img
×