Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារពិភពលោក ៖ ការរៀបចំ​ទីក្រុង អាច​លើកកម្ពស់​គុណភាព នៃ​ជីវិត និង​ឱកាស នៅក្នុង​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ ៖ យោងតាម​ការសិក្សា​ថ្មី​មួយ​របស់​ធនាគារ​ពិភពលោក ស្តីពី​ការអភិវឌ្ឍ​ទីក្រុង​នៅ​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ការរីកលូតលាស់​ដ៏​ឆាប់រហ័ស​នៃ​ក្រុងភ្នំពេញ​ក្នុង​រយៈពេល ១០​ឆ្នាំ​កន្លងមកនេះ បាន​ចូលរួមចំណែក​ក្នុង​ការបង្កើន​ឱកាស​ការងារ​និង​កាត់បន្ថយ​ភាពក្រីក្រ​។ ក៏ប៉ុន្តែ ការផ្តោត​ការយកចិត្តទុកដាក់​លើ​ការ​លើ​កម្ពស់​ផែនការ ការគ្រប់គ្រង និង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ទីក្រុង គឺ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ចៀសវាង​ការរីក​រាលដាល​នៃ​ភាព​គ្មាន​សណ្តាប់ធ្នាប់ ការស្ទះ​ចរាច​រណ៏ និង​ការបំពុល​ផ្សេងៗ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ ២០១៧ បានបង្ហាញ​របាយការណ៍​ដែល​មាន​ចំណងជើង​ថា ការអភិវឌ្ឍ​ទីក្រុង ក្នុង​រាជធានី​ភ្នំពេញ បានលើកឡើង​ភាព​ប្រឈម​ជាច្រើន ក្នុង​ការផ្តល់​ជា​សេវាកម្ម​ជា​មួលដ្ឋាន ដែល​រួមមាន ប្រព័ន្ធ​បង្ហូរ​ទឹកស្អុយ ស្ថានីយ​កែច្នៃ​ទឹកស្អុយ សេវា​ដឹកជញ្ជូន​សាធារណៈ និង​ការគ្រប់គ្រង​កាក​សំណល់​រឹង​។ ការគ្រប់គ្រង​និង​ការផ្តល់​ហិរញ្ញប្បទាន​លើ​ការរៀបចំ​ក្រុង ការពង្រឹង​អភិបាលកិច្ច និង​ការផ្តល់​សេវាកម្ម ក៏​ជួប​បញ្ហា​ប្រឈម​ដែរ​។ ទោះបីជា​មាន​ដំណើរការ​រៀបចំ​ក្រុង​ដែល​មាន​ស្រាប់​ក៏ដោយ ក៏​ការផ្តល់​ហិរញ្ញប្បទាន​និង​សមត្ថភាព​បច្ចេកទេស ជា​ញឹកញាប់ បង្ក​នូវ​ឧបសគ្គ​ជាច្រើន​ដល់​ផែនការ​អភិវឌ្ឍ​ទីក្រុង ទីតាំង និង​ផែនការ​ប្រើប្រាស់​ដី ជាពិសេស នៅ​ថ្នាក់ ខណ្ឌ និង សង្កាត់​។​

​លោកស្រី អ៊ី​ហ្គូ​ណា ដូ​ប្រាចា នាយិកា​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា “​រាជធានី​ភ្នំពេញ​ប្រឈម​នឹង​ឱកាស​ដ៏​សំខាន់​មួយ​ក្នុងការ​កែខៃ​ទីក្រុង​ជា​វិជ្ជមាន​មួយ​សម្រាប់​អនាគត​របស់​ខ្លួន ការបង្កើត​ការងារ​ឲ្យបាន​ច្រើន​ថែមទៀត និង​ការបង្ក​លទ្ធភាព​ឲ្យមាន​សេវាកម្ម​កាន់តែ​ប្រសើរ​ជាង​មុន​។ ការអភិវឌ្ឍ​ទីក្រុង​ដែល​មាន​ការគ្រប់គ្រង​និង​រៀបចំ​ផែនការ​បាន​ល្អ អាច​ជួយ​ធ្វើឲ្យ​ទីក្រុង​មាន​ភាពល្បីល្បាយ ក្នុង​ការធានា​ឲ្យមាន​ស្តងដា​ររស់​នៅ​ប្រសើរ សម្រាប់​អនាគត​មនុស្ស​ជំនាន់​ក្រោយ​ផងដែរ​។​”

​របាយការណ៍​នេះ បាន​ផ្តល់​នូវ​អនុសាសន៍​ជា​ច្រើន ដើម្បី​ធ្វើឲ្យ​ការរីកលូតលាស់​នៅក្នុង​ទីក្រុង​កាន់តែ​មាន​លក្ខណៈ​ប្រកួតប្រជែង កាន់តែ​មាន​និរន្តរភាព និង​កាន់តែ​គ្របដណ្តប់​ទូលំទូលាយ​លើ​វិស័យ​សំខាន់ៗ​ចំនួន​បួន​។ ទីមួយ គឺ​ត្រូវ​កែលម្អ​ស្ថាប័ន និង​អភិបាលកិច្ច ដើម្បី​ឲ្យ​ទីក្រុង​អាច​អភិវឌ្ឍ​ទៅ​បាន​ប្រកប​ដោយ​ភាព​សុខ​ដុម​និង​មាន​ប្រសិទ្ធិភាព​ជាង​មុន​។ ទី​ពីរ គឺ​ត្រូវ​កែលម្អ​ផែនការ​រៀបចំ​ទីក្រុង​និង​ការអនុវត្ត​ផែនការ តាម​រយៈ​ការបង្កើត​បទដ្ឋាន​គតិ​យុទ្ធ ក្របខ័ណ្ឌ​ច្បាប់ និង​ពង្រឹង​ផែនការ​រៀបចំ​ទីក្រុង​ដែល​មាន​ស្រាប់​។ ទី​បី គឺ​ត្រូវ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ដែល​ប្រកបដោយ​និរន្តរភាព ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​និង​ភាព​ប្រកួតប្រជែង​។ ទី​បួន គឺ​ត្រូវ​ធានាថា ការរៀបចំ​ទីក្រុង​ត្រូវ​គិតគូរ​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ចៀសវាង​កុំឲ្យ​មាន​វិសមភាព​។​

​លោកស្រី ជូ​ឌី បេគ័​រ ប្រធាន​សេដ្ឋកិច្ចវិទូ​របស់​ធនា​គារ​ពិភពលោក ដែល​ជា​អ្នកនិពន្ធ​ម្នាក់​ក្នុងចំណោម​អ្នកនិ​ពន្ធ​ជាច្រើន បាន​មានប្រសាសន៍ថា “​ទីក្រុង​ទាំងឡាយ​ដែល​មាន​ផែនការ​ល្អ ធ្វើឲ្យ​គេ​អាចគ្រប់គ្រង​បាន​ល្អ​នូវ​អត្ថប្រយោជ​ន៍​សេដ្ឋកិច្ចសង្គម​ផ្នែក​នគរូបនីយកម្ម និង​អាច​បង្កើតបាន​ជា​ទីកន្លែង​ដែល​មាន​លក្ខណៈ​រស់​រវើក អាច​រស់នៅ​បាន និង​មាន​ទីធ្លា​ប្រសើរ​។ ផែនការ​នេះ​អាច​ធ្វើ​ទៅ​បាន​យ៉ាង​ល្អ​សម្រាប់​រាជធានី​ភ្នំពេញ ក៏ប៉ុន្តែ វា​នឹង​ជា​ដំណើរការ​មួយ​ដែល​មាន​រយៈពេល​វែង ទាមទារ​ឲ្យមាន​ការប្តេជ្ញា​ចិត្ត​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន​”៕ ដោយ ៖ កូឡាប​

spot_img
×