ភ្នំពេញ ៖ ស្ថានទូតជប៉ុន បានផ្តល់ឱកាសឱ្យសាធារណជន ឲ្យចូលរួមការប្រកួតប្រជែង បង្កើតឡូហ្គោ សម្រាប់ការប្រារព្ធ “ខួបអនុស្សាវរីយ៍៦៥ឆ្នាំនៃទំនាក់ទំនងមិត្តភាពរវាងជប៉ុន និង កម្ពុជា” និងបានទទួលនូវការដាក់ពាក្យជាច្រើនពីប្រជាជនកម្ពុជា។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា ប្រកាសប្រាប់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ថា ឆ្នាំក្រោយ ឆ្នាំ២០១៨ គឺជាឆ្នាំខួបអនុស្សវរីយ៍៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា។
ឆ្លៀតក្នុងឱកាសពិធីចុះហត្ថលេខាលើគម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យដែលបាន ប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែធ្នូលោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី-រដ្ឋមន្ត្រីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ ព្រមទាំង លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន បានប្រកាស ឡូហ្គោដែលត្រូវបានជាប់ជ័យលាភីជាផ្លូវការ ក្នុងចំណោម ៣១ឡូហ្គោ ដែលត្រូវបានដាក់ពាក្យ គឺជាឡូហ្គោរបស់លោក ចាន់ ទេពខេមរិន្ទ អាយុ១៥ឆ្នាំ រៀនថ្នាក់ទី១០ នៃសាលាអន្តរជាតិភ្យូឆឺរប្រាយ ក្នុងខេត្តសៀមរាប។
យោងតាមអត្ថន័យ នៃឡូហ្គោដែលត្រូវបានសរសេររៀបរាប់ ដោយបេក្ខជនជ័យលាភី ចាន់ ទេពខេមរិន្ទគឺ ឡូហ្គោនេះមានទម្រង់ជារូបផ្លិតក្រដាសជប៉ុន និងកម្ពុជា ដោយរចនាផ្សំទង់ជាតិ ប្រទេសទាំងពីរនៅលើផ្លិត ដើម្បីបង្ហាញអំពីមិត្តភាព បើកយ៉ាងទូលំទូលាយរវាងកម្ពុជា និងជប៉ុន។
លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនបានថ្លែងថា ឡូហ្គោ នេះមានគូរទង់ជាតិកម្ពុជា និងជប៉ុននៅលើផ្លិតដ៏ស្រស់ស្អាត។ លោកសង្ឃឹមថា មិត្តភាព ជប៉ុន-កម្ពុជានឹង រីកសាយធំឡើងដូចផ្លិតបើកនេះពេញមួយឆ្នាំ។
សូមបញ្ជាក់ថា កម្មវិធី ”ខួបអនុស្សាវរីយ៍៦៥ឆ្នាំនៃទំនាក់ទំនងជាមិត្តភាពរវាងជប៉ុន និងកម្ពុជា” នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ក្នុងកំឡុងពេលដ៏សំខាន់នេះ ស្ថានទូតជប៉ុន រដ្ឋាភិបាលកម្ពុជា ព្រមទាំងស្ថាប័នឯកជន នឹងរៀបចំព្រឹតិ្តការណ៍អនុស្សាវរីយ៍ជាច្រើន និង សង្ឃឹមថា នឹងមានការចូលរួមពីសំណាក់ប្រជាជនយ៉ាងច្រើនកុះករ ដើម្បីអបអរសាទរខួប អនុស្សាវរីយ៍ក្នុងរយៈពេលមួយឆ្នាំពេញនេះ៕ ដោយ ៖ បញ្ញាស័ក្តិ