Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ៖ សម្រាប់ឆ្នាំ២០១៩ ដល់២០២៣ សាធារណរដ្ឋកូរ៉េ បានបន្តផ្តល់ឥណទានសម្បទាន សរុបចំនួន ៧០០ លានដុល្លារ

spot_img

ភ្នំពេញ: ក្នុងវេទិការធុរកិច្ចកម្ពុជា-កូរ៉េ សម្តេចតេជោនាយករដ្ឋមន្ត្រីសូមអោយវិស័យឯកជន និងអ្នកវិនិយោគកូរ៉េដែលមិនទាន់បាន មកកម្ពុជាសូមអញ្ជើញ មកសិក្សាស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា នឹងទាញយកផលប្រយោជន៍ជាអតិបរមា។

នៅព្រឹកថ្ងៃទី១៥មីនានេះ បន្ទាប់ពីអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា និងក្នុងសេចក្តីប្រកាសព័ត៌មានរួមហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម មូន ចេអ៉ិន (Moon Jae-in) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានអញ្ជើញក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលវេទិកានេះមានការអញ្ជើញ ចូលរួមពីមន្ត្រីរដ្ឋាភិបាល នៃប្រទេសទាំងពីរ ថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរកម្ពុជា-សាធារណរដ្ឋកូរ៉េ និងអ្នកវិនិយោគជាច្រើនទៀត នៃប្រទេសទាំងពីរ។

បន្ទាប់ពីការធ្វើបទបង្ហាញរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជារួចហើយនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញថ្លែងសន្ទរកថាគន្លឹះសំខាន់ៗដែលមានខ្លឹមសារថា៖

សម្តេចសូមសំដែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅជាទីបំផុតចំពោះវត្តមាន​ ឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម និងគណៈប្រតិភូធុរជន និងអ្នកវិនិយោគកូរ៉េដែលបាន ធ្វើការសិក្សាស្វែងយល់ ដោយផ្ទាល់ពីការរីកចម្រើន របស់ប្រទេសកម្ពុជានាពេលនេះ។

សម្តេចតេជោបន្តថា កម្ពុជា និងកូរ៉េ មានទំនាក់ទំនងល្អជាមួយគ្នាជាយូរណាស់មកហើយ ប៉ុន្តែទំនាក់ទំនងនេះ ត្រូវបានផ្អាកមួយរយៈ ដោយសារបញ្ហាសង្គ្រាមស៊ីវិល នៅកម្ពុជា តែទំនាក់ទំនងការទូតនេះ ត្រូវបានតភ្ជាប់ឡើងវិញ នៅថ្ងៃទី៣០ ខែតុលាឆ្នាំ១៩៩៧ បន្ទាប់ពីសម្តេច បានធ្វើទស្សនកិច្ចនៅកូរ៉េ នាខែកក្កដាឆ្នាំ១៩៩៦ និងបានសម្រេចឲ្យមានការចាប់ផ្ដើមឡើងវិញ នូវទំនាក់ទំនងការទូត រវាងប្រទេសយើងទាំងពីរ ជាមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏សូមថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនសាធរណរដ្ឋកូរ៉េ ដែលតែងតែចូលរួមក្នុងការស្ដារ និងអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការផ្តល់នូវហិរញ្ញប្បទាន សហប្រតិបត្តិការ និងការវិនិយោគដោយផ្ទាល់ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន និងកិច្ចសហប្រតិបត្តិការ។ គិតពីឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០១៨ រដ្ឋាភិបាលប្រទេសកូរ៉េ បានផ្ដល់ហិរញ្ញប្បទានប្រមាណ ៦៣២ លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះហិរញ្ញប្បទានឥតសំណង មានប្រមាណជា៣០០ លានដុល្លារអាមេរិក។ ជាងនេះទៅទៀត សម្រាប់ឆ្នាំ២០១៩ ដល់២០២៣ សាធារណរដ្ឋកូរ៉េ បានបន្តផ្តល់ឥណទានសម្បទាន សរុបចំនួន ៧០០ លានដុល្លារអាមេរិក ដែលរដ្ឋាភិបាលទាំងពីរ ទើបតែចុះហត្ថលេខាលើ កិច្ចសម្របសម្រួលក្របខ័ណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្ដិការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធវិស័យធនធានទឹក និងសុខមាលភាពសាធារណៈ វិស័យអប់រំនិងបណ្ដុះបណ្ដាលធនធានមនុស្ស និងវិស័យអភិវឌ្ឍន៍ជនបទមានជាអាទិ៍ គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល អាកាសចរស៊ីវិល គម្រោងស្ដារផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ជាមួយនឹងទំហំ នៃការវិភាគទានដ៏ច្រើនរបស់រដ្ឋាភិបាល និងប្រជាជនសាធារណរដ្ឋកូរ៉េ ដែលបានជួយដល់ការស្ដារ និងកសាងនិងអភិវឌ្ឍន៍។

សម្តេចតេជោនាយករដ្ឋមន្ត្រីសូមអោយវិស័យឯកជន និងអ្នកវិនិយោគកូរ៉េ ដែលមិនទាន់បានមកកម្ពុជា សូមអញ្ជើញមកសិក្សាស្វែងយល់ អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ នៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា នឹងទាញយកផលប្រយោជន៍ជាអតិបរមា។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវវិធានការ កែទម្រង់ស៊ីជម្រៅ ដើម្បីកាត់
បន្ថយថ្លៃដើម នៃថ្លៃប្រតិបត្តិការធុរកិច្ចរាជរដ្ឋាភិបាល ចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច និងជាដៃគូដល់ពិតប្រាកដ ក្នុងការអភិវឌ្ឍប្រទេស។ ក្នុងន័យនេះ យើងបានបង្កើតយន្តការសន្ទនាមួយហៅថា​ វេទិការាជរដ្ឋាភិបាលផ្នែកឯកជន​ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព របស់សម្តេចដោយមានការចូលរួម ពីរដ្ឋមន្ត្រីគ្រប់ក្រសួងស្ថាប័ន​ អភិបាលគ្រប់រាជធានីខេត្ត​ តំណាងផ្នែកឯកជន គ្រប់វិស័យប្រមាណជា៣០០នាក់ ព្រមទាំងដៃគូរតំណាងស្ថាប័នអន្តរជាតិ មួយចំនួនទៀតផងដែរ​ ដែលយន្តការនេះ ផ្ដល់ឱកាសឱ្យផ្នែកឯកជន លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាល ពិនិត្យ និងលើកវិធានការ សមស្រប ដើម្បីដោះស្រាយបញ្ហាផ្សេងៗ។

ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ សម្តេចតេជោ នឹងដឹកនាំវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៨ ហើយសម្តេចនឹងដាក់ចេញនូវ វិធានការមុតស្រួចមួយចំនួន សំដៅជួយបង្កើនភាពប្រកួតប្រជែង នៃសេដ្ឋកិច្ចកម្ពុជា ពីការលំអ និងលើកស្ទួយថែមទៀត នូវបរិយាកាសវិនិយោគ និងធុរកិច្ច ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារប្រកបដោយគុណភាពដល់ពលករកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា​ សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី​បានធានាដល់អ្នកវិនិយោគគ្រប់រូបនូវបរិយាកាសវិនិយោគ ប្រកបដោយភាពអំណោយផល ជាពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ និងស្ថាប័នដែលប្រកប ដោយប្រសិទ្ធភាពតម្លាភាព​ គណនេយ្យភាព​ និងភាពអាចប៉ាន់ប្រមាណបាន។

សម្តេចតេជោ ក៏សូមជូនពរដល់ធុរជនទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ ទទួលបាននូវភាពជោគជ័យ គ្រប់ភារកិច្ច៕ដោយ៖កូឡាប

spot_img
×