Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម បាន​អំពាវនាវ​ពលរដ្ឋ ចូលរួម​រាយការណ៍ មក​សមត្ថកិច្ច និង​អាជ្ញាធរ ដូចជា​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​

spot_img

​ព្រៃវែង​ ៖ សម្តេច​ក្រឡាហោម​ស ខេង បាន​អំពាវនាវ​ពលរដ្ឋ​ចូលរួម​រាយការណ៍ មក​សមត្ថកិច្ច និង​អាជ្ញាធរ ដូចជា​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល មេភូមិ មេឃុំ​ជា​ដើម ប្រសិនបើ​ឃើញ​ការលក់ ឬ​ចែកចាយ​គ្រឿងញៀន និង​ការសេព​គ្រឿងញៀន នៅ​គ្រប់​ទីកន្លែ​ទាំងអស់ ពិសេស​នៅក្នុង​ភូមិ​របស់​បងប្អូន​។

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី ពិធី​បញ្ចុះ​ខណ្ឌសីមា ព្រះវិហារ​វត្ត​ឧត្តមព្រឹក្សា ហៅ​វត្ត​ជ័យ​មុនី ស្ថិតនៅ​ភូមិ​ជ័យ​មុនី ឃុំ​គោក​គង់​កើត ស្រុក​កញ្ច្រៀច ខេត្ត​ព្រៃវែង ។​

​ក្រោម​អធិបតីភាព​សម្ដេច​ក្រឡា​ហោម​ឧបនាយករដ្ឋមន្ត្រី អភិបាលស្រុក​កញ្ច្រៀច​បាន​ឡើង​ថ្លែង​របាយកា​រណ៍​ស្ដីអំពី​ស្ថានភាព​ទូទៅ​របស់​រដ្ឋបាល​ស្រុក​កញ្ច្រៀច និង​អំពី​សាវតារ​វត្ត​ឧត្តម​ជ័យ​មុនី ដោយ​បាន​រំលឹក​ថា​វត្ត​នេះ បង្កើតឡើង​នៅ​ឆ្នាំ​១៩៥៧ ដោយ​មាន​ភូមិ​ចំណុះ​ឲ្យ​វត្ត​ចំនួន​៥​ភូមិ​។ នៅក្នុង​របប​ខ្មែរក្រហម ទី​អារាម​មួយ​នេះ​បាន​ក្លាយ​ជា​មន្ទីរពេទ្យ​។​

​នៅ​ក្រោយ​ថ្ងៃ​៧​មករា វត្ត​ជ័យ​ឧត្តម​មុនី ក៏​មិន​ខុស​ពី​ទី​អារាម​ផ្សេងទៀត​នៅ​កម្ពុជា​ដែរ គឺ​ប្រជា​ពុទ្ធបរិស័ទ និង​អាជ្ញាធរ បាន​រួម​សាមគ្គី​គ្នា​កសាង​ជា​បន្តបន្ទាប់ ដោយ​មាន​ការគាំទ្រ​ពី​ឥស្សរជន​ជន​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​រូប ពិសេស​សម្ដេច​អគ្គ​ធម្ម​ពោធិ​សាល ជា ស៊ីម រួម​ជាមួយ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល រហូត​ឈានដល់​ការចាប់ផ្ដើម​សាងសង់​ព្រះវិហារ​ថ្មី តាំងពី​ឆ្នាំ​២០១២​មក​។​

​បន្ទាប់មក​នៅ​ក្នុង​បរិយាកាស​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​យ៉ាង​ក្រៃលែង នៃ​ពិធី​បញ្ចុះ​ខណ្ឌសីមា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ថ្លែង​សន្ទរកថា និង​មាន​មតិ​សំណេះសំណាល​ទៅកាន់​អង្គពិធី ដោយ​សម្ដេច​បាន​សម្ដែង​សេចក្ដី​សប្បាយរីករាយ​ជាទីបំផុត ដែល​បាន​អញ្ជើញ​មក​ចូលរួម​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ដ៏​មហា​ឡា​រិក​នាថ្ងៃនេះ​។​

​សម្ដេច​ក្រឡាហោម បាន​ថ្លែងអំណរគុណ​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត សប្បុរសជន អាជ្ញាធរ និង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ចូលរួម​គាំទ្រ​ដំណើរការ​សាងសង់​ព្រះវិហារ​វត្ត​ជ័យ​ឧត្តម ដោយ​សម្ដេច​បាន​ចាត់ទុក​ជាការ​ស្ដែង​ឲ្យឃើញ​ពីទឹកចិត្ត​សទ្ធា​យ៉ាង​មុតមាំ​ក្នុង​ព្រះពុទ្ធសាសនា ហើយ​សម្ដេច ក្នុងនាម​រាជរដ្ឋាភិបាល សូម​សម្ដែង​ក្ដី​មោទនភាព​ចំពោះ​សមិទ្ធិផល​មួយ​នេះ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​រំលឹក​ជូន​អង្គពិធី ដោយ​គូសបញ្ជាក់ថា ទម្រាំ​សង្គមជាតិ អាច​ឈាន​មកដល់​ដំណាក់កាល​នេះ យើង​បាន​ឆ្លងកាត់​បទពិសោធន៍​ជូរចត់​ច្រើណា​ស់ តាំងពី​សម័យ​សង្គ្រាម និង​ក្រោយ​សង្គ្រាម​។ សម្ដេច​បញ្ជាក់ថា​ប្រជាពលរដ្ឋ​វ័យ​ចំណាស់ ពិតជា​ដឹង​ច្បាស់ ប៉ុន្តែ​សម្ដេច​ចង់ឲ្យ​យុវជន​ជំនាន់​ក្រោយ​ស្វែងយល់​អំពី​បញ្ហា​នេះ ហើយ​ត្រូវ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​ក្នុង​ឱកាស​ដែល​ប្រទេសជាតិ​មាន​សេចក្ដីសុខ និង​សន្តិភាព​។​

​សម្ដេច​ក្រឡាហោម ស ខេង ក៏​បាន​មានប្រសាសន៍​អំពី​តម្លៃ​នៃ​ការរក្សា​សន្តិភាព​ប្រទេស ក្រោម​ម្លប់​ព្រះមហាក្សត្រ និង​តាម​គន្លង​លទ្ធិ​ប្រជាធិបត្យេយ​សេរី​ពហុបក្ស​។ សម្ដេច​បាន​មានប្រសាសន៍ថា​បើ​ទោះបីជា​កម្ពុជា​មាន​គណបក្ស​ច្រើន មាន​ទស្សនៈ​ផ្ទុយ​គ្នា​ច្រើន នៅក្នុង​ដំណើរការ​កសាង និង​ដឹកនាំ​ជាតិ ប៉ុន្តែ​តាមរយៈ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ យើង​បាន​គ្រប់គ្រង​ប្រទេស​ប្រកប​ដោយ​សេចក្ដីសុខ និង​សន្តិភាព​ទូទាំង​ប្រទេស​។​

​សម្ដេច​បាន​មានប្រសាសន៍​ទៀតថា គ្រាន់តែ​នៅ​ស្រុក​កញ្ច្រៀច​ដែលមាន​៩៩​ភូមិ ពេលនេះ​មាន​ភូមិ​៩២​រួចទៅហើយ ដែល​កំពុង​មាន​អគ្គិសនី​ប្រើប្រាស់ ដែល​នេះ​គឺជា​ភស្តុតាង​បញ្ជាក់​យ៉ាង​ច្បាស់​ថា​នៅពេល​ប្រទេសជាតិ​មាន​សន្តិភាព ការអភិវឌ្ឍ​នឹងមាន​ល្បឿន​កាន់តែ​លឿន ។ សម្ដេច​បាន​អះអាង​ថា​ភូមិ​នៅ​សល់​៧​ទៀត​នៃ​ស្រុក​កញ្ច្រៀច នឹង​មាន​អគ្គិសនី​ប្រើ​ឆាប់ៗ​នេះ​។​

​ដោយឡែក​ឆ្លៀត​ក្នុង​ពិធី​នេះដែរ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​អំពី​ស្ថានភាព​គ្រោះរាំងស្ងួត​នៅ​ឆ្នាំ​២០១៩​នេះ ដោយ​សម្ដេច​បាន​សង្កត់​ធ្ងន់​អំពី​ហា​នី​ភ័យ​នៃ​ការខ្វះខាត​ទឹក​ប្រើប្រាស់​។ សម្ដេច​បាន​ណែនាំ​អាជ្ញាធរ​ក្ដាប់​ព័ត៌មាន​ឲ្យបាន​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ដើម្បី​មាន​វិធានការ​ជួយ​ពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា តាមរយៈ​ការដឹក​ទឹក​ចែក​ពួកគាត់ ហើយ​ត្រូវ​រៀបចំ​ផែនការ​ដោះស្រាយ​បញ្ហា​នេះ​ក្នុង​រយៈពេល​វែង ដូចជា​ការជីក​អណ្ដូង និង​ស្ដារ​ស្រះ​ជា​ដើម​។​

​ក្នុង​ពិធី​នេះ​ដូច​គ្នា​ដែរ សម្ដេច​ឧបនាយករដ្ឋមន្ត្រី បាន​ក្រើនរំលឹក​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ខិតខំ​បំរើ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ឲ្យបាន​ល្អ ត្រូវមាន​វិធានការ​ដោះស្រាយ​ឲ្យបាន​ច្បាស់លាស់ និង​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដោយ​សម្ដេច​បាន​សង្កត់​ធ្ងន់​ថា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គ្រឿងញៀន​ដែល​ជនល្មើស​ធ្លាប់​តែ​ចែក​ចាក​នៅ​ទីក្រុង និង​ទីប្រជុំជន​នានា​នោះ វា​បាន​ហូរ​មក​ដល់​តំបន់​ជនបទ​ខ្លះ​ហើយ​។

​ជាមួយគ្នានេះ សម្ដេច​បាន​អំពាវនាវ​ពលរដ្ឋ​ចូលរួម​រាយការណ៍​មក​សមត្ថកិច្ច និង​អាជ្ញាធរ ដូចជា​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល មេភូមិ មេឃុំ​ជា​ដើម ប្រសិនបើ​ឃើញ​ការលក់ ឬ​ចែកចាយ​គ្រឿងញៀន និង​ការសេព​គ្រឿងញៀន នៅ​គ្រប់​ទីកន្លែ​ទាំងអស់ ពិសេស​នៅក្នុង​ភូមិ​របស់​បងប្អូន​។ សម្ដេច​ក៏​បាន​លើកទឹកចិត្ត​ពលរដ្ឋ​ចូល​រាយការណ៍​ករណី​គ្រឿងញៀន និង​ករណី​ដែល​ធ្វើឲ្យ​ភូមិ​ឃុំ​មិន​មាន​សុវត្ថិភាព ទៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ថ្នាក់ដឹកនាំ​ស្រុក ខេត្ត ហើយក៏​អាច​ផ្ញើ ឬ​សរសេរ​ក្នុង​ប្រអប់​បញ្ចេញយោបល់ លើ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​សម្ដេច​បានដែរ​។​

​ចំពោះ​ដំណើរការ​សាង​ស​ង់​ព្រះវិហារ​វត្ត​ឧត្តមព្រឹក្សា​ដែល​ប្រារព្ធ​ពិធី​បញ្ចុះ​ខណ្ឌសីមា​នា​ឱកាស​ដ៏​នក្ខត្ត​ឬ​ក្ស​នេះ សម្ដេច​ក្រឡាហោម ស ខេង បានប្រកាស​ប្រគេន​បច្ច័យ​២៤.៣២៧​ដុល្លារ​អាមេរិក ដើម្បី​បង្គ្រប់​ការចំណាយ​សាងសង់​ព្រះវិហារ និង​បាន​ប្រគេន​បច្ច័យ​តាម​រោង​ទិស ក្នុង​មួយ​រោង​ទិស​២​សែន​រៀល ។ សម្ដេច​ក៏​បាន​ឧបត្ថម្ភ​ថវិកា និង​សម្ភារៈ ជូន​អង្គពិធី​ដែល​បាន​ចូលរួម និង​អង្គភាព​ចំណុះ​រដ្ឋបាល​ស្រុក​កញ្ច្រៀច​មួយចំនួន​ទៀត​ដែរ​។​

​នា​ឱកាស​នេះ​ដែរ សម្ដេច​ក្រឡាហោម ស ខេង ក៏​បាន​ពិតទូល​ព្រះចៅអធិការ និង​ស្នើ​ទៅកាន់​អាចារ្យ​គណៈកម្មការ​វត្ត ពុទ្ធបរិស័ទ និង​អាជ្ញាធរ បន្ត​រួម​គ្នា​ថែរក្សា និង​កែលម្អ​ទី​អារាម​មួយ​នេះ ។ សម្ដេច​ចង់​ឃើញ​មានការ​ដាំ​ដើមឈើ​ឲ្យបាន​ច្រើន​នៅក្នុង​វត្ត ហើយ​ដើម្បី​ជា​និមិត្តរូប សម្ដេច​បាន​អញ្ជើញ​ដាំ​កូន​ឈើ​នៅក្នុង​បរិវេណ​វត្ត​ឧត្តមព្រឹក្សា មុន​នឹង​អញ្ជើញ​ប្រារព្ធ​ពិធី​កាត់​សីមា​ក្នុង​ព្រះវិហារ ៕ ​ដោយ​ ៖ ​កូឡាប​

  

spot_img
×