អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារម្សិលមិញនេះបានអនុម័តនូវសេចក្តីសម្រេចមួយ ក្នុងរយៈពេល ១៣ឆ្នាំជាប់គ្នា ដោយធ្វើការថ្កោលទោសការរំលោភសិទ្ធិមនុស្សរបស់កូរ៉េខាងជើង។
ក្នុងសេចក្តីសម្រេច អង្គការសហប្រជាជាតិបានជំរុញឲ្យរបបព្យុងយ៉ាងបញ្ឍប់ការរំលោភបំពាន សិទ្ធិមនុស្ស ដោយរួមមាន ការធ្វើទារុណកម្ម ការចាប់រំលោភ ការប្រហារជីវិតជាសាធារណៈ និងការបង្ខំឲ្យធ្វើការងារ។
ទោះយ៉ាងណា កូរ៉េខាងជើងបានឆ្លើយតបទៅនឹងការចោទប្រកាន់នោះវិញ ដោយបានហៅវាថាគឺជាយុទ្ធនាការដឹកនាំដោយអាមេរិច ដើម្បីផ្តួលរំលំរបបព្យុងយ៉ាង។
ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ ឈ្មោះ Ja Song-nam បានសំដែងការបដិសេធទៅនឹងសេចក្តីសម្រេចនោះ ហើយឯកអគ្គរដ្ឋទូតចិន និងរុស្សីក៏បានចូលរួមប្រឆាំងនឹងសេចក្តីសម្រេចជាមួយកូរ៉េខាងជើងផងដែរ។ ទោះយ៉ាងណា មហាសន្និបាតអង្គការសហប្រជាជាតិនៅតែអនុម័តលើឯកសារនោះដដែលដោយមតិរួម គ្មានការបោះឆ្នោត។
ក្នុងរយៈពេល ៤ឆ្នាំជាប់គ្នា សេចក្តីសម្រេចបានជំរុញឲ្យក្រុមប្រឹក្សាអង្គការសហប្រជាជាតិនាំមេដឹកនាំកូរ៉េខាងជើងទៅកាត់ទោសនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ៕ សុភ័ក្ត្រ