Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្វះ​ភ្លើង ​13​ ភាគរយ អគ្គិសនី​កម្ពុជា​កាត់បន្ថយ​ការផ្គត់ផ្គង់​ខ្លះ នៅ​ពេល​ថ្ងៃ​តាម​កន្លែង​ឆ្លាស់គ្នា ដើម្បី​រក្សា​ការផ្គត់ផ្គង់​នៅពេល​យប់​

spot_img

​ភ្នំពេញ ​៖ អគ្គិសនី​កម្ពុជា បានប្រកាសថា ដោយ​យើង​នៅមានកម្រិត​ថាមពល​ប៉ុន្មាន 13​ភាគរយ ដែល​តម្រូវ​ឲ្យ​អគ្គិសនី​កម្ពុ​ជា ធ្វើ​ការកាត់បន្ថយ​ការផ្គត់ផ្គង់​ខ្លះ រហូតដល់​វស្សា​មកដល់ ការកាត់បន្ថយ​ការផ្គត់ផ្គង់​នេះ ធ្វើ​នៅ​ពេល​ថ្ងៃ​តាម​កន្លែង​ឆ្លាស់​គ្នា ដើម្បី​រក្សា​ការផ្គត់ផ្គង់​នៅពេល​យប់​។​

​អគ្គិសនី​កម្ពុជា បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃ​ទី 18 ខែ​មីនា ឆ្នាំ 2019 នេះ បានបញ្ជាក់​ថា ក្នុង​គោលដៅ​នៃ​ការអភិវឌ្ឍ​វិស័យ​អគ្គិសនី​ដល់​ឆ្នាំ 2030 រាជរដ្ឋាភិបាល​កម្ពុជា បានរៀបចំ​ផែនការអភិវឌ្ឍន៍ ប្រភព​អគ្គិសនី រួមមាន វា​រី​អគ្គិសនី រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម និង​ប្រភព​ផ្សេងៗ​ទៀត ដូចជា ថាមពល​ពន្លឺព្រះអាទិត្យ ផ្គុំ​ជាមួយនឹង​ការនាំ​ចូល​ប្រភព​អគ្គិសនី ពី​ប្រទេស​ជិតខាង ដោយ​បាន​ដាក់ឲ្យ​ដំណើរការ គម្រោង​ជា​បន្តបន្ទាប់ តាម​ផែនការ​ដែល​បាន​គ្រោងទុក​។ កំណើន​ខ្ពស់​នៃ​ការវិនិយោគទុន ពី​ក្នុង​និង​ក្រៅ ប្រទេស ដោយសារ​ស្ថិរភាព​នយោបាយ ក្រោយ​ការបោះឆ្នោត​សាកល​ឆ្នាំ 2018 ការបញ្ចុះ​ថ្លៃ​អគ្គិសនី ចាប់ពី​ខែ​មករា អាកាសធាតុ​ក្តៅ​ខ្លាំង និង​ការខ្វះ​ទឹក​ខុស​ប្រក្រតី ធ្វើឲ្យ​តម្រូវការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​នៅ​ឆ្នាំ 2019 បាន​កើនឡើង​យ៉ាងគំហុក លើស​ពី​ការរំពឹង  ទុក​។ ការខ្វះខាត​ទឹក​នេះ ធ្វើឲ្យ​សមត្ថភាព​ផ្គត់ផ្គង់ ចេញ​ពី​ប្រភេទ​វា​រី​អគ្គិសនី ថយចុះ​មិន​អាច​ធានា​ការផ្គត់ផ្គង់ ថាមពល​អគ្គិសនី​ពេញលេញ ទូទាំង​ប្រទេស ដែល​ចុង​រដូវប្រាំង ដូច​សព្វដង​។​

​អគ្គិសនី​កម្ពុជា បាន​បន្ថែមថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អគ្គិសនី​កម្ពុជា​បាន​ទំនាក់ទំនង ប្រទេសជិតខាង ឲ្យជួយ​បង្កើន​ការផ្គត់ផ្គង់អ​គ្គិ​ស​នី​បន្ថែម ដល់​កម្ពុជា​។ ជា​លទ្ធផល ប្រទេស​ថៃ​បាន​ជួយ​បង្កើន​ការផ្គត់ផ្គង់​បន្ថែម 80 មេហ្គា​វ៉ាត់ ប្រទេស​ឡាវ​បន្ថែម 10 មេហ្គា​វ៉ាត់ និង​ប្រទេស​វៀតណាម​បាន​ជួយ​រក្សា​ការផ្គត់ផ្គង់​អគ្គិសនី​ឲ្យនៅ​ដដែល ទោះបីជា​ភាគខាងត្បូង​ប្រទេស​វៀតណាម កំពុង​ជួប​បញ្ហា​ខ្វះខាត​អគ្គិសនី​ដូចគ្នា​។

ទោះបីជា​យ៉ាងណា​ក៏ដោយ យើង​នៅមានកម្រិត​ថាមពល​ប៉ុន្មាន 13​ភាគរយ ដែល​តម្រូវ​ឲ្យ​អគ្គិសនី​កម្ពុ​ជា ធ្វើ​ការកាត់បន្ថយ​ការផ្គត់ផ្គង់​ខ្លះ រហូតដល់​វស្សា​មកដល់ ការកាត់បន្ថយ​ការផ្គត់ផ្គង់​នេះ ធ្វើ​នៅ​ពេល​ថ្ងៃ តាម​កន្លែង​ឆ្លាស់គ្នា ដើម្បី​រក្សា​ការផ្គត់ផ្គង់​នៅពេល​យប់ ដែល​ជា​ពេល​ប្រជាពលរដ្ឋ ត្រូវការ​ប្រើប្រាស់​ចាំបាច់ ជាមួយគ្នា​នោះ ក៏​បាន​គិតគូរ​ឱ្យ​អស់​លទ្ធភាព ផ្ដុំគ្នា​ជាមួយ​ការជួយ​ដំណើរការ​ម៉ាស៊ីនភ្លើង​ផ្ទាល់ខ្លួន ក្នុង​ការផ្គត់ផ្គង់​ពេល​ថ្ងៃ សម្រាប់​ដំណើរការ​ផ្នែក​ឧស្សាហកម្ម​ការ​កិន​ស្រូវ​អង្ករ​សម្រាប់​នាំចេញ មន្ទីរពេទ្យ រដ្ឋាករទឹក ស្ថានទូត និង​ស្ថាប័ន​រាជរដ្ឋាភិបាល​។

ក្នុង​រយៈពេល​ដែល​មាន​ការលំបាក 72 ថ្ងៃ រហូត​ដល់​ចុង​ខែ​ឧសភា ដោយឡែក​ថ្ងៃ​បុណ្យ​ជាតិ ឬ​នៅ​ថ្ងៃអាទិត្យ ដែល​ជា​ថ្ងៃ​សម្រាក​សរុប 23 ថ្ងៃ អគ្គិសនី​កម្ពុជា នឹង​រក្សា​ការផ្គត់ផ្គង់​ឲ្យមាន​ជា​ធម្មតា​។ ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​មក មុន​ចុងខែ​ឧសភា ការផ្គត់ផ្គង់ និង​មាន​ជា​ប្រក្រតី​ឡើងវិញ​។

ព័ត៌មាន​ពី​កម្មវិធី​កាត់​ចរន្ត សូម​ពិនិត្យ​មើល​ទៅ​តាម​គេហទំព័រ​បណ្ដាញ facebook ផ្លូវការ​របស់​អគ្គិសនី​កម្ពុជា​។ លើសពីនេះទៅទៀត អគ្គិសនី​កម្ពុជា ក៏​បាន​និង​កំពុង​សិក្សា​ប្រភព​បន្ថែម ជា​លក្ខណៈ​ប្រញាប់​ដទៃទៀត ដែល​អាច​មាន​ដោយ​រក្សា​គោលការណ៍ មិនឲ្យ​មាន​ការដំឡើង​ថ្លៃ​អគ្គិសនី ហើយ​នៅតែ​អាច​ចុះថ្លៃ​ភ្លើង ជូន​ប្រជាពលរដ្ឋ​នៅ​ឆ្នាំក្រោយ​ថែម​ទៀត​។ អគ្គិសនី​កម្ពុជា សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​យោគយល់​អធ្យាស្រ័យ និង​ជួយ​សន្សំសំចៃ ការប្រើប្រាស់​អគ្គិសនី ដើម្បី​បន្ថយ​ការលំបាក ដែល​យើង​កំពុង​ជួបប្រទះ ក្នុង​រយៈពេល​អន្តរកាល​នេះ​៕​ ​ដោយ​ ៖ ​កូឡាប​

spot_img
×