Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល​សូម​ក្រើនរំលឹក​ឡើងវិញ អំពី​ការបង្ការ​សុខភាព ក្នុងអំឡុងពេល​អាកាសធាតុ​ក្តៅ

spot_img

​ភ្នំពេញ ​៖ ដើម្បី​ចូលរួម​បង្ការ​សុខភាព ដែល​អាច​កើតមាន នៅក្នុង​អំឡុងពេល​អាកាសធាតុ​ក្តៅ ក្រសួងសុខាភិបាល សូម​អំពាវនាវ ដល់​សាធារណជន​ទាំងអស់ ឲ្យ​ចូលរួម អនុវត្តន៍​វិធានការ​បង្ការ ដើម្បី​សុខភាព​ល្អ មួយចំនួន​។​

​វិធានការ​បង្ការ ដើម្បី​សុខភាព​ល្អ រួមមាន​៖ ១. ពិសា​ទឹក​ឲ្យ​បាន​ច្រើន​៖ បង្កើន​ការទទួល​ទាន​ជាតិ​ទឹក​ឆ្អិន ឲ្យ​បាន​ច្រើន​និង​ញឹកញាប់ តាម​ដែល​អាចធ្វើ​ទៅបាន ដោយ​មិនត្រូវ​រង់ចាំ​រហូតដល់​ស្រេកទឹក​ទេ ។ កុំ​ពិសា​វត្ថុ​រាវ​ដែលមាន​ជាតិ​អាល់កុល ឬ​ជាតិ​ស្ករ​ច្រើនពេក ពីព្រោះ​សារធាតុ​ទាំងនេះ​បង្ក​ឲ្យ​អ្នក​កាន់តែ​បាត់បង់​ជាតិ​ទឹក​ច្រើន​។ ជៀសវាង​កុំ​ពិសា​ភេសជ្ជៈ​ត្រជាក់​ខ្លាំង ពីព្រោះ​វា​អាច​បណ្តាល​ឲ្យ​រមូល​ក្រពះ​ ។​

២. ការ​បែកញើស​ច្រើន​ហូរ​ចេញ​អំបិល និង​សារធាតុ​រ៉ែ ចេញពី​រាងកាយ​របស់​អ្នក​ដែល​ត្រូវតែ​បង្គ្រប់​វិញ​។ ប្រសិនបើ​អ្នក ហាត់ប្រាណ​ចូរ​ពិសារ​ទឹក​ភេសជ្ជៈ ឬ​ទឹក​មាន​ជាតិ​រ៉ែ ឲ្យ​បាន​ពីរ​ទៅ​បួន​កែវ​រៀងរាល់​១​ម៉ោង​ម្តង មិនត្រូវ​ពិ​សារជាតិ​អាល់កុល​ឡើយ ។​

៣. ស្លៀកពាក់​សំលៀកបំពាក់​ស្តើងៗ ឬ​មាន​ពណ៌​ស្រាល​និង​ស្លៀកពាក់​រលុង និង​លាប​ឡេ​ការពារ​កម្តៅថ្ងៃ បើ​អាវ​ធ្វើទៅបាន​។ ការ​រលាក​ស្បែក​ដោយសារ​ពន្លឺព្រះអាទិត្យ ប៉ះពាល់​ដល់​រាងកាយ​និង​ធ្វើ​ឲ្យ​រាងកាយ បាត់បង់​ជាតិ​ទឹក​។ វា​ក៏​បណ្តាល​ឲ្យ​ស្បែក​មានការ​ឈឺចាប់ និង​ខូច​ស្បែក​ផងដែរ​។ ប្រសិនបើ​អ្នក ចេញ​ក្រៅ​ចូរ​ការពារ​ខ្លួន​អ្នក​ពី​ព្រះអាទិត្យ​ដោយ​ពាក់មួក​ធំ​ទូលាយ និង វ៉ែនតា​ការពារ​។ ស្លៀកពាក់​ឲ្យ​ទារក​និង​កុមារ​ខោអាវ​ស្តើង ពណ៌​ស្រាល រលុង គ្រប​ក្បាល និង​បាំង​ថ្ងៃ​ឲ្យ​ម្លប់ ដោយ​មួក​ឬ​ឆ័​ត្រ ។ ហាម​ទុក​ទារក​កុមារ​ចោល​នៅក្នុង​ឡាន​ដែល​ចត​។​

៤. ប្រសិនបើ​អ្នក​ត្រូវ​ចេញទៅ​ខាងក្រៅ​ផ្ទះ យក​ល្អ​គួរ​ទៅ​នៅពេល​ព្រឹក​និង​ពេល​ល្ងាច​បើ​អាចធ្វើ​ទៅបាន​។ សូម​ព្យាយាម​សម្រាក​ឲ្យ​បាន​ញឹកញាប់​នៅ​កន្លែង​ម្លប់​ដូច្នេះ រាងកាយ​របស់លោក​អ្នក​នឹងមាន​ឱកាស​មានកំ​លាំង​ឡើងវិញ​។​

៥. ប្រសិនបើ​លោកអ្នក​ទើប​ហាត់ប្រាណ​ដំបូង ឬ​ហាត់ប្រាណ​នៅក្នុង​បរិយាកាស​ក្តៅ អ្នក​ត្រូវ​ចាប់ផ្តើម​សកម្មភាព​ហាត់ប្រាណ​ដោយ​យឺតៗ បន្ទាប់មក​បង្កើនល្បឿន​បន្តិច​ម្តងៗ ដើម្បី​ជៀសវាង​ការប្រឹងប្រែង​ធ្វើ​ទាំង​ក្តៅ ដែល​បណ្តាល​ឲ្យ​បេះដូង របស់លោក​អ្នក​លោត​ញាប់ និង​ដង្ហក់​ហត់ ត្រូវ​បញ្ឈប់​សកម្មភាព​ទាំងនោះ ភ្លាម​បើ​មាន​កើតឡើង រួច​ចូលទៅក្នុង​តំបន់​ត្រជាក់​ឬ​យ៉ាងហោចណាស់​ចូលទៅក្នុង​ម្លប់​ហើយ​សម្រាក ពីព្រោះ​វា​បណ្តាល​ឲ្យ​លោកអ្នក ខ្សោយ​ឬ​ដួលសន្លប់​បាន​។​

៦. ជៀសវាង​អាហារ​ក្តៅៗ និង​ជៀសវាង​ពិសា អាហារ​ច្រើនពេក ពីព្រោះ វា​បង្កើន​កម្តៅ​ដល់​រាងកាយ​របស់ លោកអ្នក​។​

៧. កាត់បន្ថយ​ការ​ប៉ះ​នឹង​កម្តៅ​ព្រះអាទិត្យ​ផ្ទះ ជាពិសេស​ក្នុងកំឡុងពេល​ថ្ងៃ​និង​នៅ​កន្លែង ដែល​ប្រឈម​និង​កំដៅ​ខ្លាំង ដូចជា​នៅ​មាត់ទន្លេ​ឬ​សមុទ្រ​ជាដើម​។​

៨. ដោយ​រួម​និង​វិធានការ​អាកាសធាតុ​ក្តៅ​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ​អនុវត្ត​វិធានការ​បន្ថែម​ដូចខាងក្រោម ដើម្បី​ជៀសផុត​ពី​ជំងឺរាក ក្អួត ក្តៅខ្លួន ៖ លាង​សំអាត​បន្លែ ផ្លែឈើ​ឲ្យ​បាន​ស្អាត​មុន​បរិភោគ សំអាត​សម្ភារៈ​ប្រើ​សម្រាប់​ចម្អិន​ម្ហូបអាហារ​ឲ្យ​បាន​ត្រឹមត្រូវ ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ ជាពិសេស សាច់ សត្វ​ស្លាប ស៊ុត និង​អាហារ​សមុទ្រ ទុកដាក់​ចំណីអាហារ​ឆៅ និង​ឆ្អិន​ដាច់ដោយឡែក​ពីគ្នា កុំ​រក្សាទុក​អាហារ​ក្នុង​កំដៅ​ធម្មតា​លើសពី​២​ម៉ោង មិនត្រូវ​រក្សាទុក​អាហារ​ជាច្រើន​ថ្ងៃ​ទេ ទោះជា​ស្ថិតក្នុង​កម្រិត​សីតុណ្ហភាព​សុវត្ថិភាព​ក៏ដោយ​។​

​ក​. បើ​យើង​រក្សាទុក​អាហារ​ក្នុង​ប្រព័ន្ធ​ត្រជាក់​គឺ​ត្រូវ​ឲ្យ​នៅក្រោម​សីតុណ្ហភាព​៥​អង្សា​សេ​

​ខ​. បើ​យើង​រក្សាទុក​អាហារ​ក្នុង​ប្រព័ន្ធ​កំដៅ​គឺ​ត្រូវ​ឲ្យ​លើសពី​សីតុណ្ហភាព​៦០​អង្សា​សេ ៖ កុំ​ប្រើប្រាស់​ចំណីអាហារ​ហួស​កាលកំណត់ ត្រូវ​ប្រកាន់​អនាម័យ​ជាប់​ជានិច្ច ដូចជាៈ លាងដៃ​ជាមួយ​សាប៊ូ​និង​ទឹក ក្រោយពេល​ចេញពី​បង្គន់ មុនពេល​រៀបចំ​អាហារ មុនពេល​បញ្ចុក​កូន និង​មុនពេល​ពិសា​អាហារ ។ អាហារ​ត្រូវ​គ្រប​ជានិច្ច ដើម្បី​ជៀសវាង​រុយ​រោម ។ រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ក្នុងពេល​រដូវក្តៅ រាំងស្ងួត​និង​សូម​គ្រប​ផង ដើម្បី​ជៀសវាង​មូស​ខ្លា​ពង​ដាក់ កុំ​ឲ្យ​កើត​ជំងឺគ្រុនឈាម​។​

​បើ​មាន​បញ្ហា​សុខភាព​ដែល​បណ្តាលអោយមាន​រាក ក្អួត ក្តៅខ្លួន និង​សន្លប់ សូម​ស្វែងរក​ការព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​របស់​លោកអ្នក​។​

​នាយកដ្ឋាន​សូម​លើកទឹកចិត្ត ឲ្យ​សាធារណជន​ទូទៅ អនុវត្តតាម​ដំបូន្មាន​សាមញ្ញ​ខាងលើ ដើម្បី​ការពារ​អ្នក​និង​ក្រុមគ្រួសារ និង​សូម​ជូនពរ​អ្នក​ទាំងអស់គ្នា​ជួប​នូវ​សុខ​ភាពល្អ ។​

​នាយកដ្ឋាន និង​បន្ដធ្វើ​ការជូនដំណឹង​ដល់​សាធារណជន អំពី​ការវិវត្ត​នៃ​បញ្ហា​សុខភាព​តាម​គេហទំព័រ​របស់ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង www.cdcmoh.gov.kh និង​ហ្វេ​ស​ប៊ុ​ក​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​។​

​សូម​អាន​សេចក្តីប្រកាស​ព័ត៌មាន​សុខាភិបាល ភ្ជាប់​មក​ជាមួយនេះ ​៖

spot_img
×