Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​អគ្គីភ័យ​ឆេះ​ផ្ទះ ៥១ ​គ្រួសារ នៅ​ស្ទឹងមានជ័យ ទទួល​អំណោយ ពី​កាកបាទក្រហមកម្ពុជា​

spot_img

​ភ្នំពេញ ​៖ ប្រជាពលរដ្ឋ ចំនួន​៥១​គ្រួសារ បានទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា ក្រោយពី​លំនៅដ្ឋាន​របស់​ពួកគាត់ ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ កាលពី​ល្ងាច​ថ្ងៃទី​១៧​មីនាឆ្នាំ ២០១៩ នៅ​ភូមិ​ព្រែក​ទាល់​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​ពិធី​ប្រគល់​អំណោយ ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៨​មីនាឆ្នាំ ២០១៩ ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង ប្រធាន​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ ហើយ​អំណោយ​ដែល​ទទួលបាន​រួមមាន ឆ្នាំងបាយ តង់ ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស អង្ករ ត្រីខ ធុង​ទឹកកក តែ ទឹកដោះគោ ទឹកក្រូច ទឹកបរិសុទ្ធ​និង​ថវិកា​ចំនួន ៥ ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ​។​

​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែ​យកចិត្តទុកដាក់​យ៉ាងខ្លាំង ចំពោះ​ជន​ដែល​ងាយ​រងគ្រោះ និង​ជនរងគ្រោះ ដោយ​ប្រការ​ផ្សេង មិនមាន​ការរើសអើង​ឡើយ​។ ជាក់ស្ដែង​នៅពេលនេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ បាន​នាំយក​អំណោយ មក​ចែកជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​អគ្គិភ័យ​ទាំង​៥១​គ្រួសារ នាពេលនេះ​។​

​លោក​ឃួ​ង ស្រេង បាន​បន្តទៀតថា សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែង​បាន​ណែ​នាំឱ្យ​មន្ត្រី​គ្រប់​ជាន់ថ្នាក់ យកចិត្តទុកដាក់​ចុះ​តាមដាន​មើល ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ដោយ​មិន​ទុក​ឲ្យ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់ ដោយ​ការ​អត់​អាហារ​នោះទេ​។ ក្នុងឱកាស​នោះដែរ លោក​ឃួ​ង ស្រេង ក៏បាន​ជម្រាប​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ថា បើសិនជា​ប្រជាពលរដ្ឋ​ណា​ម្នាក់ មាន​បញ្ហា​ខ្វះខាត ក្នុង​ជីវភាព​រស់នៅ បងប្អូន​អាច​ទៅ​ទំនាក់ទំនង នៅ​គណបក្ស​សង្កាត់ គណបក្ស​ខណ្ឌ​ក៏ដូចជា គណបក្ស​រាជធានី ដើម្បី​ឲ្យ​មន្ត្រី​របស់​យើង ជួយ​អន្តរាគមន៍ ។​

​ពាក់ព័ន្ធ​នឹង​ការឆាបឆេះ ដោយ​អគ្គីភ័យ​នាពេលនេះ លោក​ឃួ​ង ស្រេង បាន​ក៏បាន​សម្ដែង​នូវ​ការសោកស្ដាយ ចំពោះ​ការបាត់បង់​ផ្ទះសម្បែង ទ្រព្យសម្បត្តិ របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​៥១​គ្រួសារ ។ លោក​បញ្ជាក់​ផងដែរ​ថា កាលដែល អគ្គីភ័យ​ឆាប់ឆេះ​រហូតដល់ ៥១​គ្រួសារ​នេះ គឺ​ដោយសារតែ​ផ្លូវ​មាន​លក្ខណៈ​ចង្អៀត យើង​មិនអាច​ចូល​រថយន្ត​ពន្លត់អគ្គីភ័យ បាន​ទាន់ពេល​ទើប​បណ្ដាល ឲ្យ​មានការ​រាលដាល​ឆេះ រហូតដល់​អស់​រាប់សិប​ខ្នង​បែបនេះ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី លោក​បាន​អំពាវនាវ​ឲ្យ​ប្រជា​ប្រជាពលរដ្ឋ​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​អគ្គិភ័យ​ដោយ​មុន​ចាក់​ចេញដំណើរ​ទៅណា ត្រូវ​ពិនិត្យមើល​ភ្លើងអគ្គិសនី ក៏ដូចជា​ភ្លើងទៀន ធូប ចង្ក្រាន​ឲ្យ​បាន​រួចរាល់ ដោយសារ​ថា​គ្រោះ​អគ្គីភ័យ​នេះ វា​ធ្វើអោយ​គ្រួសារ​យើង​វិនាស​ហិនហោច ទាំង​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ ដូច​ពាក្យចាស់​លោក​ពោលថា ស៊ូ​លិច​ទូក​កណ្ដាលទន្លេ កុំ​ឲ្យ​ភ្លើង​ឆេះ​ផ្ទះ ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​។​

​គួរ​បញ្ជាក់ថា អគ្គិភ័យ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​២០​នាទី​រសៀល ថ្ងៃទី​១៧ ខែមីនា នៅ​ចំណុច​ក្បែរ​ទីលាន​ចាក់សំរាម​ស្ថិតនៅក្នុង​ក្រុមទី​៩ ភូមិ​ព្រែក​ទាល់ ១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​អាជ្ញាធរ​និយាយថា ទីតាំង​ដែល​ឆេះ​នេះ គឺជា​សំណង់​មិន​រៀបរយ ដោយ​សាងសង់​ជា​ផ្ទះ​តូចៗ មិនមាន​ផ្លូវធំ សម្រាប់​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចូលទៅ​បាញ់​ពន្លត់​បានឡើយ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី សមត្ថកិច្ច​បាន​ប្រើប្រាស់​ឡានទឹក អស់​ចំនួន​១៧​គ្រឿង ក្នុងនោះ​រួមមាន ឡានទឹក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​១៥​គ្រឿង​, ស្រា​បៀរ​កម្ពុជា​១​គ្រឿង និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​១​គ្រឿង បាន​បាញ់​ពន្លត់រ ហូត​ដល់​ម៉ោង​១៦​និង​១០​នាទី​ល្ងាច ទើប​អគ្គិភ័យ បាន​រលត់ទៅវិញ ដោយបាន​ធ្វើ​ឲ្យ​ផ្ទះ​ប្រមាណ​៤៨​ខ្នង ត្រូវបាន​ឆាប់ឆេះ​ក្លាយជា​ផេះ​។ ចំពោះ​មូលហេតុ ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ គឺ​ដោយសារ​ទុស្សេ​ខ្សែភ្លើង ប៉ុន្តែ​ពុំមាន​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ឡើយ ​៕ ដោយ​ ៖ ​កូ​ឡាប​

spot_img
×