Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក​ទំនាក់ទំនង​នយោបាយ ពី​សាកលវិទ្យាល័យ​គ្រើក​

spot_img

​ភ្នំពេញ ​៖ នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៩ ខែ​មីនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក​ទំនាក់ទំនង​នយោបាយ​ពី Krirk University នៅ​ប្រទេស​ថៃ​។ នៅក្នុង​ពិធី​ឧត្តុង្គឧត្តម​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និង​បុត្រាបុត្រី​ក្រុម​គ្រួសារ​ផង​ដែរ​។​

​សាកលវិទ្យាល័យ​គ្រើក (Krirk University)​គឺជា​សាកលវិទ្យាល័យ​ល្បី​មួយ នៅក្នុង​ប្រទេស​ថៃ​ដែល​មាន​អាយុកាល ៦៧​ ឆ្នាំ​មក​ហើយ។ លោក​សាស្ដ្រាចារ្យ ក្រា​ស៊ែ ឆា​ណា​វង្ស (Krasae Chanawongse) ប្រធាន​សាកលវិទ្យាល័យ​គ្រើក បាន​លើកឡើង​អំពី​លក្ខណៈ​សម្បត្តិ​ពិសេស​របស់ សម្តេច​តេជោ ហ៊ុន សែន ដែល​ជា​មេ​ដឹក​បរទេស​ទី​១ ដែល​បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ​ពី សាកលវិទ្យាល័យ​គ្រើក​នៅថ្ងៃនេះ​។ លោក​សាស្ដ្រាចារ្យ បានបញ្ជាក់​ច្បាស់​ថា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី គឺ​ជា​មេ​ដឹក​ដែល​ពោរពេញ​ទៅដោយ​ចំនេះដឹង បទពិសោធន៍ និង​សមត្ថភាព ដែល​បាន​ប្រើប្រាស់​ជំនាញ​ផ្នែក​ទំនាក់​នយោបាយ ធ្វើឲ្យ​កម្ពុជា​បាន​បង្រួបបង្រួម មាន​សុខសន្តិភាព និង​រីកចម្រើន​ជាមួយ​កំណើន​សេដ្ឋកិច្ច​រឹងមាំ​មក​ទល់​សព្វថ្ងៃ​។​

​លោក​សាស្ត្រាចារ្យ Krasae Chanawongse បាន​បញ្ជាក់​ឡើងវិញ​ថែមទៀត​ផង​ដែរ​ថា គឺ​នៅ​ឆ្នាំ​១៩៧០ ដែល​ពេលនោះ សម្តេច​តេជោ មាន​អាយុ​ទើបតែ​១៨​ឆ្នាំ ដែល​បាន​ស្ម័គ្រចិត្ត​ចូលធ្វើ​ទាហាន រំលត់​សង្គ្រាម និង​រំដោះ​ប្រទេស​ពី​របប​ប៉ុលពត​ប្រល័យ​ពូជសាសន៍ ដែល​ទទួលបាន​នូវ​ការគាំទ្រ​យ៉ាងច្រើន ពី​ពលទាហាន ក៏​ដូចជា​ពលរដ្ឋ​ទូទៅ រហូតដល់​ប្រទេស​កម្ពុជា ត្រូវ​បាន​រំដោះ​រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍​នៅ​ឆ្នាំ​១៩៧៩​។ ដោយសារ​ភាព​វៃឆ្លាត​នៃ​ការទំនាក់ទំនង ទាំង​ក្នុង​ជួរ​រដ្ឋាភិបាល និង​ក្នុង​ចំណោម​សាធារណៈជន គឺ សម្តេច​តេជោ ហ៊ុន សែន ដែល​ពេលនោះ​អាយុ​ទើបតែ ៣២ ឆ្នាំ (១៩៨៥) បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ដែល​មាន​វ័យក្មេង​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​។ តាមរយៈ​ការប្រើប្រាស់​នូវ​ទំនាក់ទំនង​នយោបាយ គឺ​សម្តេច​តេជោ បាន​កសាង​នូវ​ទំនុកចិត្ត​ជា​មួយ សមាជិក​គណបក្ស សមាជិក​រដ្ឋាភិបាល និង​ជាមួយ​ប្រជាពលរដ្ឋ ដែល​បាន​ធ្វើឲ្យ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះឆ្នោត ភ្លូកទឹកភ្លូកដី​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត ថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ ដែល​បាន​ធ្វើឲ្យ សម្តេច​តេជោ ហ៊ុន សែន បន្ត​កាន់តំណែង​នាយករដ្ឋមន្ត្រី​មាន​រយៈពេល​៣៤​ឆ្នាំ​ហើយ មកទល់​ឆ្នាំ ២០១៩​នេះ​។​

​ចំពោះ​ការទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ តាមរយៈ​ចំណេះដឹង បទពិសោធន៍ ជំនាញ និង​សមត្ថភាព​ដឹកនាំ​ប្រទេស​ប្រកប ដោយ​ទស្សនៈវិស័យ​ច្បាស់លាស់ គឺ សម្តេច​តេជោ ហ៊ុន សែន ធ្លាប់បាន​ទទួល​មេដាយ និង​សញ្ញាបត្រ​បណ្ឌិត​កិត្តិ​យ​ជាច្រើន​មក​ហើយ ពី​បណ្តា​ប្រទេស​មួយចំនួន​ដូចជា ប្រទេស​ចិន​, កូរ៉េ​, វៀតណាម​, រុស្សី​, អ៊ឺរ៉ុប និង​សហរដ្ឋអាមេរិក​ជាដើម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រុមប្រឹក្សា​សកល​វិទ្យាល័យ ពិសេស លោក​សាស្ដ្រាចារ្យ Krasae Chanawongse ប្រធាន​សកល​វិទ្យាល័យ​គ្រើក គណៈ​គ្រប់គ្រង សាស្ដ្រាចារ្យ និង​តំណាង​និស្សិត​នៃ​សកល​វិទ្យាល័យ​គ្រើក ដែល​មាន​វត្តមាន​នៅ​កម្ពុជា​ថ្ងៃ​នេះ ដែល​បាន សិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិ នៃ​ការតស៊ូ​រំដោះជាតិ និង​ប្រជាជន ព្រម​ទាំង​សមិទ្ធផល​ជាច្រើន​ដែល សម្តេច​តេជោ សម្រេចបាន​ដោយ​ជោគជ័យ​ជូន​ជាតិ​មាតុភូមិ ជាពិសេស​ការដាក់ចេញ​នូវ នយោបាយ ឈ្នាះ​- ឈ្នះ ដែល​បាន​បញ្ចប់​សង្គ្រាម​រាំ​រ៉ែ​ទាំងស្រុង ដែល​ធ្វើឱ្យ​កម្ពុជា​មាន​សុខសន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​មកដល់​សព្វថ្ងៃ ដែល​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់ ជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​លឿន​បំផុត​លំដាប់ ទី ៦ លើ​ពិភពលោក ដោយ​សម្រេចបាន​កំណើន​ជា​មធ្យម​ជា​ង ៧​ភាគរយ ក្នុង​មួយ​ឆ្នាំ​។​

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ដែល​សម្តេច​ទទួល​បាន​ថ្ងៃនេះ គឺជា​មោទនភាព​សម្រាប់​ប្រជា​ជន​កម្ពុជា​ទាំងមូល ដែល​បងប្អូន​បាន​ចូលរួម នៅ​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ហើយ​ដែល​តែងតែ​គាំំ​ទ្រ និង​ជឿជាក់​លើ​ការដឹកនាំ​របស់ សម្តេច និង​គណបក្ស​ប្រជាជន​កម្ពុជា​។ ទន្ទឹមនេះ កិត្តិយស​ដែល​ដែល សម្តេច​តេជោ ទទួលបាន​ថ្ងៃនេះ គឺ​បាន​ឆ្លុះបញ្ចាំង​អំពី​ចំណង​​មិត្តភាព កាន់តែ​រឹងមាំ​រវាង​ប្រជាជន និង​ប្រទេស​យើង​ទាំង​ពីរ តាមរយៈ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដែល​កំពុង​រីក​ធំ​ធាត់ ទៅ​មុខជា​លំដាប់ ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និង​ការអភិវឌ្ឍន៍​នៃ​ធនធានមនុស្ស​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូម​ចែករំលែក នូវ​មោទនភាព​ទាំងអស់នេះ ដល់​ក្រុមគ្រួសារ ឧត្តម​ភរិយា កូនៗ និង​ចៅៗ ជា​ទី​ស្រឡាញ់​ដែល​តែងតែ​ផ្តល់​ម្លាំង​ចិត្ត និង​ស្ថិតនៅ​ជាប់​ជានិច្ច​ជាមួយ សម្តេច ដើម្បី​សម្តេច​អាច​មាន​ឱកាស​បម្រើ​ជាតិ​មាតុភូមិ ថែ​រក្សាបាន​នូវ​សុខ​សន្តិភាព​ឲ្យ បាន​គង់វង្ស និង​ធ្វើ​ការអភិវឌ្ឍ​ឱ្យបាន​រីកចម្រើន​លើ​គ្រប់​រិស័យ ដើម្បី​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស មាន​ជីវភាព​សម្បូរ​សប្បាយ​រុងរឿង​៕​ ដោយ​ ៖ ​កូឡាប​

        

spot_img
×