Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបង្ក្រាប​គ្រឿងញៀន​មួយ​សំបុក​ធំ​ នៅ​ក្លឹប​កំសាន្ត រ៉ុក មាន​ប៉ូលិស​មួយចំនួន​ចូលទៅ​ពាក់ព័ន្ធ​នៅក្នុង​រឿង​នេះ​ដែរ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​

spot_img

​ភ្នំពេញ ​៖ ការបង្ក្រាប​គ្រឿងញៀន​មួយ​សំបុក​ធំ​នៅ​ក្លឹប​កំសាន្ត​រ៉ុក មាន​ប៉ូលិស​មួយចំនួន​ចូលទៅ​ពាក់ព័ន្ធ​នៅក្នុង​រឿង​នេះ​ដែរ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​សមត្ថកិច្ច​បាន​និង​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ហើយ ។​

​នេះ​បើ​តាម​ការបញ្ជាក់​ពី​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្នុងឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ឋផល​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត ឆ្នាំ​២០១៩​នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​១៤​កើត ខែ​ផល្គុន ឆ្នាំច សំរឹទ្ឋិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៩ ដោយ​មាន​វត្តមាន​ចូលរួម​ពី​លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​រាជធានី​ភ្នំពេញ លោក លោកស្រី ជា​អភិបាលរង​រាជធានី មន្ត្រីរដ្ឋបាល​រាជធានី ប្រធាន​តុលាការ​ដំបូង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី ស្នងការ​រាជធានី​អភិបាលខណ្ឌ​-​អភិបាលរង​ខណ្ឌ​ទាំង​១២ មេបញ្ជាការ​ខណ្ឌ អធិការ​ខណ្ឌ​ទាំង​១២ ចៅសង្កាត់ នាយ​ប៉ុស្តិ៍​ទាំង​១០៥ ព្រមទាំង​ប្រធាន​មន្ទីរ​ចំណុះ​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី សរុប​ប្រមាណ​៤៥០​នាក់​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា​ ​ជាង​១​ឆ្នាំ​នេះ​ យើង​បាន​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដោយ​រឹបអូស​បាន​ថ្នាំញៀន​សរុប​ប្រមាណ​ជា ៦០០​គីឡូក្រាម ខណៈ​ដែល​ចុងក្រោយ​នេះ​យើង​រឹបអូស​គ្រឿងញៀន​បាន​ប្រមាណ​៥០ គីឡូក្រាម ក្នុង​រាជធានី​ភ្នំពេញ​ក៏ដូចជា​នៅតាម​បណ្តា​ខេត្ត ។ ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​គឺជា​យុទ្ធសាស្ត្រ​របស់​កងកម្លាំង​ប្រដាប់អាវុធ​របស់​យើង ដែល​យើង​ត្រូវ​ប្រឹងប្រែង​កាត់បន្ថយ​ឲ្យបាន​នៅក្នុង​ឆ្នាំ​២០១៩​និង​ឆ្នាំ​២០២០ និង​នៅ​ឆ្នាំ​បន្តទៀត ដោយហេតុ​ថា មកដល់​ពេលនេះ​មិន​ត្រឹម​តែ​នៅ​រាជធានី​ភ្នំពេញ​ទេ សូម្បីតែ​នៅ​តាម​បណ្តា​ខេត្ត ការប្រើប្រាស់ ការជួញដូរ​គ្រឿងញៀន​បាន​និង​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​។​

​ជាក់ស្តែង​យើង​បាន​ឃើញស្រាប់​ហើយ​ដូចជា​នៅ​ក្លឹប​កម្សាន្ត រ៉ុក ក្លឹប​កម្សាន្ត​មួយទៀត​នៅ​ខេត្ត​សៀមរាប​គឺ​សុទ្ធតែ​ពាក់ព័ន្ធ​ទៅនឹង​គ្រឿងញៀន ហើយ​អ្នក​ដែល​ប្រើប្រាស់​ទាំងនោះ ភាគច្រើន​គឺជា​ស្រទាប់​យុវជន​ដែល​នេះ​ជា​ការបំផ្លាញ​ដល់​ធនធានមនុស្ស​របស់​យើង ប៉ះពាល់​ទៅ​ដល់​សង្គមជាតិ​យ៉ាងធ្ងន់ធ្ងរ ដោយ​ពួកគេ​អាច​ក្លាយទៅជា​ចោរលួច​ចោរប្លន់ កំពុល​ទៅ​ដល់​សន្តិសុខ​សង្គម​និង​ខាតបង់​ទ្រព្យសម្បត្តិ ក្នុង​​ការ​ស្ដារនីតិសម្បទា​យុវជន​ទាំងនេះ​មកវិញ​។​

​សម្តេច​បន្តថា ជា​យុទ្ធសាស្ត្រ​និង​ជា​ភារកិច្ច​របស់​យើង យើង​មិន​ទុក​អោយ​គ្រឿងញៀន ត្រួតត្រា​យើង​ទេ យើង​ត្រូវតែ​ជា​អ្នកត្រួតត្រា​គ្រឿងញៀន កាត់បន្ថយ​និង​លប់បំបាត់​ឲ្យបាន​លើ​បញ្ហា​គ្រឿងញៀន​នេះ ។​ដូច្នេះ​ទេ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​សមត្ថកិច្ច​របស់​យើង​ទាំងអស់​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​នេះ ហើយ​សមត្ថកិច្ច​របស់​យើង មិន​ត្រូវ​ពាក់ព័ន្ធ​នៅក្នុង​រឿង​នេះ​ជាដាច់ខាត​។ សម្ដេច​បាន​បញ្ជាក់​ផងដែរ​ថា នៅក្នុង​ចំណោម​មុខសញ្ញា​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ក្លឹប​កំសាន្ត​រ៉ុក់ គឺ​មាន​ប៉ូលិស​មួយចំនួន​ចូលទៅ​ពាក់ព័ន្ធ​នៅក្នុង​រឿង​នេះ​ដែរ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​មុខសញ្ញា​ទាំងនេះ​របស់​សមត្ថកិច្ច​យើង​កំពុង​ស្រាវជ្រាវ​តាម​ចាប់​ហើយ យើង​មិន​ត្រូវ​ស្ទាក់ស្ទើរ​លើ​បញ្ហា​នេះ​ទេ​។​

គួរ​រំលឹក​ផងដែរ​ថា កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ កន្លងមកនេះ​ ​កម្លាំង​ប៉ូលីស​​ជាច្រើន​នាក់ បាន​ឆ្មក់​ចូល​ឆែកឆេរ​ទីតាំង​ក្នុង​ក្លឹប​កម្សាន្ត​Rock ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដោយបាន​ឃាត់​មនុស្ស​រាប់រយ​នាក់ និង​ដកហូត​ថ្នាំញៀន​ជាច្រើន​ប្រភេទ ជិត​៥០​គីឡូក្រាម ហើយ​ក្រោយមក​ទៀត ពោល​គឺ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៦​ល្ងាច ថ្ងៃទី​១១ ខែ​មីនា លោក​ឧកញ៉ា គិត ធាង ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ុក​រូបនេះ ត្រូវ​ប៉ូលិស​នាំខ្លួន​ពី​គេហដ្ឋាន​លោក ដែល​មាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវ​២៨៩ ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក ទល់មុខ​ទីបញ្ជាការដ្ឋាន​ប៉េអឹម​ផ្ទៃ​ប្រទេស​បញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន​ដ៏​ពេញនិយម​កណ្ដាល​ទីក្រុង​ភ្នំពេញ ។​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី លោក​ឧកញ៉ា គិត ធាង​ត្រូវ​បាន​សម្រេច​អោយ​ដេក​នៅក្នុង​គុក​ហើយ​៕ ដោយ​:​កូឡាប​

 

spot_img
×