Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាពអឺរ៉ុប មកជួបកម្ពុជា ដើម្បីបង្កើតការជួប​ សន្ទនាត្រង់ទៅត្រង់មក

spot_img

ភ្នំពេញ៖ នាយរងផ្នែកគ្រប់គ្រងប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៃសហភាពអឺរ៉ុប បានជម្រាបសម្ដេចក្រឡាហោមថា បេសកកម្មមកកម្ពុជានាពេលនេះ មិនមែនជាការចម្លែកនោះទេ ព្រោះជាការអនុវត្តតាមកាលបរិច្ឆេទ ដូចដែលបានបញ្ជាក់ក្នុងសេចក្ដីប្រកាស របស់ហភាពអឺរ៉ុប កាលពីពេលកន្លងទៅ ដើម្បីបង្កើតការជួបសន្ទនាត្រង់ទៅត្រង់មក ជាមួយភាគីកម្ពុជា គឺមិនមែនជាការដកប្រព័ន្ធអនុគ្រោះពន្ធ ឬEBA ពីកម្ពុជានោះទេ ប៉ុន្តែគឺមកធ្វើការជាមួយគ្នា បើកកិច្ចសុន្ទនាជាមួយគ្នា ស្វែងរកចំណុចរួម នៃដំណោះស្រាយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងបម្រើដល់ផលប្រយោជន៍រួម នៃប្រទេសទាំងពីរ។

នៅព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយលោកស្រី Paola Pampaloni នាយរងផ្នែកគ្រប់គ្រងប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក។

ជាកិច្ចចាប់ផ្ដើមនៃជំនួប ដ៏មានសារសំខាន់នោះ លោកស្រីប្រធានប្រតិភូ បានជម្រាបជូនសម្ដេចក្រឡាហោម ស ខេង អំពីខ្លឹមសារនៃគោលបំណងសំខាន់ៗចំនួន២ គឺការស្វែងយល់អំពីលំហរនយោបាយនៅកម្ពុជា និងការចូលរួមកម្មភាពនយោបាយក្នុងក្របខ័ណ្ឌ សង្គមប្រជាធិបតេយ្យ។

លោកស្រី បានបន្តជម្រាបជូនសម្ដេចថា បេសកកម្មនាពេលនេះ មិនមែនជាការចម្លែកនោះទេ ព្រោះជាការអនុវត្តតាមកាលបរិច្ឆេទ ដូចដែលបានបញ្ជាក់ក្នុងសេចក្ដីប្រកាស របស់ហភាពអឺរ៉ុប កាលពីពេលកន្លងទៅ ដើម្បីបង្កើតការជួបសន្ទនាត្រង់ទៅត្រង់មក ជាមួយភាគីកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសម្ដែងការស្វាគមន៍គណៈប្រតិភូ ដែលបានអញ្ជើញមកនាពេលនេះ នឹងបានមានប្រសាសន៍ពន្យល់ ជូនប្រតិភូអំពីប្រធានបទសំខាន់ៗទាំង២ ដែលលោកស្រីប្រធានប្រតិភូ បានលើកឡើង នាឱកាសនៃជំនួបនេះ។

ពាក់ព័ន្ធនឹងការចង់ដឹងអំពីលំហរនយោបាយនៅកម្ពុជា និងការចូលរួមរបស់សង្គមស៊ីវិល នៅក្នុងដំណើរការអភិវឌ្ឍន៍ នៅកម្ពុជានោះ សម្ដេចក្រឡាហោម បានបញ្ជាក់ជូនថា រាជរដ្ឋាភិបាល តែងចាត់ទុកសង្គមស៊ីវិលជាដៃគូ ដោយបានខិតខំលើកម្ពស់ ទំនាក់ទំនង តាមរយៈការបង្កើតវេទិកាពិភាក្សា ទាំងជាមួយក្រសួងមហាផ្ទៃ និងក្រសួងការបរទេស។

សម្ដេចក៏បានមានប្រសាសន៍ដែរថា សម្រាប់ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលវិញ មុននឹងលេចចេញជារូបរាងឡើងនោះ គឺមានការរៀបចំវេទិកាពិគ្រោះយោបល់ រវាងដៃគូពាក់ព័ន្ធ និងមិត្តភក្ដិបរទេសមួយចំនួន មុននឹងសម្រេចបាននូវច្បាប់នេះ ហើយសម្ដេចបានគូសបញ្ជាក់ថា បើទោះបីជារាជរដ្ឋាភិបាល និងសង្គមស៊ីវិល ពេលខ្លះមានទស្សនៈ ឬមតិផ្ទុយគ្នាមែន ប៉ុន្តែមិនមែនរហូតធ្វើឲ្យភាគីទាំងពីរ ក្លាយជាសត្រូវនឹងគ្នានោះដែរ។

លោកស្រី ប្រធានប្រតិភូអឺរ៉ុប បានឯកភាពចំពោះចំណុចនេះ ដោយបានអះអាងថា សហភាពអឺរ៉ុប ពិតជាបានមើលឃើញ ចំពោះវឌ្ឍនភាព នៃការចូលរួមរបស់សង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាបាល នៅកម្ពុជា តាមរយៈការបង្កើតយន្តការថ្មីៗ ដូចជាការបង្កើតវេទិកាពិភាក្សា និងការបង្កើតក្រុមការងារ ទទួលសំណូមពរ និងដោះស្រាយក្ដីកង្វល់ ជូនក្រុមអង្គការសង្គមស៊ីវិល ជាដើមនោះ។

ចំពោះប្រធានបទ ស្ដីពី ការចូលរួមសកម្មភាពនយោបាយ នៅក្នុងសង្គមប្រជាធិបតេយ្យ លោកស្រី ប្រធានប្រតិភូ បានជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ថា សម្រាប់សហភាពអឺរ៉ុប គឺមិនគាំទ្របុគ្គលណាមួយ ឬគណបក្សនយោបាយណាមួយនោះទេ ប៉ុន្តែអ្វីដែលសហភាពអឺរ៉ុប ចង់បាននោះ គឺសហភាពអឺរ៉ុប គាំទ្រគោលការណ៍រួម ដើម្បីឲ្យមានគ្រប់សមាសភាព ក្នុងសង្គម បានចូលរួមក្នុងការងារអភិវឌ្ឍន៍ ប្រទេសកម្ពុជា។

ជាការឆ្លើយតបចំពោះប្រធានបទនេះ សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនថា បើទោះបីដំណើរការ ប្រជាធិបេតយ្យ នៅកម្ពុជា ពុំទាន់មានភាពល្អ ឥតខ្ចោះយ៉ាងណាក៏ដោយ ប៉ុន្តែគោលការណ៍គ្រឹះ នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បានចាក់ឫសរួចទៅហើយ ហើយកម្ពុជា មិនអាចបោះបង់ផ្លូវ ប្រជាធិបតេយ្យនេះបានទេ។

សម្ដេចក្រឡាហោម ក៏បានបញ្ជាក់ជូនប្រតិភូដែរថា អ្វីដែលសំខាន់ទៀតនោះ គឺគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនេះ បានចែងយ៉ាងច្បាស់ នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ហើយសម្ដេច បានបញ្ជាក់ជូនដែរថា ចំណុចសំខាន់២ក្នុងរដ្ឋធម្មនុញ្ញ ដែលគ្មាននរណា អាចប៉ះពាល់បាននោះ គឺរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនេះ តែម្ដង។

ពាក់ព័ន្ធនឹងការលើកកម្ពស់ ការចូលរូមពីគ្រប់សមាសភាព ក្នុងសង្គមវិញ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ជូនប្រតិភូថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល កំពុងធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាផ្នែកមួយ នៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ ដ្បិតរាជរដ្ឋាភិបាល បានបែងចែកអំណាច ពីថ្នាក់ជាតិ ទៅឲ្យថ្នាក់ក្រោមជាតិ ដើម្បីឲ្យថ្នាក់ក្រោម ធ្វើជាម្ចាស់អំណាច ក្នុងការអនុវត្តការងារ ដោយផ្ទាល់ ឆ្លើយតបតម្រូវការប្រជាពលរដ្ឋ។

បន្ទាប់មក លោកស្រីប្រធានប្រតិភូ បានបញ្ជាក់ជូនសម្ដេចក្រឡាហោមថា ដំណើរអញ្ជើញមកដល់កម្ពុជា របស់ប្រតិភូអឺរ៉ុនាពេលនេះ មិនមែនជាការដកប្រព័ន្ធអនុគ្រោះពន្ធ ឬEBA ពីកម្ពុជានោះទេ ប៉ុន្តែគឺមកធ្វើការជាមួយគ្នា បើកកិច្ចសុន្ទនាជាមួយគ្នា ស្វែងរកចំណុចរួម នៃដំណោះស្រាយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងបម្រើដល់ផលប្រយោជន៍រួម នៃប្រទេសទាំងពីរ។

លោកស្រីប្រធានប្រតិភូ បានជម្រាបសម្ដេចឧបនាយករដ្ឋមន្រ្តីដែរថា សហភាពអឺរ៉ុប ចង់បង្កើនភាពជាដៃគូ ឲ្យកាន់តែខ្លាំងក្លាថែមទៀតជាមួយកម្ពុជា ហើយបន្តនូវអ្វី ដែលសហភាពអឺរ៉ុប បានជួយកម្ពុជា។

ជាការឆ្លើយតបចំពោះការលើកឡើងនេះ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល កំពុងខិតខំអនុវត្តន៍តាមសេចក្ដីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងអង្គការក្រៅរដ្ឋាភិបាល គណបក្សនយោបាយ សិទ្ធិការងារ និងសិទ្ធិដីធ្លីជាដើម ហើយសេចក្ដីថ្លែងការណ៍នោះ គឺជាគោលការណ៍រួម ដែលរាជរដ្ឋាភិបាល បានដាក់ចេញ និងបន្តធ្វើជាដំណាក់កាលៗ។

សម្ដេច ក៏បានបញ្ជាក់ទៅកាន់ប្រតិភូដែរថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវការមិត្តមកពីគ្រប់ទិសទី មិនថាសហភាពអឺរ៉ុប ចិន អាមេរិក ក្នុងតំបន់អាស៊ាន ឬក្រៅតំបន់អាស៊ាននោះទេ គឺសុទ្ធតែជាមិត្តទាំងអស់ ហើយសម្ដេចបានសម្ដែងក្ដីសង្ឃឹម និងជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ច របស់គណៈប្រតិភូ នៅកម្ពុជា នាពេលនេះ នឹងអាចស្វែងរកដំណោះស្រាយរួម និងសម្រេចបាន នូវគោលបំណងរួមមួយ ដើម្បីប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋរបស់សហភាពអឺរ៉ុប៕ដោយ៖កូឡាប

spot_img
×