Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនផ្តល់ជិត៣០ម៉ឺនដុល្លារ សម្រាប់គម្រោង តម្លើងឧបករណ៍វេជ្ជសាស្ត្រ និងសាងសង់បរិក្ខាសុខាភិបាល

spot_img

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុន ប្រចាំកម្ពុជាក្រោមជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងរបស់អង្គការក្រៅ រាជរដ្ឋាភិបាលជប៉ុន «គូសាណូណិ» បានផ្តល់ជំនួយឥតសំណងសរុបថវិកាចំនួន ២៦២,៧៥០ដុល្លារដល់មន្ទីរពេទ្យ១ និងមណ្ឌលសុខាភិបាលចំនួន២។

ពិធីចុះហត្ថលេខា សម្រាប់ការផ្តល់ជំនួយឥតសំណងនេះ បានធ្វើឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ នៅស្ថានទូតជប៉ុន ក្នុងនោះភាគីជប៉ុន តំណាងដោយលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងប្រធានប្រធានមន្ទីរពេទ្យកុមារអង្គរ ប្រធានសុខាភិបាល ខេត្តឧត្តរមានជ័យ និងប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគីរី។

លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានថ្លែងថា គម្រោងដែលបានផ្តល់ដល់អង្គភាពទាំង៣នេះ រួមមាន៖
ទី១៖ គម្រោងតម្លើងឧបករណ៍វេជ្ជសាស្ត្រនៅផ្នែកថែទាំជំងឺធ្ងន់ធ្ងរ និងសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នូវថវិកាចំនួន៨៩,១១២ដុល្លារ អង្គភាពទទួលជំនួយមន្ទីរពេទ្យកុមារអង្គរ។ គម្រោងនេះ ម៉ាស៊ីនជំនួយការដកដង្ហើមចំនួន២គ្រឿង ឧបករណ៍វាស់ចង្វាក់បេះដូងចំនួន១ និងម៉ាស៊ីនវាស់ឧស្ម័នក្នុងឈាមចំនួន១ នឹងត្រូវបានតម្លើងនៅផ្នែកថែទាំជំងឺធ្ងន់ធ្ងរ និងសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ គម្រោងនេះត្រូវបានរំពឹងថានឹងផ្តល់អត្ថប្រយោជន៍យ៉ាងហោចណាស់ដល់កុមារ៩០០នាក់ ដែលទទួលការព្យាបាលក្នុងមន្ទីរពេទ្យ ហើយសមត្ថភាពនៃការព្យាបាលរបស់មន្ទីរពេទ្យនឹងមាននិរន្តរភាព និងប្រសើរឡើងតាមរយៈការតម្លើងឧបករណ៍វេជ្ជសាស្ត្រទាំងនោះ។
ទី២៖ គម្រោងសាងសង់អគារមណ្ឌលសុខភាពត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នូវថវិកាចំនួន៨៩,២៧៨ដុល្លារ អង្គភាពទទួលជំនួយ មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ។ គម្រោងនេះ នឹងសាងសង់អគារមណ្ឌលសុខភាពដែលមានបន្ទប់ផ្តល់សេវាសុខាភីបាលចំនួន១០ នឹងត្រូវបានសាងសង់ក្នុងមណ្ឌលសុខភាពត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ បច្ចុប្បន្នមណ្ឌលសុខភាពនេះ មានអគារដែលធ្វើពីឈើដែលមានដំបូលធ្លុះធ្លាយ ដូច្នេះ មណ្ឌលសុខភាពនឹងអាចផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពដល់អ្នកជំងឺ ដោយរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ១៩,៩០០នាក់ នៅក្នុងតំបន់។
ទី៣៖ គម្រោងសាងសង់អគារសម្រាលកូន និងអគារជំងឺទូទៅនៅមណ្ឌលសុខភាពមេម៉ង់ ខេត្តមណ្ឌលគិរី នូវថវិកាចំនួន៨៩,១២៥ដុល្លារ អង្គភាពទទួលជំនួយ មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី។ តាមរយៈគម្រោងនេះ អគារសម្រាលកូន និងអគារជំងឺទូទៅនឹងត្រូវបានសាងសង់ក្នុងមណ្ឌលសុខភាពមេម៉ង់ ខេត្តមណ្ឌលគិរី។ ការកែលម្អបរិក្ខាសុខាភិបាលនឹងរួមចំណែកក្នុងការផ្តល់ការថែទាំសុខភាពមាតា ក្នុងតំបន់ប្រមាណ៦,៣០០នាក់។ លើសពីនេះទៀត គម្រោងនេះត្រូវបានរមពឹងថានឹងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសសុខាភិបាល សម្រាប់អ្នកជំងឺដែលសម្រាកក្នុងមណ្ឌលសុខភាព។
លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានថ្លែងថា គម្រោងទី១៖ សម្រាប់មន្ទីរពេទ្យកុមារអង្គរ នេះនឹងផ្តល់អត្ថប្រយោជន៍ ដល់អ្នកជំងឺកុមារ ប្រមាណ៩០០នាក់ ហើយការតម្លើងឧបករណ៍វេជ្ជសាស្ត្រនេះ នឹងចូលរួមចំណែកក្នុងការកែលម្អសមត្ថភាព របស់ផ្នែកថែទាំងជំងឺធ្ងន់ធ្ងរ និងសង្គ្រោះបន្ទាន់ក្នុងការព្យាបាលអ្នកជំងឺ, គម្រោងទី២៖ គឺជាគម្រោងសម្រាប់សាងសង់អគារមួយ ក្នុងមណ្ឌលសុខភាពត្រពាំងប្រាសាទ។ ជាមួយគ្នានឹងគម្រោងនេះនឹងរំពឹងថាប្រជាជនក្នុងតំបន់ប្រមាណ១៩,៩០០នាក់ នឹងអាចទទួលបានសេវាវេជ្ជសាស្ត្រ ដែលល្អប្រសើរជាងមុនហើយ បរិក្ខាសុខាភិបាលក៏ត្រូវបានកែលម្អផងដែរ និងគម្រោងទី៣៖ សម្រាប់សាងសង់អគារសម្រាលកូន និងអគារជំងឺទូទៅនៅមណ្ឌលសុខភាពមេម៉ង់ ហើយគម្រោងនេះត្រូវបានរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជនក្នុងតំបន់ប្រមាណ៦៣០០នាក់ ជាមួយគ្នានេះដែរអគារថ្មីនេះ នឹងចូលរួមចំណែកក្នុងការផ្តល់ការថែទាំសុខភាពមាតា និងបរិយាកាសសុខាភិបាលដែលល្អប្រសើរជាងមុន។
សូមបញ្ជាក់ថា ជំនួយឥតសំណង គូសាណូណិ របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា នៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមមូលដ្ឋាន។ គម្រោងផ្តល់ជំនួយនេះ មានទិសដៅការពារជនងាយរង់គ្រោះ ពីកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និងភាពអកុសល ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូររបស់ពួកគេក៏ដូចជាជំរុញនូវភាពម្ចាស់ការលើខ្លួនឯងប្រជាសហគមន៍។
ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៦០លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន៦១៥ គម្រោងនៅទូទាំងប្រទេសកម្ពុជា៕ដោយ:កូឡាប

spot_img
×