Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍ ព្រះអាទិត្យ​រះចំ​កំពូល​ប្រាសាទអង្គរវត្ត មិន​ធ្វើឱ្យ​អ្នកទស្សនា​ខកបំណង​!

spot_img

​សៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃ​ទី​២១ ​ខែ​មីនា​នេះ បានប្រកាសថា ព្រឹត្តិការណ៍​សម​រាត្រី (Equinox) រដូវប្រាំង (Vernal Equinox) បានបង្ហាញ​វត្តមាន​ដ៏​ត្រចះត្រចង់ នៃ​ដួងព្រះអាទិត្យ​រះ​ចំ​កណ្តាល​ប្រាង្គ​ប្រាសាទ​អង្គរវត្ត បង្កើតបាន​នូវ​ទស្សនីយភាព​ពណ៌​មាស ដ៏​ស្រស់ត្រកាល ទាក់ទាញ​ចិត្ត​អ្នកទស្សនា​ជាតិ​-​អន្តរជាតិ​ជាច្រើន​ពាន់​នាក់ នា​ព្រឹក​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​៦​និង​៣០​នាទី​។​

​ថ្វី​ត្បិត​តែ​ព្រះអាទិត្យ​មិន​រះ​ចំ​កណ្តាល​ប្រាង្គ​ប្រាសាទអង្គរវត្ត​ពេញលក្ខណៈ តែ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ បានធ្វើឱ្យ​អ្នកទស្សនា​ដោយផ្ទាល់ ស្ញើចសរសើរ​មិនដាច់​ពី​មាត់ នូវ​ភាពស្រស់ស្អាត នៃ​ធម្មជាតិ​ជះ​ពន្លឺ​មាស មកលើ​កំពូល​ប្រាសាទអង្គរវត្ត​។​

​សូម​បញ្ជាក់​ដែរ​ថា ជា​រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍​សម​រាត្រី (Equinox) តែងតែ​កើតមាន​២​ដង គឺ​នៅ​រដូវប្រាំង (Vernal Equinox) កើត​ទ្បើង​នៅ​ខែ​មីនា និង​សម​រាត្រី​រដូវវស្សា (Autumnal Equinox) កើត​ទ្បើង​នៅ​ខែ​កញ្ញា​។ ព្រឹត្តិការណ៍​ព្រះអាទិត្យ​នេះ ជា​អច្ឆរិយការណ៍ របស់​អង្គរវត្ត មិនមែន​ជា​របកគំហើញ​ថ្មី​នោះទេ តែ​ជា​បទ​សិក្សា ដែល​អ្នកស្រាវជ្រាវ ធ្លាប់បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់ ខ្លះៗ​មកហើយ​។ បទ​សិក្សា​នោះ គឺ​ស្វែងយល់​អំពី​ទំនាក់ទំនង រវាង​សំណង់​ស្ថាបត្យកម្ម​បុរាណ និង​តារាសាស្ត្រ ដើម្បី​បញ្ជាក់​ថា វា​មិនមែន​ជា​ហេតុ​ចៃដន្យ ឬ​ជា​អព្ភូតហេតុ​អ្វី​នោះ​ទេ តែ​នេះ​ជាការ​ដឹង​ជា​មុន ផ្នែក​តារាសាស្ត្រ នៃ​អ្នកប្រាជ្ញ​បុរាណ ដែល​ដឹកនាំ​កសាង​ប្រាសាទអង្គរវត្ត​។​

​អង្គរវត្ត​ត្រូវបាន​ស្ថាបនា​ទ្បើង ដោយ​មាន​ការសិក្សា​គន់​គូរ យ៉ាង​ល្អិតល្អន់ របស់​អ្នកប្រាជ្ញ​បណ្ឌិត​សម័យអង្គរ រួមផ្សំ​គ្នា​រវាង​ទ្រឹស្តី​គណិត​សាស្ត្រ វិស្វកម្ម និង​តារាសាស្ត្រ​។ នេះ​ក៏​ជា​ហេតុផល​វិទ្យាសាស្ត្រ​មួយ ដែល​បំពេញ​ចម្លើយ ចំពោះ​សំណួរ ដែល​សួរ​មិនចេះចប់​ថា ហេតុដូចម្តេច បានជា​អង្គរវត្ត​បែរមុខ ទៅ​ទិស​ខាងលិច​?៕ ​ដោយ​ ៖​ កូឡាប​

 

spot_img
×