Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ជួប​តំណាង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​-​ថ្នល់​ចិន CRBC មុន​បើកសម្ពោធ​ដំណើរការ​សាងសង់ ផ្លូវ​ល្បឿន​លឿន ពី​ទីក្រុង​ភ្នំពេញ ទៅ​ក្រុង​ព្រះសីហនុ​

spot_img

​ភ្នំពេញ ​៖ នៅ​ថ្ងៃស្អែក​ទី​២២ មីនា នេះ ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​-​ថ្នល់​ចិន CRBC នឹង​បើក​សម្ពោធ​ដំណើរការ​សាងសង់ ផ្លូវ​ល្បឿន​លឿន ពី​ទីក្រុង​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេជោ ហ៊ុន សែន ។ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​មីនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក Weng Gang អនុប្រធាន​ក្រុមហ៊ុន សាជីវកម្ម​ស្ពាន​-​ថ្នល់ ចិន (CRBC) នៅ​វិមាន​សន្តិភាព​។​

​លោក Weng Gang បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​បាន​គាំទ្រ និង​ផ្តល់​ឱកាស​ឲ្យ​ក្រុមហ៊ុន​លោក បាន​រួមចំណែក​ក្នុង​ការកសាង​ស្ពាន​-​ថ្មល់ និង ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា ដែល​រហូត​មកដល់ពេលនេះ គឺ​បាន​សម្រេច​កសាង​ថ្នល់​ប្រវែង ប្រមាណ​១​ពាន់​គីឡូម៉ែត្រ​រួចហើយ​។​

​នៅ​ថ្ងៃស្អែក​ទី​២២ មីនា នេះ ក្រុមហ៊ុន​នឹង​បើកសម្ពោធ​ដំណើរការ​សាងសង់ ផ្លូវ​ល្បឿន​លឿន ពី​ទីក្រុង​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ ដែល​ជា​គម្រោង​ដ៏​ធំ​បំផុត​មួយ ក្នុង​ចំណោម​គម្រោង​ជាង ១៥៥ ដែល​ក្រុមហ៊ុន បាន​វិនិយោគ​នៅ​ក្រៅប្រទេស​។ គម្រោង​ផ្លូវ​ល្បឿន​លឿន (Express Way) ដែល​ជា​គម្រោង​ផ្លូវ​ល្បឿន​លឿន​ធំជាងគេ​ទី​១ នៅ​កម្ពុជា គឺ​នឹង​ត្រូវ​ចំណាយ​ទឹកប្រាក់ ២​ពាន់​លាន​ដុល្លារ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ផ្តល់​កិត្តិ​យ ចូលរួម​សម្ពោធ​បើក​ដំណើរការ សាងសង់​នៅ​ថ្ងៃស្អែក​នេះ​ផងដែរ​។​

​លោក Weng បាន​គោរព​ជម្រាបជូន​សម្ដេច​តេជោ អំពី​ជំនឿ​ទុក​ចិត្ត​យ៉ាង​ខ្លាំង ទៅ​លើ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​អត្រា​ជាង ៧​ភាគរយ ក្នុង​មួយ​ឆ្នាំ ជាមួយនឹង​ស្ថិរភាព​នយោបាយ ដែល​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ និង​មាន​ជីវភាព​រស់នៅ កាន់តែ​ធូរធារ​ល្អប្រសើរ នៅក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។ លោក Weng បញ្ជាក់​ផង​ដែរ​ថា ទំនាក់ទំនង​ជា​មិត្តភាព ដូច​ជា​បងប្អូន​រវាង​កម្ពុជា​ចិន គឺ​បាន​ផ្តល់​នូវ​ទំនុកចិត្ត និង​ភាពកក់ក្តៅ ដល់​គម្រោង​វិនិយោគ​ធំ ជាច្រើន​ទៀត​នៅ​កម្ពុជា​។ ក្នុង​ថ្ងៃ​សម្ពោធ ការដ្ឋាន​សាងសង់​ថ្ងៃស្អែក​នេះ ក្រុមហ៊ុន​លោក នឹង​ប្រគល់​សម្ភារៈ​ថែទាំ និង​ជួសជុល​ថ្នល់​មួយ ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​។ លោក​មាន​ជំនឿ​ថា ការវិនិយោគ​នៅ​កម្ពុជា គឺ​នឹង​បាន​ចូលរួមចំណែក ជំរុញ​កំណើន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ដែល​នឹង​ធ្វើឲ្យ​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ខ្មែរ កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀង​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ កោតសរសើរ និង​គាំទ្រ​នូវ​គម្រោង​វិនិយោគ ទាំងឡាយ​របស់​ក្រុម CRBC ដែល​ភាគច្រើន គឺ​បាន​សាងសង់​ស្ពាន​ថ្នល់​ធំៗ ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ពី​ទីក្រុង​ភ្នំពេញ ទៅ​ក្រុង​ព្រះសីហនុ គឺ​នឹង​កាន់តែ​ផ្តល់ ផលប្រយោជន៍​ជាច្រើន​ថែម​ទៀត ដល់​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ផង​ដែរ​ថា គម្រោង​វិនិយោគ​ធំៗ​បែបនេះ នៅ​កម្ពុជា នឹង​មិន​អាច​សម្រេច​បាន​ឡើយ ប្រសិនបើ​គ្មាន​ការគាំទ្រ និង​ជួយ​ជ្រោមជ្រែង​ពី លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង និង​លោក នាយករដ្ឋមន្ត្រី លី ឃឺ​ជាង​។ សម្តេច​តេជោ បាន​រំលឹក​អំពី​ចំណងមិត្តភាព និង​សហប្រតិបត្តិការ​ល្អ ដែល​ប្រទេស​យើង​ទាំង​ពីរ បាន​ក្លាយ​ជា​បងប្អូន និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែល​មាន​លក្ខណៈ​រឹង​មាំ ដូច​ដែកថែប​។ កម្ពុជា សូម​អរគុណ​រដ្ឋាភិបាល​ចិន និង​ប្រជាជន​ចិន ដែល​បាន​ចូល​រួមចំណែក​អភិវឌ្ឍន៍ ប្រទេស​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន​ទៅ​មុខ​៕ ​ដោយ ​៖ ​កូឡាប​

 

spot_img
×