Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ប្រកាស​ស្វាគមន៍​គម្រោង​វិនិយោគ​ក្រុមហ៊ុន​ចិន 4PX Express លើ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​

spot_img

(​ភ្នំពេញ​) ៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានប្រកាស​ស្វាគមន៍ និង​គាំទ្រ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន Shenzhen 4PX Express ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Alibaba Cainiao Logistics Group ដើម្បី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Commerce) ឆ្លងកាត់​ព្រំដែន​នៅក្នុង​ប្រទេស​កម្ពុជា និង​បង្កើត​កាលានុវត្តភាព​ធុរកិច្ច សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ពង្រីក​ការនាំចេញ​។​

​ការប្រកាស​របស់​លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ​ប្រតិភូ​ក្រុមហ៊ុន Shenzhen 4PX Express ដឹកនាំ​ដោយ​ស្ថាបនិក និង​នាយក​ប្រតិបត្តិ លោក KEVIN Yue Li និង​មាន​ការចូលរួម​ពី​លោក Nick Beresford តំណាង​អង្គការ UNDP ប្រចាំ​នៅ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ពុធ ទី​២០ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម​។​

​នៅក្នុង​ឱកាស​នោះ លោក​ប៉ាន សូរ​ស័ក្តិ បាន​ជំរុញ​ក្រុមហ៊ុន Shenzhen 4PX Express ធ្វើការ​បោះ​ទីតាំង​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​បង្កើត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​ទន់ (​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ផ្ទេរ​ចំណេះដឹង​) សម្រាប់​គាំទ្រ​ប្រតិបត្តិការ E-Commerce និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។​

​លោក​រដ្ឋមន្ត្រី បានស្នើ​ក្រុមហ៊ុន Shenzhen 4PX Express ពិចារណា​ចាប់​ដៃគូ ជាមួយ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដើម្បី​ជំរុញ​វត្តមាន​ផលិតផល​ខ្មែរ ដូច​ជា​ទំនិញ​កសិកម្ម គ្រឿង​ចម្លាក់​ពី​ដៃ វត្ថុ​អនុស្សាវរីយ៍ ផ្លែឈើ​ស្រស់ និង​ម្ហូបអាហារ នៅលើ​ទីផ្សារ​អន​ឡាញ ជាពិសេស Alibaba ដែល​ជា​គេហទំព័​របោះ​ដុំ​ទំនិញ​ធំ​បំផុត នៅក្នុង​ប្រទេស​ចិន និង​លើ​ពិភពលោក​។​

​បន្ថែម​លើ​នោះ លោក​រដ្ឋមន្ត្រី ក៏​បាន​ជម្រាបជូន​ក្រុមហ៊ុន Shenzhen 4PX Express អំពី​កិច្ច​ប្រឹងប្រែង​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការជំរុញ​វិស័យ E-Commerce តាមរយៈ​ការ​ពន្លឿន​ច្បាប់​ស្តីពី E-Commerce និង​យុទ្ធសាស្ត្រ វិស័យ​នេះ ការកសាង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​វប្បធម៌​កម្ពុជា នៅតាម​ទីក្រុង​ធំៗ​ក្នុង​ប្រទេស​ចិន និង​ការធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា (CTIS) ជំនាន់​ទី​៤ ជាដើម​។​

​ជា​ការឆ្លើយតប លោក KEVIN Yue Li និង​សហការី បាន​ថ្លែងអំណរគុណ ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ដែល​បាន​ចែករំលែក​នូវ​ព័ត៌មាន​សំខាន់ៗ ទាក់ទង​ស្ថានភាព​វិស័យ E-Commerce នៅក្នុង​ប្រទេស​កម្ពុជា​។​

​ស្ថាបនិក​ក្រុមហ៊ុន Shenzhen 4PX Express រូបនេះ បាន​ប្តេជ្ញា​ចូលរួម​អភិវឌ្ឍន៍​វិស័យ E-Commerce ជាមួយ​ក្រសួង​ពាណិជ្ជកម្ម និង​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការចាប់​ដៃគូ ជាមួយ​អង្គការ UNDP និង​ក្រុមហ៊ុន​ក្នុងស្រុក ព្រមទាំង​ការកសាង​ស្ថានីយ​មួយ ដែល​សហគ្រាស​ធុន​តូច និង​មធ្យម អាច​ទម្លាក់​ផលិតផល​របស់​ខ្លួន ដើម្បី​ក្រុមហ៊ុន​លក់ និង​ចែកចាយ​ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​៕​ ដោយ ​: ​កូឡាប​

   

spot_img
×