Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស ខេង នៅ​តំបន់​កាស៊ីណូ និង​ក្លឹប​កម្សាន្ដ អាច​នឹងមាន​បទល្មើស​គ្រឿងញៀន​កើតឡើង មិន​ថា​តិច ឬ​ច្រើន​នោះទេ សមត្ថកិច្ច យកចិត្តទុកដាក់​បង្ក្រាប

spot_img

​ភ្នំពេញ ​៖ សម្ដេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា នៅ​តំបន់​កាស៊ីណូ និង​ក្លឹប​កម្សាន្ដ​មួយចំនួន អាច​នឹងមាន​បទល្មើស​គ្រឿងញៀន​កើតឡើង មិន​ថា​តិច ឬ​ច្រើន​នោះទេ ដូច្នេះ​សមត្ថកិច្ច​ដែលមាន​ការពាក់ព័ន្ធ​ត្រូវតែ​យកចិត្តទុកដាក់ បង្កើន​ការបង្ក្រាប​គ្រឿងញៀន នៅ​តំបន់​ទាំងអស់នោះ​។​

​សម្ដេច​ក្រឡាហោម បាន​គូសបញ្ជាក់ថា គ្រឿងញៀន គឺជា​បញ្ហា​ស្មុគស្មាញ​មួយ ដែល​ពិភពលោក​កំពុង​ទទួលរង​ការគំរាមកំហែង ហើយ​ស្ថានភាព​កំណើន​នៃ​ការផលិត ការ​ចរាចរ និង​ការប្រើប្រាស់​គ្រឿងញៀន កំពុងតែ​វិវត្តន៍​ទៅតាម​ចរន្ត​នៃ​ភាព​រីកចំរើន​ផ្នែក​បច្ចេកវិទ្យា វិទ្យាសាស្ត្រ សេដ្ឋកិច្ច និង​សង្គម ដែល​និន្នាការ​នេះ គឺជា​ការ​ប្រឈម​ដ៏​លំបាក​ទាំង​ការអនុវត្ត​ច្បាប់ និង​ការដាក់ចេញ​វិធានការ​ដោះស្រាយ​សម្រាប់​ប្រទេស​ដែល​កំពុង​រងគ្រោះ​។​

​នៅ​រសៀល​ថ្ងៃ ទី​២១ ខែមីនា ឆ្នាំ​២០១៩ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩​និង​ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៣​។​

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​អាន​របាយការណ៍​សង្ខេប​ជូន​អង្គសន្និបាត ហើយ​ជាការ​កត់សំគាល់ ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ បទល្មើស​គ្រឿងញៀន​ដែល​សមត្ថកិច្ច​បង្ក្រាបបាន​មាន​សរុប​ចំនួន​៨០០២​ករណី ឃាត់ខ្លួន​អ្នក​ជាប់​ពាក់ព័ន្ធ​ចំនួន​១៦២១៦​នាក់ និង​គ្រឿងញៀន​សរុប​ចំនួន​៥៣៦​គីឡូក្រាម​។​

​បន្ទាប់មក​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា កន្លងមក មជ្ឈដ្ឋាន​ខ្លះ​បាន​រិះគន់​រាជរដ្ឋាភិបាល​កម្ពុជា​ថា បាន​បរាជ័យ​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដោ​ដោ​យស​ដោយ​សម្ដេច​បាន​ឆ្លើយតប​ថា រាជរដ្ឋាភិបាល​មិនមាន​គំនិត​ខឹងសម្បារ​ចំពោះ​ការរិះគន់​នេះ​ទេ ព្រោះ​នៅលើ​ពិភពលោក គ្មាន​ប្រទេស​ណាមួយ​ធ្វើបាន​ជោគជ័យ​នោះ​ទ ប៉ុន្តែ​សម្រាប់​កម្ពុជា សូម​មជ្ឈដ្ឋាន​រិះគន់​ទាំងនោះ មានការ​ពិចារណា​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​លទ្ធផល​ជា​បន្តបន្ទាប់​ផង​។​

​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​បាន​ណែនាំ​ស្នងការ​នគរបាល​ខេត្ត​ទាំងអស់ ត្រូវ​ក្ដាប់​ក្ដីកង្វល់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន និង​ការរំខាន​សេចក្ដីសុខ​របស់​ពួកគាត់ នៅតាម​មូលដ្ឋាន​ឲ្យ​បាន ហើយ​ត្រូវមាន​វិធានការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន ដែល​កំពុង​ហូរ​ទៅ​តំបន់​ជនបទ និង​ដាច់ខាត​មិនត្រូវ​បណ្ដោយ​ឲ្យ​គ្រឿងញៀន​មាននៅ​ក្នុង​សាលារៀន​ឡើយ​។​

​សម្ដេច​ក៏បាន​ក្រើនរំលឹក​មន្ត្រីនគរបាល​ទាំងអស់ មិនត្រូវ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​នោះទេ ហើយ​រឹតតែ​មិនត្រូវ​ពាក់ព័ន្ធ​ជាដាច់ខាត​ការប្រើ​វប្បធម៌​អន្តរាគមន៍ នៅក្នុង​បញ្ហា​គ្រឿងញៀន ដោយ​សម្ដេច​បានបញ្ជាក់​វប្បធម៌​អន្តរាគមន៍​នេះ មិនថាតែ​បញ្ហា​គ្រឿងញៀន​ទេ វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធយុត្តិធម៌​ទាំងមូល​តែម្ដង ហើយ​ថ្នាក់ដឹកនាំ​នគរបាល​ត្រូវ​តាមដាន​សកម្មភាព​មន្ត្រី​របស់ខ្លួន និង​មាន​វិធានការ​ភ្លាម​ប្រសិនបើ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​។​

ចំពោះ​សំណូមពរ​របស់​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​បានស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​ជន​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​នោះ សម្ដេច​បាន​ណែនាំ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​ធ្វើ​សេចក្ដីព្រាង​សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​នេះ​ឲ្យ​បាន​ក្នុង​ឆមាស​ទី​២​ឆ្នាំ​២០១៩​។​

​សម្រាប់​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ពិសេស​ការអនុវត្ត​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៩ និង​ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៤ សម្ដេច​ក្រឡាហោម បាន​អំពាវនាវ​សប្បុរស​ជន អង្គការ សមាគម វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ សូម​ចូលរួម និង​ផ្ដល់​ការគាំទ្រ​តាម​គ្រប់​លទ្ធភាព ជា​មធ្យោបាយ សម្ភារៈ បច្ចេកទេស និង​ថវិកា ដើម្បី​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបង្ហាញ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​លើ​ឆន្ទៈ និង​ការប្ដេជ្ញាចិត្ត របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ ថា​នឹង​ពិតជា​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ឲ្យ​បាន​ជោគជ័យ ប្រកបដោយ​លទ្ធផល​ត្រចះត្រចង់​នូវ​រាល់​ទិសដៅ​ការងារ ដែល​បានកំណត់​សម្រាប់​ឆ្នាំ​ខាង​មុខជា​បន្តបន្ទាប់​ទៀត ពិសេស​ផែនការ​សម្រាប់​ឆ្នាំ​២០១៩​នេះ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា តំបន់​ដែល​ប្រឈម​នឹង​គ្រឿងញៀន​ខ្លាំង អាច​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ក្រុង​ប៉ោយប៉ែត អូ​ស្មាច់ ឬ​កន្លែង​ដទៃទៀត ដែលមាន​កាស៊ីណូ​។​

​ស​​ម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា កន្លែង​ដទៃទៀត​កុំ​ប្រហែស​ឲ្យ​សោះ ពិសេស​កន្លែង​ដែលមាន​កាស៊ីណូ ហើយ​កន្លែង​ដែលមាន​ក្លឹប​កម្សាន្ដ ត្រូវតែ​ជា​គោលដៅ​ដែល​ត្រូវតែ​គ្រប់គ្រង ក្ដាប់​ឲ្យ​បាន​ជាប់ ទោះ​តិច ឬ​ច្រើន​មាន (​គ្រឿងញៀន​) តិច​ក៏​យើង​បង្ក្រាប ច្រើន​ក៏​យើង​បង្ក្រាប​។ កាស៊ីណូ បើ​មាន​ក្លឹប​កម្សាន្ដ​នៅ​ណុង​ទៀត កន្លែង​ណុង​ហើយ​ជា​គោលដៅ​នៃ​ការចែក​ចាយ ប្រើប្រាស់ មិនបាច់​ទៅរក​ណា​ឆ្ងាយ​នោះទេ​។​

​សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​សង្កត់ធ្ងន់ថា គោលដៅ បន្ទាប់​តំបន់​កាស៊ីណូ និង​ក្លឹប​កម្សាន្ដ​នោះ គឺ​នៅតាម​ទីជនបទ​ចំនួន ដែល​កំពុងតែ​ប្រឈម​នឹង​បញ្ហា​នេះ ហើយ​ប្រសិនបើ​រកឃើញថា​មាន​បទល្មើស​គ្រឿង​ញៀន​​មែន ត្រូវតែ​ចាត់វិធានការ​ដោះស្រាយ និង​បង្ក្រាប​ភ្លាមៗ​។ បន្ថែម​ពីនេះ គោលដៅ ដែល​ត្រូវតែ​ការពារ​ឲ្យ​បានជា​ដាច់ខាត​នោះ គឺ​គ្រឿងញៀន​ចូលក្នុង​សាលារៀន ហើយ​គណៈកម្មការ​ទប់ស្កាត់​គ្រឿងញៀន របស់​សាលា​នីមួយៗ ដែល​កំពុង​តែមាន​ស្រាប់​នាពេល​បច្ចុប្បន្ននេះ ត្រូវតែ​បន្ដសកម្មភាព​របស់ខ្លួន​។ នេះ​ជាការ​គូសបញ្ជាក់​បន្ថែម របស់​សម្ដេច​ក្រឡាហោម ស ខេង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×