Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាង​សហគមន៍​ដីធ្លី​ខេត្តព្រះវិហារ បាត់​ខ្លួន​រយៈពេល​ពីរ​ខែ​

spot_img

​ភ្នំពេញ ​: អង្គការ​លីកាដូ (licadho) ចេញផ្សាយ​អត្ថបទ​មួយ នៅ​ថ្ងៃទី ២១ ខែមីនា ឆ្នាំ​២០១៩ ដោយបាន​លើកឡើងថា ថ្ងៃនេះ គឺ​គម្រប់​រយៈ​ពីរ​ខែ​ហើយ ចាប់តាំងពី​តំណាង​សហគមន៍​ដីធ្លី​ខេត្តព្រះវិហារ​ឈ្មោះ ស៊ុម ម៉ឺន បាន​បាត់​ខ្លួន បន្ទាប់ពី​សាក្សី​ជាច្រើន​បាន​អះអាងថា គាត់​ត្រូវបាន​វាយដំ​និង​ចាប់ខ្លួន​ដោយ​មិន​ត្រឹមត្រូវ​តាមច្បាប់​ពី​សំណាក់​មន្ត្រី​យោធា​។ ការបាត់​ខ្លួន​នេះ​បាន​កើតឡើង​ស្របពេល​ដែលមាន​ការចាប់​ប្រជាពលរដ្ឋ​ជាច្រើន​កាលពី​ជាង​ពីរ​សប្តាហ៍​ក្នុង​ខែមករា ជាប់ទាក់ទង​នឹង​ទំនាស់​ដី​សម្បទាន​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន មេត្រីភាព ក​សិ​-​ឧស្សាហ៍កម្ម​។ ក្រុមហ៊ុន​នេះ​មាន​ទំនាក់ទំនង​ជាមួយនឹង ឧកញ៉ា អាន ម៉ា​ឌី​។​

​តាម​ព័ត៌មាន​ដែល​ទទួលបាន ស៊ុម ម៉ឺន មាន​អាយុ ៥៤​ឆ្នាំ និង​កូនប្រុស​គាត់​ត្រូវបាន​ចាប់ខ្លួន​ពេល​កំពុងបើក​គោយន្ត​ដឹក​សម្ភារៈ​លក់ដូរ​កាលពី​ថ្ងៃទី​២០ ខែមករា ដោយ​យោធា​មកពី​ទីបញ្ជាការ​វរៈ​សេនា​តូច​អន្តរាគមន៍​លេខ ២៦១ ស្ថិតនៅក្រោម​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៦ នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ (​យោធា​ទាំងនោះ​ជា​កងសន្តិសុខ​របស់​ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​នៅ​ឃុំ​យាង ស​ស្រុក​ជាំ ក្សាន្ត​)​។ សាក្សី​មួយចំនួន​បាន​រាយការណ៍​ថា ម៉ឺន និង​កូនប្រុស​គាត់​ត្រូវបាន​វាយដំ​ក្រោយពេល​អ្នក​ទាំងពីរ​ត្រូវបាន​ចាប់ខ្លួន​។ បន្ទាប់មក អ្នក​ទាំងពីរ​ត្រូវបាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ជាទី​កន្លែង​ដែល​អ្នក​ទាំងពីរ​ត្រូវបាន​ឃុំខ្លួន​អស់​រយៈពេល​មួយ​យប់​។​

​នា​ព្រឹក​ថ្ងៃទី​២១ ខែមករា ម៉ឺន បាន​បាត់​ខ្លួន​ពី​ការិយាល័យ​ដែនជម្រកសត្វព្រៃ ហើយ​ការបាត់​ខ្លួន​របស់គាត់​បានកើត​ឡើង​អស់​រយៈពេល​ពីរ​ខែ​មកហើយ​។ មន្ត្រី​ការិយាល័យ​ដែនជម្រកសត្វព្រៃ​បាន​អះអាងថា បុរស​ដែលមាន​អាយុ​៥៤​ឆ្នាំ​នោះបាន​លោត​ចេញពី​របង​និង​រត់គេចខ្លួន​។ ប៉ុន្តែ​ភ្លាមៗ​នោះ​មិនមាន​ដីកាចាប់ខ្លួន​ចោទប្រកាន់​ទាក់ទង​នឹង​ការ​រត់គេច​នោះទេ​។​

​ចាប់តាំងពី​ថ្ងៃទី​២១ ខែមករា អាជ្ញាធរ​មិនបាន​ផ្តល់​ភស្តុតាង​ដែល​សហគមន៍​អាច​ជឿទុកចិត្ត​បាន​ពី​ទីតាំង​របស់ ម៉ឺន នោះទេ ដោយបាន​អះអាង​ផ្សេងៗ​គ្នា​ថា គាត់​បាន​នឹង​កំពុង​លាក់ខ្លួន​នៅ​ទីតាំង​អាថ៌កំបាំង​មួយ​ក្នុង​រាជធានី​ភ្នំពេញ ឬ​កំពុង​ទទួល​ការព្យាបាល​សុខភាព​នៅ​រាជធានី​ភ្នំពេញ​។ នៅ​ថ្ងៃទី​១៨ ខែមីនា ប្រពន្ធ​របស់ ម៉ឺន បានដាក់​ញត្តិ​ទៅ​អាជ្ញាធរខេត្ត​និង​ការិយាល័យ​តំណាងរាស្ត្រ​ខេត្តព្រះវិហារ ដើម្បី​ជួយ​ស្វែងរក​ប្តី​របស់​អ្នកស្រី​។​

​ក្រោយ​មានការ​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ក្នុង​ខែមករា​នោះ មនុស្ស​ចំនួន​១៤​នាក់​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​នៅក្នុង​ពន្ធនាគារ​ខេត្តព្រះវិហារ ក្នុងនោះ​រួមមាន​កូនប្រុស​របស់ ម៉ឺន ឈ្មោះ ម៉ឺន មាន ផងដែរ​។ អ្នក​ទាំងនោះ​ត្រូវបាន​ចោទប្រកាន់​តាម​មាត្រា​៦២ និង​មាត្រា​៥៤ នៃ​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ (​ទាក់ទង​នឹង​ការកាប់​គាស់​រុករាន​ដីព្រៃ​) ហើយ​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១៥០​លាន​រៀល​។​

​ការចាប់ខ្លួន​នេះ​កើតឡើង​បន្ទាប់ពី​មានការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​សន្តិសុខ​ក្រុមហ៊ុន​និង​អាជ្ញាធរ​ទៅលើ​អ្នកភូមិ​ដែល​រស់នៅក្នុង​សហគមន៍​នេះ​ជាច្រើន​ឆ្នាំ​កន្ល​មកហើយ ដោយ​រួមមាន​ការដុត​ផ្ទះ​ប្រជាពលរដ្ឋ គេ​ចោទថា​មានការ​ចាប់ខ្លួន​តាម​អំ​ពើ​ចិត្ត និង​ការបន្ត​គំរាមកំហែង​ប្រជាពលរដ្ឋ​ដែល​ជាប់ទាក់ទង​នឹង​ទំនាស់​ដីធ្លី​នេះ​ ។​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×