Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​ប្រតិភូ​មូលនិធិ​ហ្សិ​ន​ចិន ជួយ​សម្រប​សម្រួលការ​បង្កើត​កម្មវិធី WeChat កម្ពុជា ដើម្បី​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​សុវត្ថិភាព​ព័ត៌មាន​

spot_img

រាជធានី​ភ្នំពេញ ​៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានស្នើ​គណៈប្រតិភូ​មូលនិធិ​ហ្សិ​ន​ចិន (Shenzhen) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជួយ​សម្របសម្រួល​គម្រោង​បង្កើត​កម្មវិធី​ទូរស័ព្ទដៃ WeChat ជា​ខេមរៈភាសា ជាមួយ​ក្រុមហ៊ុន​ថេ​ន​សេន (Tencent) ដែលជា​ស្ថាបនិក​កម្មវិធី WeChat ដើម្បី​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក (E-Commerce) បច្ចេកវិទ្យា និង​សុវត្ថិភាព​ព័ត៌មាន នៅក្នុង​ប្រទេស​កម្ពុជា​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ លោកស្រី តៅ យី​តៅ (Tao Yitao) អនុប្រធាន​មូលនិធិ​ហ្សិ​ន​ចិន សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​គណៈប្រតិភូ លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម ចង់បាន​កម្មវិធី​ទូរស័ព្ទដៃ WeChat ជា​ភាសា​ខ្មែរ ដោយសារ​កម្មវិធី​នេះ ផ្តល់ឱ្យ​អ្នកប្រើប្រាស់ ធ្វើការ​ទំនាក់ទំនង​គ្នា​គ្រប់​ទីកន្លែង​, ទូទាត់​ចំណាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-payment) ដោយ​ប្រើប្រាស់​បា​កូដ និង​អាច​ទប់​ស្តា​ត់​ព័ត៌មាន​ក្លែងក្លាយ (Fake News) នៅលើ​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត​ថែមទៀត​។​

​លោក​រដ្ឋមន្ត្រី បាន​ជម្រាប​គណៈប្រតិភូ​មូលនិធិ​ហ្សិ​ន​ចិន អំពី​កំណែទម្រង់​របស់​ក្រសួងពាណិជ្ជកម្ម និង​ការធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម (CTIS) ឆ្នាំ​២០១៩-២០២៣ ដែលមាន​ដាក់បញ្ចូល​សេវាកម្ម ឧស្សាហកម្ម​ធុន​ស្រាល ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និ​ច ក៏ដូចជា​សេដ្ឋកិច្ច​ឌីជីថល និង​បដិវត្ត​ឧស្សាហកម្ម ៤.០ ជា​គោលដៅ​អាទិភាព​សម្រាប់​អភិវឌ្ឍន៍​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ដល់​មូលនិធិ​ហ្សិ​ន​ចិន និង​គណៈប្រតិភូ​ទាំងអស់ សិក្សា​លម្អិត និង​ជួយ​គាំទ្រ​កម្ពុជា តាមរយៈ​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ទាញយក​ផលប្រយោជន៍​ពីគ្នា ទៅវិញទៅមក ដោយសារ Shenzhen គឺជា​តំបន់​មួយ ដែលមាន​ការអភិវឌ្ឍ ប្រកបដោយ​បច្ចេកវិទ្យា​ទំនើប និង​ឈានមុខ​គេ នៅក្នុង​ផលិតកម្ម ឧស្សាហកម្ម និង​សេវាកម្ម ជាពិសេស​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក​។​

​ជាការ​ឆ្លើយតប លោកស្រី តៅ យី​តៅ បាន​ថ្លែងអំណរគុណ លោក​រដ្ឋមន្ត្រី សម្រាប់​ការធ្វើ​បដិសណ្ឋារកិច្ច គណៈប្រតិភូ​មូលនិធិ​ហ្សិ​ន​ចិន​យ៉ាង​កក់ក្តៅ និង​បាន​សន្យា​នាំយក​សំណើ​របស់​ក្រសួងពាណិជ្ជកម្ម ទៅ​ជម្រាប​ក្រុមហ៊ុន​ថេ​ន​សេន (Tencent) ដើម្បី​សិក្សា​អំពី​លទ្ធភាព​បង្កើត​កម្មវិធី WeChat ជា​ខេមរៈភាសា សម្រាប់​អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច និង​សេដ្ឋកិច្ច​ឌីជីថល ជាមួយ​រាជរដ្ឋាភិបាល​។​

​នៅក្នុង​ឱកាស​នោះដែរ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​តំបន់​ហ្សិ​ន​ចិន និង​ព្រះរាជា​ណាចក្រ​កម្ពុជា នៅក្រោម​ក្របខណ្ឌ​មេគង្គ​-​ឡាន​ឆាន លោកស្រី តៅ យី​តៅ និង​គណៈប្រតិភូ បាន​ចុះកិច្ចសន្យា​ផ្តល់​កុំព្យូទ័រ​យួរដៃ (Laptop) ចំនួន ៥០​គ្រឿង ដែលជា​អំណោយ​របស់​សាកលវិទ្យាល័យ​ហ្សិ​ន​ចិន ជូន​លោក​រដ្ឋមន្ត្រី និង​ក្រសួងពាណិជ្ជកម្ម ដើម្បី​លើកស្ទួយ​ប្រសិទ្ធភាព​ការងារ​នៅក្នុង​ក្រសួង និង​នៅតាម​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ខេត្ត ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×