Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​ដាក់​វិធានការ​៧​ចំណុច ការពារ​សន្តិសុខ​ជូន​ភ្ញៀវទេសចរ ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប​

spot_img

​កែប ៖ ដោយយោង​តាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា គណៈកម្មការ​អន្តរក្រសួង សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​កែប បាន​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៦ ជុំ​ទី​២ ឆ្នាំ​២០១៧ រយៈពេល​៣​ថ្ងៃ ចាប់ផ្តើម ថ្ងៃទី​២២-២៣ និង​២៤ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​ខេត្ត​កែប​។ នៅ​វេលា​រសៀល ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៧ បើក​ជា​ផ្លូវការ​ពិធីបុណ្យ​សមុទ្រ ដែល​ប្រព្រឹត្ត​ទៅ នៅលើ​បណ្តោយ​ផ្លូវជាតិ​លេខ​៣៣A មុខ​សាលាខេត្ត​កែប ស្ថិតក្នុង​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប​។​

​ពាក់ព័ន្ធ​នឹង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប លោក​ឧត្តមសេនីយ៍ទោ អ៊ីង សំអុល ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧ បាន​ធ្វើ​សន្និសីទ​សា​ព័ត៌មាន​ផ្សព្វផ្សាយ​ស្តីពី​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ពាក់ព័ន្ធ​ពិធីបុណ្យ​សមុទ្រ​នេះ​។​

​ពាក់ព័ន្ធ​សន្តិសុខ សណ្តាប់ធ្នាប់ នៃ​ពិធី​បុណ្យ​សមុទ្រ​លោកស្នងការ​ខេត្ត អ៊ីង សំអុល បាន​ថ្លែងថា ដើម្បី​ឲ្យ​ពិធី​បុណ្យ​សមុទ្រ​មាន​ភាព​អធិក​អធ័ម​ឡើង រដ្ឋបាល​ខេត្ត​កែប បាន​រៀបចំ​ពិធី មានដូចជា ៖ ការសម្តែង​សិល្បៈ ការរៀបចំ​កីឡា​គ្រប់​ប្រភេទ មាន​កីឡា​លើគោក កីឡា​លើទឹក ។​ល​។ បង្ក​ការសប្បាយ​រីករាយ​ដល់​មហាជន ដែល​មក​ធ្វើ​ការកម្សាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ​នេះ​។ ពិធី​នេះ​បង្ហាញ​មោទនភាព​របស់​ជាតិខ្មែរ ក្នុង​ដំណាក់កាល​មួយ​ដែល​ប្រទេស មាន​សន្តិភាព និង​ការអភិវឌ្ឍន៍​ពេញ​បរិបូរណ៌ ក្នុងពេល​បច្ចុប្បន្ន ។​

​លោក​ឧត្តមសេនីយ៍​ស្នងការ បាន​បន្តទៀតថា គោលការណ៍​សំខាន់ៗ ចំនួន​៧​ចំណុច សម្រាប់​អនុវត្ត ក្នុង​គោលបំណង​បញ្ចៀស​នូវ​ហេតុការណ៍​កើតឡើង​ជា​យថាហេតុ សម្រាប់​សាធារណ​ជន បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​មាន​ខាងក្រោម​នេះ ៖

ទី​១៖ អាជ្ញាធរ​នឹង​បិទ​ផ្លូវ​ជាតិ​លេខ​33A ចាប់ពី​ចំណុច​មុខ​សាលាខេត្ត​កែប រហូត​ទៅ​ដល់​ឆ្នេ​រហែលទឹក ដោយ​ការបិទ​ចរាចរណ៍​នេះ នឹង​ត្រូវ​បិទ​ចាប់ពី​ថ្ងៃ​ទី​២២ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៧ ហើយ​សមត្ថកិច្ច ក៏ដូចជា​អាជ្ញាធរ​ឲ្យ​បងប្អូន​ជា​អ្នកដំណើរ​ដែល​ត្រូវ​ឆ្លងកាត់​នេះ ធ្វើដំណើរ​តាម​ផ្លូវ​វាង ដោយ​មាន​កងកម្លាំង​នគរបាល​ចរាចរ និង​កម្លាំង​កងរាជអាវុធហត្ថ​ជា​អ្នក​បង្ហាញផ្លូវ ។

​​ទី​២៖ សាធារណជន និង​ភ្ញៀវ​ដែល​មក​លេង​បុណ្យ​សមុទ្រ​នេះ សូមឲ្យ​មាន​ការប្រុងប្រយ័​ត្ន ម្ចាស់ការ​លើ​ផ្នែក​សន្តិសុខ​ផ្ទាល់ខ្លួន ទាំង​មធ្យោបាយ​ផ្ទាល់ខ្លួន ក៏ដូចជា​គ្រឿងអលង្ការ ជាដើម ជម្រើស​ដ៏​ល្អ​គួរ​ផ្ញើ​មធ្យោបាយ​ទាំងនោះ​នៅ​កន្លែង​ដាក់​បញ្ញើ​ទើប​ប្រសើរ ធ្វើ​បែប​នេះ​យើង​ជៀសវាង​ការបាត់បង់​ទ្រព្យសម្បតិ្ត​មានតម្លៃ​ផ្សេងៗ ។​

​ទី​៣៖ លោក​ស្នើសុំ​ក្នុង​ការប្រុងប្រយ័ត្ន​ចំពោះ​ក្មេង​តូចៗ ដែល​មក​តាម​ជាមួយ ដើម្បី​ជៀសវាង​ការ​វង្វេង ព្រោះ​ក្នុង​ពិធីបុណ្យ​សមុទ្រ​នេះ​មាន​មនុស្ស​ច្រើន ហើយ​បើ​មាន​ករណី​វង្វេង សូម​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ដើម្បីឲ្យ​ជួយ​ប្រកាសរក និង​ជម្រើស​ដ៏​ល្អ​គួរ​សរសេរ​លេខ​ទូរស័ព្ទ​ដាក់​តាម​ហោប៉ៅ​កូន​របស់​ខ្លួន​។​

​ទី​៤៖ សុំ​ឲ្យ​ប្រុងប្រយ័ត្ន និង​បង្ការ​អគ្គិភ័យ​មុន​ចេញពីផ្ទះ សូម​ពិនិត្យ​មើល​ភ្លើងទៀន ភ្លើង​ធូប ឬ​ចរន្តអគ្គិសនី បើ​អាច​បិទ​បារ៉ែត​កាន់តែ​ល្អ ហើយ​ត្រូវ​បិទ​បង្អួត ចាក់សោរ​ទ្វារ​ផ្ទះ​ឲ្យបាន​ត្រឹមត្រូវ ។ ចំពោះ​អាជីវករ​ក្នុង​តំបន់​ពិសេស ចំណុច​ផ្សារ​ក្តាម សូម​បង្ការ​ប្រុងប្រយ័ត្ន​ខ្ពស់​រាល់​ការប្រើ​ហ្គាស​ចំអិន​អាហារ គួរ​បង្ការ​បំពង់​សម្រាប់​ពន្លត់​អគ្គីភ័យ​របស់​ខ្លួន​ជា​ប្រចាំ ។​

​ទី​៥៖ លោក​ស្នើសុំ​កុំឲ្យ​ប្រើប្រាស់​ឧបករណ៍ និង​សម្ភារ​ដែល​គណៈកម្មការ​អន្តរក្រសួង និង​សមត្ថកិច្ច​បាន​ហាមឃាត់ និង​ច្បាប់​ហាមប្រាម ដូចជា ការប្រើ​ឯកសណ្ឋាន​ខុសច្បាប់ រួមមាន​៖ ឯកសណ្ឋាន​នគរបាល កងយោធពល​ខេមរភូមិន្ទ កង​រាជ​អាវុ​ហត្ថ ជាដើម ។ ជាមួយនេះ ក្នុង​ពិធី​នេះ​ហាម​ដាច់ខាត​មិនឲ្យ​ប្រើប្រាស់​អាវុធជាតិផ្ទុះ ដាវ កាំបិត ខ្នោះដៃ ស្នាប់​ដៃ ដែល​សុទ្ធសឹង​ជា​ឧបករណ៍​ល្មើសច្បាប់ ។ ក្រៅពី​នោះ​បើ​ពុំ​មាន​ការចាំបាច់ គឺ​មិន​អនុញ្ញាតឲ្យ​ប្រើ​ផាវ និង​កាំជ្រួច ។​

​ទី​៦៖ ស្នើ​សុំ​កុំឲ្យ​មាន​ការ​បង្ហោះ​ដ្រូ​ន Drone ដោយ​ការប្រើ​ដ្រូ​ន​នៅ​ទីនោះ មានតែ​អង្គភាព ឬ​ទូរទស្សន៍ ដែល​បាន​ស្នើសុំ​ពី​គណៈកម្មការ​អន្តរក្រសួង ។​

ទី​៧៖ សាធារណជន ពិសេស​ភ្ញៀវ​ដែល​មក​លេង​នៅ​ទីនេះ ត្រូវ​ស្វែងយល់​ពី​លេខ​ទូរស័ព្ទ​របស់​កម្លាំង​សមត្ថកិច្ច ព្រោះ​ពេល​នេះ​សមត្ថកិច្ច​យើង​ក៏​បាន​ផលិត​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ជា​ច្រើន​ខ្សែ​ផងដែរ​។​

​ឆ្លៀត​ឱកាស​នេះ លោកស្នងការ ក៏​បាន​អំពាវនាវ និង​សំណូមពរ​ដល់​សាធារណ​ជន​ទាំង​អស់ ដែល​មាន​ការពាក់ព័ន្ធ ជាមួយ​មធ្យោបាយ​ធ្វើដំណើរ និង​ដឹកជញ្ជូន លើ​ចំណុះ​ចាប់ពី​១​តោន​ឡើងទៅ ត្រូវ​រូតរះ​ធ្វើដំណើរ ឬ​ដឹក​ជញ្ជូន​ឲ្យ​ហើយ​មុន​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ដើម្បី​បញ្ជៀ​ស​ការកកស្ទះ​ចរាចរ និង​សុវត្ថិភាព សណ្តាប់ធ្នាប់ ជូន​ប្រមុខ និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ក៏ដូចជា​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់ ដែល​មក​ចូលរួម និង​អបអរសាទរ ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ដំណើរការ នូវ​អគារ​កម្ពស់​៣​ជាន់ ស្មើនឹង​៣០​បន្ទប់ នៃ​សាលា​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយា​វង្ស ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៣៣ ក្នុង​ភូមិ​ដំណាក់​ចំ​បក់ សង្កាត់​អូរ​ក្រ​សារ ក្រុង និង​ខេត្ត​កែប ដែល​ជា​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​សម្តេច​តេជោ ហ៊ុន សែន ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×