Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​កម្ពុជា ក៏​មិន​បាន​ផ្តល់​ដី​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ទេ ផ្ទុយទៅវិញ ក្រុមហ៊ុន​បាន​ផ្តល់​ថវិកា ឲ្យ​រាជរដ្ឋាភិបាល ដើម្បី​ទិញ​ដី​សម្រាប់​សាងសង់​ផ្លូវ

spot_img

​ភ្នំពេញ ​: ​សម្តេច​តេជោ ហ៊ុន សែន : រាជរដ្ឋាភិបាល​កម្ពុជា​ក៏​មិន​បាន​ផ្តល់​ដី​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ទេ ផ្ទុយទៅវិញ ក្រុមហ៊ុន​បាន​ផ្តល់​ថវិកា​ឲ្យ​រាជរដ្ឋាភិបាលដើម្បី​ទិញ​ដី​សម្រាប់​សាងសង់​ផ្លូវ ដោយ​ក្រុមហ៊ុន​សុំ​មាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ផ្លូវ​នៅក្នុង​រយៈពេល​កំណត់​ដែល​មានចែង​នៅក្នុង​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន និង​រាជរដ្ឋាភិបាល​កម្ពុជា​ប៉ុណ្ណោះ​។

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ២​រោច ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​លោក ខុង សៀន​យ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​(Expressway)​ភ្នំពេញ​-​ព្រះសីហនុ ដោយ​ត្រូវ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក ជា​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) តាមរយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd​។​

​តាម​របាយការណ៍​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានអោយដឹងថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ មាន​ប្រវែង​សរុប​ជាង ១៩០​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។ ផ្លូវ​នេះ​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រវែង ៨.៣០​គីឡូម៉ែត្រ ខេត្ត​កណ្តាល ប្រវែង ៩.១០​គីឡូម៉ែត្រ ខេត្ត​កំពង់ស្ពឺ​ប្រវែង ៨០.៨០​គីឡូម៉ែត្រ ខេត្តកោះកុង​ប្រវែង ១.៩២​គីឡូម៉ែត្រ និង​ខេត្ត​ព្រះសីហនុ​ប្រវែង ៨៩.៨៩​គីឡូម៉ែត្រ​។

​ផ្លូវ​នេះ តាម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពេល​ដាក់​អោយ​ដំណើរការ​នោះ ក្រុមហ៊ុន​ក៏​បាន​ឯកភាព​មិន​យក​ថ្លៃ​យានយន្ត​គ្រប់​ប្រភេទ​ដែល​បើកបរ​លើ​ផ្លូវ​ល្បឿន​លឿន​នេះ ក្នុង​រយៈពេល​១​ខែ​ដំបូង និង​បញ្ចុះតម្លៃ​២០% សម្រាប់​រយៈពេល​១​ឆ្នាំ​បន្ទាប់ពីនោះ​។ លើសពីនេះ​ទៀត ក្រុមហ៊ុន​បាន​យល់ព្រម​កែសម្រួល​កម្រៃ​សេវា​ឆ្លងកាត់​ក្នុង​រយៈពេល ៥​ឆ្នាំ​ម្តង នៃ​ប្រតិ​ប​តិ្ត​ការ​អាជីវកម្ម​របស់​ខ្លួន​ផងដែរ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តីរីករាយ ចំពោះ​ការអញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ នាពេលនេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​សំរាប់​ប្រទេស និង​ប្រជាជន​កម្ពុជា ដែល​យើង​ទទួល​បាន​សមិទ្ធផល​ផ្លូវ​ដ៏​ស្រស់ស្អាត​១​ខ្សែ​នេះ ដែល​ផ្លូវ​នេះ​អាច​កើតមាន​ឡើង​បាន​ដោយសារ​ប្រទេស​កម្ពុជា​យើង​មាន​សុខ សន្តិភាព​ពេញលេញ និង​កម្ពុជា​មាន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិ​ល្អ​ជាមួយ​មិត្ត​ចិន​។ កម្ពុជា​មាន​ប៉ូល​សេដ្ឋកិច្ច​សំខាន់​៣ ដែល​ប៉ូល​ទី​១​គឺ​ទីក្រុង​ភ្នំពេញ ប៉ូល​ទី​២​គឺ​ខេត្ត​ព្រះសីហនុ និង​ប៉ូល​សេដ្ឋកិច្ច​ទី​៣​គឺ​ខេត្ត​សៀមរាប ហើយ​យើង​នឹង​អាច​មាន​ប៉ូល​ទី​៤​មួយទៀត​គឺ​ខាង​ប៉ែក​ភូមិភាគ​ឥសាន គឺជា​ប៉ូល​សេដ្ឋកិច្ច​ខាង​ផ្នែក​កសិឧស្សាហកម្ម​។ សម្តេច​បាន​មានប្រសាសន៍ថា ដោយសារ​ផ្លូវ​នេះ​ត្រូវ​បញ្ចប់​ការសាងសង់​នៅក្នុង​អំឡុង​ខែ​មីនា ឆ្នាំ​២០២៣ ដូច្នេះ​នៅ​ថ្ងៃនេះ សម្តេ​តេជោ​បានប្រកាសថា កម្ពុជា​នឹង​រៀប​ធ្វើជា​ម្ចាស់ផ្ទះ SEA Games នៅក្នុង​អំឡុង​ឧសភា ២០២៣ ផងដែរ គឺ​ពេលដែល​យើង​ទទួលបាន​ផ្លូវ​ស្អាត​ហើយ​នោះ​។

​សម្តេ​តេជោ​បន្តថា ផ្លូវ​ល្បឿន​លឿន​នេះ គឺជា​បណ្តាញ​មួយ​ត​ភ្ជាប់​ផ្លូវ​ទូទាំង​ប្រទេស​របស់​ជាតិ និង​អន្តរជាតិ​រាប់ពាន់​គីឡូម៉ែត្រ ជាមួយ​របៀង​សេដ្ឋកិច្ច​ខាងត្បូង​របស់​មហា​អនុ​តំបន់​មេគង្គ អនុ​របៀង​សេដ្ឋកិច្ច​ខាងត្បូង និង​របៀង​សេដ្ឋកិច្ច​ឆ្នេរ​ខាងត្បូង​ក៏ដូចជា ត​ភ្ជាប់​ផ្លូវ​ហាយវេ​អាស៊ាន ជាពិសេស ត​ភ្ជាប់​ប៉ូល​សេដ្ឋកិច្ច​សំខាន់ៗ ទាំង​៣ ដែល​នឹង​បម្រើ​ជា​មជ្ឈមណ្ឌល​ទី​បណ្តុំ​នៃ​ប្រជាជន ជាទី​ឆ្លងកាត់​ព្រំដែន​អន្តរជាតិ ជា​កំពង់ផែ ជា​ព្រលានយន្តហោះ តំបន់​សេដ្ឋកិច្ច​ពិសេស ការដឹកជញ្ជូន​ទំនិញ អ្នកដំណើរ​បាន​លឿន​ឆាប់រហ័ស ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​។

​ទាក់ទង​នឹង​ការសាងសង់​ផ្លូវ​នេះ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី បាន​ជម្រាប​ជូន​បងប្អូន​ជនរួមជាតិ​ថា​៖ សម្រាប់​គម្រោង​វិនិយោគ​ផ្លូវ​ល្បឿន​លឿន​នេះ រាជរដ្ឋាភិបាល​កម្ពុជា មិន​បាន​ខ្ចី​លុយ​ពី​មិត្ត​ចិន​ទេ គឺជា​ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន​សុទ្ធសាធ តាម​រូបភាព​សាងសង់​-​ធ្វើ​អាជីវកម្ម​-​ផ្ទេរ​“BOT ហើយ​ក្រុមហ៊ុន មិន​បាន​ទាមទារ​នូវ​ការធានា​ឥណទាន​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ឡើយ ដោយសារ​ក្រុមហ៊ុន​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល និង​ជឿជាក់​លើ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច និង​សុវត្ថិភាព​នៅ​កម្ពុជា​។ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​មិន​បាន​ផ្តល់​ដី​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ទេ ផ្ទុយទៅវិញ ក្រុមហ៊ុន​បាន​ផ្តល់​ថវិកា​ឲ្យ​រាជរដ្ឋាភិបាលដើម្បី​ទិញ​ដី​សម្រាប់​សាងសង់​ផ្លូវ ដោយ​ក្រុមហ៊ុន​សុំ​មាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ផ្លូវ​នៅក្នុង​រយៈពេល​កំណត់​ដែល​មានចែង​នៅក្នុង​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន និង​រាជ​រដ្ឋា​​ភិបាល​កម្ពុជា​ប៉ុណ្ណោះ​។​

សម្តេច​តេ​ជោបាន​មានប្រសាន៍​បញ្ជាក់​ថា កម្ពុជា​មិន​បាន​បដិសេធ​ក្រុមហ៊ុន​វិនិយោគ​បរទេស​ណា​ដែល​មាន​បំណង​ចង់​មក​វិនិយោគ​ក្នុងប្រទេស​កម្ពុជា​ឡើយ ផ្ទុយ​ទៅ​វិញ​សម្តេច​តេជោ​នៅតែ​បន្ត​អំពាវនាវ​អោយ​វិនិយោគិន​បរទេស​ទាំងអស់​អាច​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​គ្រប់ពេលវេលា​ទាំងអស់​។ នៅ​ថ្ងៃ​នេះ​ផង​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជា​ពលរដ្ឋ​រស់នៅ​ខេត្ត​កំពង់ស្ពឺ​ក៏​ដូច​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ដែល​បាន​អញ្ជើញ​ចូលរួម​បោះឆ្នោត​កាលពី​ថ្ងៃ​ទី ២៩ កក្កដា ឆ្នាំ​២០១៨ កន្លងទៅ ដែល​បាន​ចូលរួម​អនុវត្ត​ទៅ​តាម​លទ្ធិប្រជាធិបតេយ្យ ជា​ពិសេស​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រួម​គ្នា​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​យក​ឱកាស​នេះ ផ្តាំ​សួរសុខទុក្ខ និង​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង និង​លោក​នាយករដ្ឋមន្ត្រី​ចិន លឺ ខឺ​ឈាង និង​រដ្ឋាភិបាល ប្រជាជន​ចិន​ដែល​តែងតែ​បាន​ផ្ដល់​នូវ​ការរួម​សុខ​រួមទុក្ខ ផ្តល់ជំនួយ តាម​តម្រូវការ​ចាំបាច់​របស់​កម្ពុជា និង​វិនិយោគ​យ៉ាង​ច្រើន​នៅ​កម្ពុជា​ក្នុង​រយៈពេល​កន្លងមក​។

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​សូម​ជូនពរ​ដល់​ក្រុមហ៊ុន​សាងសង់​ផ្លូវ​នេះ អោយ​ទទួលបាន​​នូវ​ភាពជោគជ័យ និង​ជូនពរ​ដល់​បងប្អូន​ប្រជា​ពល​​រដ្ឋ​ទាំងអស់​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា ជាពិសេស​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ខាងមុខ​។ បន្ទាប់មក​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក ខុង សៀន​យ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រី​ក្រសួង​ការ​​បរទេស​ចិន បាន​អញ្ជើញ​ពិនិត្យមើល​គំរូ​ផ្លូវ​ល្បឿន​លឿន និង​អញ្ជើញ​បញ្ជា​គ្រឿងចក្រ​តំណាង​អោយ​ការបើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​(Expressway)​ភ្នំពេញ​-​ព្រះសីហនុ ចាប់ពី​ពេលនេះ​តទៅ​៕ ដោយ ​:​ កូឡាប​

         

spot_img
×