Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងបរិស្ថាន និង​អង្គការ Tetra Tech ARD ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​គម្រោង USAID ព្រៃ​ឡង់​បៃតង

spot_img

​ភ្នំពេញ​ ៖ ​កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួងបរិស្ថាន និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) បាន​អនុវត្ត​គម្រោង​ដំណាក់កាល​ទី​១ ឈ្មោះថា Supporting Forest and Biodiversity (SFB) នៅក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ និង​ខ្ពង់រាប​ខាងកើត ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​កាលពី​ឆ្នាំ​២០១២-២០១៧ ក្រោម​ជំនួយ​គាំទ្រ​ពី USAID ក្នុង​ថវិកា​សរុប​ប្រមាណ​២៣​លាន​ដុល្លារ​អាមេរិក ក្នុងការ​សម្រេច​គោលដៅ​ជា​យុទ្ធសាស្ត្រ​ចំនួន​៣ គឺ ១. បង្កើន​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងការ​គ្រប់គ្រង​ព្រៃឈើ និង​អភិរក្ស​ជីវៈចម្រុះ ២. លើកកម្ពស់​ការពិភាក្សា​ដោយ​ស្ថាបនា ស្តីពី​ការគ្រប់គ្រង​ព្រៃឈើ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ថ្នាក់ជាតិ និង​ក្រោម​ជាតិ និង​៣. បង្កើន​ផលប្រយោជន៍​ប្រកបដោយ​សមធម៌ ពី​ការគ្រប់គ្រង​ព្រៃឈើ​ដោយ​និរន្ត​ភាព ។​

​ការ​ថ្លែង​បែបនេះ ត្រូវបាន​លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន តំណាង​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ធ្វើឡើង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី គម្រោង USAID ព្រៃ​ឡង់​បៃតង​រវាង​ក្រសួងបរិស្ថាន និង​អង្គការ Tetra Tech ARD នា​ព្រឹក​ថ្ងៃទី​២២ ខែ​មិនា ឆ្នាំំ​២០១៩​នេះ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន រាជធានី​ភ្នំពេញ ។ លោក​សៅ សុភាព បន្តថា គម្រោង USAID ព្រៃ​ឡង់​បៃតង​នេះ គឺជា​ដំណាក់កាល​ទី​២ ដែល​បាន និង​កំពុង​អនុវត្ត​នៅ​ខេត្ត​ចំនួន​៤ គឺ​ខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និង​ខេត្តក្រចេះ ដែលជា​ខេត្ត​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា ។ តំបន់​ទាំងនេះ​រួមមាន ដែនជម្រកសត្វព្រៃ “​ព្រៃ​ឡង់​” និង​តំបន់​ការពារ​មួយចំនួនទៀត ដូចជា តំបន់ការពារទេសភាព​ព្រះវិហារ ដែនជម្រកសត្វព្រៃ​ឆែប ដែនជម្រកសត្វព្រៃ​ព្រះ​រការ និង​ដែនជម្រកសត្វព្រៃ​បឹង​ពែ និង​តំបន់​របៀង​អភិរក្ស​ជីវៈចម្រុះ​ដែល​ទើបតែ​បង្កើត​នាពេល​ថ្មីៗ ព្រមទាំង​តំបន់​ព្រៃរងទឹកភ្លៀង​ធំៗ​ចំនួន​៣ ដែល​ត​ភ្ជាប់​ពី​តំបន់​ព្រៃ​ឡង់​ទាំងមូល​ទៅនឹង​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប ។​

​លោក​បន្ថែមថា គម្រោង USAID ព្រៃ​ឡង់​បៃតង ដែលមាន​រយៈពេល​៥​ឆ្នាំមាន​ថវិកា​សរុប​ចំនួន ២១.១២៨.៩៨៦​ដុល្លារ​អាមេរិក គឺ​ចាប់ផ្តើម​នៅ​ថ្ងៃទី​០៧ ខែសីហារ ឆ្នាំ​២០១៨ ហើយនឹង​បញ្ចប់​ទៅវិញ នៅ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២៣ ។ គម្រោង​នេះ នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការអភិរក្ស​ជីវៈចម្រុះ និង​ស្ថានភាព​ប្រព័ន្ធ​អេកូឡូស៊ី ព្រមទាំង​បង្កើតឱ្យមាន​និរន្ត​ភាព និង​សមធម៌​នៃ​កាលានុវត្តភាព​ផ្នែក​សេដ្ឋកិច្ច​ជីវភាព​សហគមន៍ និង​ទុន​ធម្មជាតិ​សម្រាប់​ការវិនិយោគ​ឡើងវិញ ហើយ​គម្រោង​នេះ​ទៀតសោត ក៏​នឹង​ជួយ​ពង្រឹង​លើ​ការគ្រប់គ្រង​ឱ្យមាន​ប្រសិទ្ធភាព និង​តម្លាភាព​នៃ​តំបន់​ទេសភាព​ព្រៃ​ឡង់​ទាំងមូល​ផងដែរ ។​

​ជាមួយគ្នានេះ លោក​រដ្ឋលេខាធិការ​សង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ចសហការ​រវាង​ក្រសួងបរិស្ថាន និង Tetra Tech ជា​ជំហាន​យ៉ាង​ត្រឹមត្រូវ​ស្របតាម​យុទ្ធសាស្ត្រ​ឈ្នះៗ ក្នុង​ការងារ​អភិរក្ស និង​ការការពារ​ធនធានធម្មជាតិ​ប្រកបដោយ​និរន្ត​ភាព ។ បន្ថែម​លើ​នេះ លោក​សៅ សុភាព បាន​លើកទឹកចិត្ត​ឱ្យ​អង្គការ Tetra Tech ក៏ដូចជា​ដៃ​គួ​អភិវឌ្ឍន៍​នានា បន្ត​អនុវត្ត​កិច្ចការ​ការងារ​ដ៏​ល្អប្រសើរ​ទាំងនេះ និង​បន្ត​ចូលរួម​យ៉ាងសកម្ម និង​រួមចំនែក​នៅក្នុង​ការអនុវត្ត ខណៈពេលដែល​កិច្ចសហការ​លើ​ការងារ​អភិរក្ស និង​ការការពារ​ធនធានធម្មជាតិ​ប្រកបដោយ​និរន្ត​ភាព ៕ ដោយ​ :​ កូ​ឡាប​

spot_img
×