Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួង​ការងារ​ពន្យារ​ពេល​ជិត​មួយឆ្នាំ ក្នុងការបើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ ដែល​មាន​មុន​ឆ្នាំ​ ២០១៩ របស់​កម្មករ​និយោជិត ក្រៅ​ពី​វិស័យ​កាត់ដេរសម្លៀក​បំពាក់ និង​ផលិត​ស្បែកជើង​

spot_img

​ភ្នំពេញ ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី ណែនាំ​ស្ដីពី​ការបើកប្រាក់​បំណាច់​អតីតភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ 2019 សម្រាប់​សហគ្រាស​គ្រឹះស្ថាន​ក្រៅ​ពី​ផ្នែក​វាយនភ័ណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែកជើង​។​

​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សូម​ជម្រាប​ជូន​ម្ចាស់ ឬ​នាយក សហគ្រាស គ្រឹះស្ថាន អង្គការ​វិជ្ជាជីវៈ និង​កម្មករ​និយោជិត​ក្រៅពី​ផ្នែក​វាយ​ន​ភ​ណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​ទាំងអស់​ជ្រាបថា យោង​តាម​កម្រិត​ហានិភ័យ​ទាប និង​ស្ថានភាព​ជាក់ស្តែង​នៃ​សហគ្រាស គ្រឹះស្ថាន​ក្រៅពី​ផ្នែក​វាយ​ន​ភ​ណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង ការបើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ ដែល​មាន​មុន​ឆ្នាំ​២០១៩ ត្រូវបាន​ពន្យារពេល​ក្នុង​ការអនុវត្ត ទៅ​ខែធ្នូ ឆ្នាំ​២០២១ ដោយ​ត្រូវ​ទូទាត់​រំលឹក​ចំនួន​៦​ថ្ងៃ ក្នុង​១​ឆ្នាំ ក្នុង​នោះ​ចំនួន ៣​ថ្ងៃ នៅក្នុង​ខែ​មិថុនា និង​៣​ថ្ងៃ នៅក្នុង​ខែ​ធ្នូ​។​

​ក្នុងអំឡុងពេល​នៃ​ការពន្យារ​ការអនុវត្ត​នេះ កម្មករនិយោជិត​ណា ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​ដោយ​មូលហេតុ​ក្រៅ​ពី​កំហុស​ធ្ងន់ ឬ​ចូល​និវត្តន៍ ឬ​ទទួល​មរណភាព និយោជក​ត្រូវ​បើក​ផ្តាច់​នូវ​ប្រាក់​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ទាំងអស់​តែម្តង ជូន​កម្មករ​និយោជិត ឬ​ទាយាទ​របស់​កម្មករ​និយោជិត​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់​ក្រសួង​ការងារ​នៅ​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៩​នេះ ។​

​ចំពោះ​កម្មករ​និយោជិត​ដែល​លាឈប់​ពី​ការងារ​ដោយ​ឯកឯង ឬ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​កំហុស​ធ្ងន់ នឹង​មិន​ត្រូវបាន​ទទួល​នូវ​ការបើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ ដែល​មាន​មុន​ឆ្នាំ​២០១៩ នោះទេ​។ ដោយឡែក និយោជក​ត្រូវអនុវត្ត​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី ក្នុង​ឆ្នាំ​ដែល​មាន​ចាប់ពី​ឆ្នាំ​២០១៩ ស្រប​តាម​ខ្លឹមសារ​ប្រកាស​លេខ​៤៤៣ ចុះ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨ ស្តីពី​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ ដោយ​១​ឆ្នាំ ត្រូវ​ទូទាត់​ជូន​កម្មករ​និយោជិត​ចំនួន ១៥​ថ្ងៃ និង​ត្រូវ​បើក​២​ដង ក្នុង​១​ឆ្នាំ​។​

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ម្ចាស់ ឬ​នាយក សហគ្រាស គ្រឹះស្ថាន អង្គការ​វិជ្ជាជីវៈ និង​កម្មករ​និយោជិត​ទាំងអស់ នឹង​អនុវត្ត​តាម​ខ្លឹមសារ​សេចក្តីណែនាំ​នេះ​បាន​ត្រឹមត្រូវ និង​ធានាបាន​ប្រសិទ្ធភាព​ខ្ពស់​៕ ដោយ ​: ​កូឡាប​

 

spot_img
×