Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បវរកញ្ញា​ឯកសា​កល​វិទ្យាល័យ​ពិភពលោក ដើរតួនាទី​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជា ទៅកាន់​ពិភពលោក​

spot_img

ភ្នំពេញ ៖ បវរកញ្ញា​ឯកសា​កល​វិទ្យាល័យ​ពិភពលោក​មកពី ៨២​ប្រទេស រួមមាន​៨៦​នាក់ ក្នុង​នោះ​កម្ពុជា​មាន​ចំនួន​៣​នាក់​ផង​ដែរ បាន​ដើរតួនាទី​សំខាន់​ជា​អ្នក​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជា បន្ត​ទៅ​កាន់​ពិភពលោក ឲ្យបាន​ស្គាល់​ច្បាស់ និង​ទាក់ទាញ​កំណើន​ទេសចរ​បន្ថែមទៀត មក​ទស្សនា​កម្ពុជា​។ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ថ្លែង​ក្នុង​កម្មវិធី​ប្រកួតប្រជែង​បវរកញ្ញា​ឯក​សាកលវិទ្យាល័យ​ពិភពលោក ឆ្នាំ​២០១៧ ក្រោម​ពាក្យស្លោក ដើម្បី​ការស្រឡាញ់​សន្ដិភាព និង​មនុស្សធម៌​នៅ​សាល​មហោស្រព​កោះ​ពេជ្រ នា​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៧ ។​

​ក្នុងឱកាស​នោះ​ដែរ លោក​រដ្ឋមន្ត្រី​បានឲ្យដឹងថា កម្ពុជា​បច្ចុប្បន្ន មាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​ពេញលេញ និង​មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ រួម​ទាំង​វិស័យ​ទេសចរណ៍​។ ទេសចរណ៍​វប្បធម៌ ពិត​ជា​អាទិភាព​ចម្បង ផ្អែក​លើ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ប្រវត្តិសាស្ត្រ នៅ​តំបន់​សៀមរាប​-​អង្គរ ប្រាសាទ​ព្រះវិហារ និង​ប្រាសាទសំបូរព្រៃគុក ខណៈ​ដែល​ទេសចរណ៍ធម្មជាតិ​របស់​កម្ពុជា ក៏​មាន​សក្តានុពល​ដ៏​ធំធេង អាច​ប្រកួតប្រជែង​ក្នុង​តំបន់​បាន​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ​។​

​លោក​បាន​បន្ថែមថា ឆ្នាំ​២០១៦ វិស័យ​ទេសចរណ៍​កម្ពុជា​សម្រេចបាន​កំណើន​ក្នុង​អត្រា ៥% ជាមួយនឹង​ការ​មក​ដល់​នៃ​ទេសចរ​អន្តរជាតិ​ចំនួន​ជាង ៥​លាន​នាក់ និង​នាំ​ប្រាក់​ចំណូល​ប្រមាណ ៣.៤០០​លាន​ដុល្លារ​អាមេរិក ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ រួមចំណែក​ប្រមាណ​១២% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​ជាង ៦២​ម៉ឺន​នាក់ និង​ដោយ​ប្រយោល​រាប់សិប​ម៉ឺន​នាក់​ទៀត​។ ហើយ​ក្នុង​រយៈពេល​១០​ខែ ដើមឆ្នាំ​២០១៧ កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​ជាង ៤,៣​លាន​នាក់ កើនឡើង ១០,៤% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦​។​

​តាម​ការព្យាករណ៍ កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ ៥,៦​លាន​នាក់ នៅ​ឆ្នាំ​២០១៧​នេះ និង​ប្រមាណ ៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ ដោយ​នាំមក​នូវ​ចំណូល​សរុប​ប្រមាណ ៥.០០០​លាន​ដុល្លារ​អាមេរិក បង្កើត​នូវ​ឱកាស​ការងារ​ដោយផ្ទាល់​បាន​ប្រមាណ ១​លាន​នាក់ ហើយ​ចំនួន​ទេសចរ​អន្តរជាតិ​នេះ អាច​កើន​ដល់​ប្រមាណ ១០​លាន​នាក់ នៅ​ឆ្នាំ​២០២៥ និង​ប្រមាណ ១៥​លាន​នាក់ នៅ​ឆ្នាំ​២០៣០ ជាមួយ​ចំណូល​សរុប​ប្រមាណ ១០ ពាន់​លាន​ដុល្លារ​អាមេរិក បង្កើត​ឱកាស​ការងារ​ដោយផ្ទាល់​ប្រមាណ ២​លាន​នាក់​។ ព្រម​ជាមួយ​នេះ នៅ​ឆ្នាំ​២០១៧ ចំនួន​ភ្ញៀវទេសចរ​ក្នុងស្រុក​រំពឹងថា​នឹង​មាន​ចំនួន ១១​លាន​នាក់ និង​កើន​ដល់​ប្រមាណ ១៣​លាន​នាក់ នៅ​ឆ្នាំ​២០២០ និង ២០​លាន​នាក់ នៅ​ឆ្នាំ​២០៣០៕ ដោយ ៖ កូឡាប​

 


spot_img
×