Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​ត្រូវ​រក​ភាពត្រឹមត្រូវ​នៃ​ការសង្ស័យ​គីឡូ​អគ្គិសនី​អស់​ច្រើនយ៉ាង​ដូចម្តេច​?

spot_img

អាជ្ញាធរ​អគ្គិសនី​កម្ពុជា បានបញ្ជាក់​ប្រាប់​ទៅដល់​ប្រជាពលរដ្ឋ កាលពីពេល​ថ្មីៗ​នេះ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា អគ្គិសនី​ដែល​អ្នកផ្គត់ផ្គង់​លក់​ឲ្យ​អ្នក​ប្រើ​នីមួយៗ តម្រូវ​ឲ្យ​រត់​កាត់​នាឡិកា​អគ្គិសនី​ឬ​ជញ្ជីង​វាស់​អគ្គិសនី​របស់​អ្នក​ប្រើ​នោះ ដើម្បី​ឲ្យ​នាឡិកា​នោះ​ធ្វើការ​វាស់វែង​និង​កត់ត្រា​ចំនួន​គីឡូ​(​គ​វ៉​ម៉​)​ដែល​អ្នកផ្គត់​ផ្គង់​បានផ្តល់​ទៅ​ឲ្យ​អ្នក​ប្រើ ដើម្បី​គម្រប់​១​ខែ​គេ​ស្រង់​យក​ចំនួន​គីឡូ​អគ្គិសនី​ដែល​បានផ្តល់​នោះ យកទៅ​ធ្វើ​វិក្កយបត្រ​គិត​ប្រាក់ ។

ដូច្នេះ ទាំង​ចំនួន​ទឹកប្រាក់​និង​ទាំង​ចំនួន​គីឡូ​អគ្គិសនី​ត្រឹមត្រូវ​ឬ​មិន​ត្រឹមត្រូវ គឺ​ឋិត​នៅលើ តើ​ការវាស់វែង​និង​កត់ត្រា​របស់​នាឡិកា​វាស់​នោះ ត្រឹមត្រូវ​ឬទេ​? សូមកុំ​យល់ច្រឡំ​ថា ឲ្យ​តែ​ឧបករណ៍​ប្រើ​អគ្គិសនី​របស់ខ្លួន​នៅ​ដដែល គីឡូ​អគ្គិសនី​ដែល​ខ្លួន​ប្រើ​តាម​ខែ​ត្រូវតែ​នៅ​ដដែល​ដែរនោះ ។ គីឡូ​អគ្គិសនី​ដែល​អ្នក​ប្រើ​ ទោះជា​ឧបករណ៍ប្រើប្រាស់​នៅ​ដដែល​ក៏ដោយ ឬ​ទោះជា​សមាជិកគ្រួសារ​តិច​ឬ​ច្រើន​ក៏ដោយ ក៏​វា​ប្រែប្រួល​ទៅតាម​រយៈពេល និង​លក្ខខណ្ឌ​ដែល​ឧបករណ៍​នីមួយៗ​បើក​ប្រើ ។ ដូច្នេះ ចង់​ឲ្យ​គីឡូ​ចុះ​តិច​ត្រូវ​បើក​ឧបករណ៍​នីមួយៗ​ឲ្យ​រយៈពេល​តិចជាង​មុន និង​ត្រូវ​ចងចាំ​ថា​ឧបករណ៍​ណាមួយ​ក៏ដោយ​ក៏​អាចធ្វើ​ឲ្យ​ឡើង​គីឡូ​អគ្គិសនី​ដែរ បើ​បើ​កវា​ប្រើ។​

​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​ឲ្យ​ដឹង​បន្ថែមថា ​ប្រសិនបើ​សង្ស័យថា​ជញ្ជីង​វាស់​មិន​ត្រឹមត្រូវ អ្នកប្រើប្រាស់​អគ្គិសនី​នៅ​តំបន់​ណាក៏ដោយ​អាចបំពេញ​ពាក្យស្នើសុំ​ឲ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ដែលជា​អាជ្ញាកណ្តាល​យក​ឧបករណ៍​ផ្ទៀងផ្ទាត់​ទៅ​ផ្ទៀងផ្ទាត់​នាឡិកា​វាស់​អគ្គិសនី​នោះ​មើលថា​តើ​វា​ដើរ​ត្រឹមត្រូវ​ទេ ។ ការងារ​នេះ​ធ្វើ​ជូន​ដោយ​មិន​យក​កម្រៃ​ទេ ។​

​ប្រសិនបើ​ផ្ទៀងផ្ទាត់​រួចហើយ អ្នកនោះ​នៅតែ​សង្ស័យ​មិន​ជឿ​លើ​ការផ្ទៀងផ្ទាត់​របស់​អាជ្ញា​ធរ​អគ្គិសនី​កម្ពុជា​នេះ​ទេ អ្នកនោះ​អាច​ទៅ​ទិញ​នាឡិកា​ណា​ដែល​គេ​យល់ថា​ត្រឹមត្រូវ ទោះជា​ទិញ​ពី​កន្លែង​ណា និង​ប្រទេស​ណាក៏ដោយ អាល្លឺម៉ង់ បារាំង ជប៉ុន អង់គ្លេស អាមេរិក ។​ល​។ រួច​ស្នើសុំ​មក​អាជ្ញាធរ​អគ្គិសនី​កម្ពុជា យើងខ្ញុំ​នឹង​ពិនិត្យ​ព្រមទាំង​អនុញ្ញាត​ឲ្យ​ដាក់​នាឡិការ​នោះ​វាស់​និង​កត់ត្រា​ទន្ទឹមគ្នា​ជាមួយ​នាឡិកា​ចាស់​របស់​អ្នកផ្គត់ផ្គង់​ក្នុង​រយៈពេល ៣​ខែ ដើម្បី​ផ្ទៀងផ្ទាត់​ធ្វើ​សាក្សី​មើល​ទាំងអស់គ្នា​ថា​តើ​នាឡិកា​ចាស់​ដែល​អ្នកផ្គត់ផ្គង់​តំបន់​នោះ​កំពុង​ប្រើ វាស់​ខុសពី​នាឡិកា​ដែល​អ្នក​សង្ស័យ​ទិញ​មក​នោះទេ ។ បើ​ដាក់​វាស់​ទន្ទឹមគ្នា​រួច​ឃើញថា​វា​ខុសគ្នា​មែន យើងខ្ញុំ​នឹង​រក​ខុសត្រូវ​ជូន​អ្នក​សង្ស័យ​នោះ​ភ្លាម ។

​ដូច្នេះ​បើ​ចង់បាន​ភាពត្រឹមត្រូវ​សូម​ធ្វើតាម​នីតិវិធី​ខាងលើ ប៉ុន្តែ​បើ​ចង់តែ​ឃើញ​គីឡូ​តិច​ដោយ​មិន​សំអាង​លើ​ជញ្ជីង​អគ្គិសនី​ទេ យើងខ្ញុំ​ជា​អាជ្ញាកណ្តាល​ពិតជា​មិនអាច​ធ្វើ​ជូន​បានទេ ពីព្រោះ​ការទិញ​លក់​អគ្គិសនី​ត្រូវតែ​ឈរលើ​មូលដ្ឋាន​នៃ​ជញ្ជីង​វាស់​អគ្គិសនី មិនអាច​សំអាង​លើ​ការប្រៀបធៀប​ថា​គីឡូ​ខែ​នេះ​តិច​ឬ​ច្រើន​នោះទេ ៕ ​ដោយ​ :​ បញ្ញា​ស័ក្តិ​

spot_img
×