Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាល​ស្រុក​ព្រះស្តេច​ម្នាក់ ត្រូវបាន​ចាប់ខ្លួន និង​ម្នាក់ទៀត​កំពុង​រត់គេច ករ​ណីបាញ់សម្លាប់​អ្នកបើករថយន្ត សង្ស័យ​ជា​ចោរលួច​

spot_img

(​ព្រៃវែង​) ៖ អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ថ្លែង​នៅ​យប់​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៩​នេះ​ថា មន្ត្រីនគរបាល​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​ម្នាក់ ត្រូវបាន​ចាប់ខ្លួន និង​ម្នាក់ទៀត​កំពុង​រត់គេច ដោយ​ជាប់​ពាក់ព័ន្ធ​ការបាញ់សម្លាប់​បុរស​ម្នាក់ ជា​អ្នកបើករថយន្ត ដោយ​កម្លាំង​នគរបាល​ពីដំបូង​ឡើយ​ដាក់​ការសង្ស័យថា ពួកគេ​ជា​ចោរលួច​រថយន្ត​ពី​ភ្នំពេញ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​បញ្ជាក់ថា យើង​បាន​ឃាត់​ម្នាក់​ហើយ និង​ម្នាក់ទៀត​កំពុង​រត់គេចខ្លួន ដែល​កំពុង​តាម​ចាប់ ករណី​បាញ់សម្លាប់​អ្នកបើករថយន្ត​នោះ​។ អ្នកពាក់ព័ន្ធ​ការបាញ់សម្លាប់​អ្នកបើករថយន្ត គឺមាន​នគរបាល​២​នាក់ នៅ​ស្រុក​ព្រះស្តេច​។​

​មន្ត្រីជាន់ខ្ពស់​សាលាដំបូង​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងផង​ដែរ ជនរងគ្រោះ​បាន​រង​ការបាញ់​ចំក្បាល​ចំនួន​៥​គ្រាប់ ពី​សំណាក់​ក្រុមមន្ត្រី​នគរបាល​ទាំងនោះ ខណៈ​កំពុង​តាម​បង្ក្រាប​ដោយ​ចោទថា ជា​ចោរលួច​រថយន្ត​ចេញពី​ទឹកដី​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្តព្រៃវែង​។​

​សូមបញ្ជាក់ថា នៅ​យប់​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ភូមិ​គោក​សណ្តែក ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង មាន​ករណី​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយ​គេ​បានឃើញ​កម្លាំង​នគរបាល និង​អាវុធហត្ថ​ជាច្រើន​នាក់ បាន​ដេញតាម​រថយន្ត​មួយ គ្រឿង​ម៉ាក​ព្រូស​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF-2679​។ ការ​ដេញតាម​រថយន្ត​មួយគ្រឿង​នេះ ត្រូវបាន​សមត្ថកិច្ច​ប្រាប់ថា ជា​ជនសង្ស័យ​ក្នុង​អំពើ​លួច​រថយន្ត​ចេញពី​ភ្នំពេញ ឆ្ពោះ​មក​ខេត្តព្រៃវែង ហើយ​ត្រូវបាន​ម្ចាស់​រថយន្ត​ប្តឹង​មក​សមត្ថកិច្ច ស្រុក​ព្រះស្តេច ក្រោយ​ពិនិត្យឃើញ​តាម​ប្រព័ន្ធ GPS​។​

​ផ្តើមចេញពី​ករណីនេះ ទើប​កម្លាំង​នគរបាល​ស្រុក​ព្រះស្តេច រួមជាមួយ​កម្លាំង​អាវុធហត្ថ​ផងដែរ​នោះ បាន​ដេញ​រហូត​យក​រថយន្ត​មួយគ្រឿង​ទៅ​ពាំង ហើយក៏​ផ្ទុះអាវុធ​ទៅលើ​ជនសង្ស័យ​ទាំង​២​នាក់ ដែល​កំពុង​នៅ​ខាងក្នុង​រហូតដល់​ស្លាប់​ម្នាក់ និង​របួស​ម្នាក់​។ មន្ត្រីនគរបាល​ដែល​រង​ការ​ចោទថា បាន​បាញ់​ទៅលើ​អ្នកបើករថយន្ត​ទាំង​២​នាក់​នោះ មានឈ្មោះ ជឹម រតនៈ ត្រូវបាន​គេ​ដឹងថា ជា​កូនប្រុស​លោក​ឧកញ៉ា ជឹម សុខ ល្បី​ខាង​រកស៊ី​ទិញ និង​លក់​គោ ក្របី​មួយរូប​នៅ​ខេត្តព្រៃវែង​។​

​តាម​សេចក្តីរាយការណ៍ បាន​បង្ហាញថា​ ​មូលហេតុ​មកពី​ជនរងគ្រោះ ទិញ​រថយន្ត​បង់លុយ​មិនទាន់​គ្រប់ ហើយ​ម្ចាស់​ដើម​បាន​យក​រថយន្ត​នោះ ទៅ​ជួល​ឲ្យ​ជនជាតិ​ចិន ធ្វើ​ឲ្យ​អ្នកទិញ​ខឹង រហូត​បាន​ស្កាត់​ទៅយក​រថយន្ត​ពី​ជនជាតិ​ចិន​ទាំង​ទទឹងទិស រួច​បើក​គេច​មក​ស្រុកកំណើត​។​

​ស្រាប់តែ​ម្ចាស់​ដើម​ស្រាវជ្រាវ​តាម GPS ដេញ​ពីក្រោយ ប្ដឹង​សមត្ថកិច្ច ថា​ចោរៗ ទើប​សមត្ថកិច្ច​ស្ទាក់​បាញ់សម្លាប់​អ្នកទិញ​រថយន្ត​តែម្ដង ព្រោះ​ស្មានថា​ចោរលួច​រថយន្ត​ដូច​ពាក្យបណ្ដឹង​។​

​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ម៉ន រ៉ាវុធ អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​ម៉ៅការ​សំណង់ មាន​ស្រុកកំណើត​នៅ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ អ្នករួមដំណើរ​ឈ្មោះ វ៉ាន ខេមរិន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ឈើកាច់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង រងរបួស​ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។ មន្ត្រីនគរបាល​ដែល​បាញ់​ជនរងគ្រោះ​នោះ​មានឈ្មោះ ជឹម រតនៈ មាន​តួនាទី​គ្រាន់បើ​នៅ​អធិការដ្ឋាន​ស្រុក​ព្រះស្ដេច​។​

​តាម​ដំណើររឿង ឈ្មោះ ម៉ន រ៉ាវុធ និង​ឈ្មោះ វ៉ាន ខេមរិន មិនមែនជា​ចោរលួច​រថយន្ត​ទេ គឺ​រថយន្ត​នោះ​ទិញ​បង់លុយ​មិនទាន់​គ្រប់​នៅ​ខ្វះ ៣០០០​ដុល្លារ​ទៀត​។ នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ដែល​ត្រូវគេ​បាញ់​ស្លាប់ បាន​ទិញ​រថយន្ត​នេះ​ ​ដោយ​បង់​រំ​លោះ​នៅ​ខ្វះ​លុយ ៣០០០​ដុល្លារ​ទៀត​។ ហើយ​ម្ចាស់​ដើម​ឈ្មោះ ផាន់ សុ​ឌី ភេទ​ប្រុស នៅ​ភូមិ​តា​ម៉ៅ ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ប​ច្ចុ​ប្បន្ត​ជាជាង​ជួសជុល​ឡាន​នៅ​ភ្នំពេញ បាន​ជួល​រថយន្ត​នោះ​ឲ្យ​ទៅ​ជន​ជាតិចិន​សម្រាប់​ជិះ​ ។​

​ក្រោយមក​ជនរងគ្រោះ​ឈ្មោះ ម៉ន រ៉ាវុធ ដឹងថា រថយន្ត​ខ្លួន​ត្រូវ​ម្ចាស់​ដើម​យកទៅ​ជួល​ឲ្យ​ចិន ទើប​ខ្លួន​ស្កាត់​ទៅយក​រថយន្ត​នោះ​ពី​ជន​ជាតិចិន​ទាំង​ទទឹងទិស រួច​បើក​ពី​ភ្នំពេញ​រត់គេច​មក​ផ្ទះ​ជាមួយ​ឈ្មោះ វ៉ាន ខេមរិន​។​
​ទន្ទឹម​និង​នោះ​ឈ្មោះ ផាន់ សុ​ឌី គិតថា ទិញ​រថយន្ត​ឲ្យ​លុយ​មិនទាន់​គ្រប់​ផង ហើយ​ទៅយក​រថយន្ត​ពី​អតិថិជន​អ្នក​ជួល​បែប​នោះ​ទៀត និង​មានបំណង​គេច ទើប​ខ្លួន​ស្រាវជ្រាវ​តាម GPS បើកឡាន​តាម​ពីក្រោយ និង​ទូរស័ព្ទ​ប្ដឹង​សមត្ថកិច្ច ថា​ចោរលួច​រថយន្ត​តែម្តង រហូត​កម្លាំង​សមត្ថកិច្ច​ព្រោងព្រាត​ចេញ​ប្រតិបត្តិ​ការបង្ក្រាប​បែបនេះ​។​

​ស្នងការ​នគរបាល​ខេត្តព្រៃវែង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ព្រុំ សន្ធរ បាន​ថ្លែងប្រាប់​នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៩​នេះ​ថា ពិត​ជាមាន​ករណីនេះ​កើតឡើង​មែន ដោយ​កម្លាំង​នគរបាល​របស់លោក បានចេញ​បង្ក្រាប​ក្រុមចោរ រហូត​មានការ​ផ្ទុះអាវុធ ខណៈដែល​ក្រុមចោរ​មិន​ព្រម​ឲ្យ​ចាប់ខ្លួន និង​បន្ត​បើកឡាន​រត់គេច​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​មាន​ករណី​លួច​រថយន្ត​ពី​រាជធានី​ភ្នំពេញ ស្រាប់​តែ​​ពេលនោះ​ម្ចាស់​រថយន្ត ដែល​ស្គាល់​នាយ​នគរបាល​ប៉ុស្តិ៍​ឈើកាច់ ក៏បាន​ទូរស័ព្ទ​ប្រាប់​។ លោក​ថា ខណៈ​កម្លាំង​របស់លោក រួមជាមួយ​កម្លាំង​អាវុធហត្ថ​ផងដែរ​នោះ បាន​ដេញ​ពីក្រោយ រហូត​រថយន្ត​ដាក់​ពាំង ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​ឈប់ ថែម​ចង់​បំ​បុក​កម្លាំង​ទៀត ក៏មាន​ការផ្ទុះអាវុធ​បណ្តាល​ឲ្យ​ត្រូវ​ជនសង្ស័យ​ម្នាក់ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ខណៈ​ម្នាក់​រងរបួស​ស្រាល​។ ចំពោះ​ហេតុការណ៍​ផ្ទុះអាវុធ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស្នងការ បាន​បញ្ជាក់ថា លោក​បាននិងកំពុង​ធ្វើការស្រាវជ្រាវ​លើ​ករណីនេះ​ផងដែរ​។​

​យ៉ាងណាក៏ដោយ សម្រាប់​ករណី​មួយ​នេះ ក៏មាន​ការរិះគន់​យ៉ាងខ្លាំង​ផងដែរ ចំពោះ​ប្រតិបត្តិការ​របស់​សមត្ថ​កិច្ច ដោយ​មិនទាន់បាន​ប្រាកដប្រជា​ផង និង​គ្រាន់​តែមាន​ពាក្យបណ្តឹង ឬ​ការប្តឹង​ផ្ទាល់មាត់ ក៏​ចេញ​ប្រតិបត្តិការ​រហូត​បាញ់សម្លាប់​យ៉ាង​ដូច្នេះ​។ មន្ត្រី​នគរបាលជាតិ​ជាន់ខ្ពស់​ម្នាក់ បាន​បញ្ចេញ​ជា​យោបល់​ថា បើសិន​បែបនេះ នៅពេល​មាន​បុគ្គល​ម្នាក់ ត្រូវគេ​ស្អប់ ហើយ​ចោទថា ជា​ចោរលួច​រថយន្ត ចឹ​ង​មិន​ច្បាស់​ជា​រង​ការបាញ់សម្លាប់​ជាក់​ជាមិនខាន​ឡើយ ​៕ ​ដោយ​:​បញ្ញា​ស័ក្តិ​

 

spot_img
×