Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​កម្ពុជា បញ្ចេញ​ថវិកា​១៥​លាន​ដុល្លារ ដើម្បី​ទិញ​រថពាសដែកបំពាក់​ជូន​កងទ័ព​របស់​ខ្លួន កំពុង​បំពេញ​ការងារ​រក្សា​សន្តិភាព នៅ​ម៉ាលី​

spot_img

​ភ្នំពេញ ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ដើម្បី​ពង្រឹងសមត្ថភាព​របស់​នាយទាហាន​កម្ពុជា ដែល​កំពុង​បំពេញបេសកកម្ម ក្រោម​ឆ័ត​អង្គការសហប្រជាជាតិ (UN) រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះហត្ថលេខា​បញ្ចេញ​ថវិកា​១៥​លាន​ដុល្លារ ដើម្បី​ទិញ​រថពាសដែក បំពាក់​ជូន​កងទ័ព​របស់​ខ្លួន ដែល​កំពុង​បម្រើ​ការងារ​ការពា​រ​សន្តិភាព នៅ​ប្រទេស​ម៉ាលី ។​

​ក្នុងឱកា​សញ្ជើ​ញ​ចែក​សញ្ញាបត្រ​ដល់​និស្សិត PPIU នា​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៩ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ សម្តេ​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់​ថា តាមពិត​កាតព្វកិច្ច​នៃ​ការ​បំពាក់អាវុធ សម្រាប់​កងទ័ព​កម្ពុជា នៅ​ប្រទេស​ម៉ាលី រាជរដ្ឋាភិបាល​ស្នើឲ្យ UN ជា​អ្នកទទួលខុសត្រូវ ប៉ុន្តែ​ដោយសារ​តែ UN កំពុង​ជួប​វិបត្តិ​ថវិកា​នោះ​ទើប រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បញ្ចេញ​លុយ​១៥​លាន​ដុល្លារ ដើម្បី​បំពាក់​រថពាសដែក ដល់​កងទ័ព​កម្ពុជា​ដែល​កំពុង​មាន​តម្រូវការ​។​

​សម្តេច​តេជោ​បាន​ថ្លែងទៀតថា កងទ័ព​មួក​ខៀវ​របស់​កម្ពុជា ដែល​ចូលរួម​ថែរក្សា​សន្តិភាព ក្រោម​ឆ័ត្រ UN នៅពេល​បច្ចុប្បន្ន​នេះ មិន​ត្រឹមតែ​ជា​ប្រតិបត្តិការ​ប៉ុណ្ណោះ​ទេ គឺ​មាន​ឋានៈ​ជា​សេនាធិការ ឬ​ជា​ថ្នាក់ដឹកនាំ ក្នុង​បញ្ជាការដ្ឋាន​នានា របស់​អង្គការសហប្រជាជាតិ​ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន ថ្លែងថា “​ឥឡូវ​យើង​កំពុង​បញ្ច្រាប​មន្ត្រី​យោធា​របស់​យើង ទៅ​ក្នុង​ក្របខណ្ឌ​នៃ​អង្គការ​សហប្រជាជាតិ មិន​​មែន​គ្រាន់តែ​ជា​អ្នក​ប្រតិបត្តិការ​ទេ ប៉ុន្តែ​យើង​ទៅ​នៅ​ក្នុង​ទីបញ្ជាការ ក្នុងឋានៈ​ជា​សេនាធិការ ឬ​ក្នុង​ឋានៈ​ជា​ថ្នាក់​ដឹកនាំ​នៅ​ទីកន្លែង​នោះ បន្ទាប់​ពី​សោកនាដកម្ម ដែល​បាន​កើតឡើង​លើ​ទាហាន​របស់​យើង នៅឯ​អាហ្វ្រិក​កណ្តាល​។ ខ្ញុំ​បាន​ស្នើសុំ​ថា សុំ​ឲ្យ​ពង្រឹង​សមត្ថភាព​ទៅ​លើ​បញ្ហា​ទាន់​ទិន​ទៅនឹង​សមត្ថភាព របស់​នាយសេនាធិការ និង​មេ​បញ្ជាការ​របស់​អង្គការសហប្រជាជាតិ នៅ​តាម​កន្លែង​​នានា ព្រោះ​ការ​រៀបចំ​កម្លាំង​ខ្លះ យើង​ឃើញថា​វា​ចាញ់​ប្រៀប​គេ តែម្តង ។ នេះ​មិនមែន​មក​ពី​សមត្ថភាព​របស់​ទាហាន​របស់​យើង​ទេ នេះ​គឺ​មក​ពី​សមត្ថភាព​របស់​សេនាធិការ អង្គការសហប្រជាជាតិ​តែម្តង ហើយ​ឥឡូវនេះ បានជា​យើង មាន​នា​ទា​ហា​របស់​យើង​នៅ​តាម​ទី​កន្លែង​ខ្លះ ។ សម្តេច​តេជោ បានបញ្ជាក់​ថា អាទិត្យ​មុន​នេះ យើង​បាន​ចុះហត្ថលេខា​បញ្ចេញ​ប្រាក់​១៥​លាន​ដុល្លារ ព្រោះ​អង្គការ​សហប្រជាជាតិ​តម្រូវការ​ឲ្យ​បំពាក់ មធ្យោបាយ​ដូចជា​ជា​រថពាសដែក ទៅកាន់​ប្រទេស​ម៉ាលី​។ ពីមុន​កម្ពុជា​សុំ​ស្នើឲ្យ​អង្គការ​សហប្រជាជាតិ ជា​អ្នកដោះស្រាយ ប៉ុន្តែ​ឥឡូវនេះ អង្គការសហប្រជាជាតិ​កំពុង​ជួប​វិបត្តិ​ថវិកា​ទៀត អ៊ីចឹង​បន្ទុក​នេះ យើង​មិន​ដក​កងទ័ព​របស់​យើង​ចេញ ដោយ​ខ្វះ​ការទទួលខុសត្រូវ​ទេ ហើយ​យើង​ក៏​មិន​ទុក​ឲ្យ​កងទ័ព​របស់​យើង​ដៃទទេ​ដែរ ត្រូវ​មាន​រថពាសដែក​ការពារ​ខ្លួន អ៊ីចឹង​បាន​ចុះហត្ថលេខា​ដើម្បី​បញ្ចេញ​ថវិកា សម្រាប់​ការទិញ​នូវ​រថពាសដែក​បញ្ជូន​ទៅ​ប្រទេស​ម៉ាលី មិនមែន​ត្រឹមតែ​ការដោះស្រាយ​ក្នុង​ស្រុង​ទេ អាវុធ​យុទ្ធភ័ណ្ឌ​ការពារ​ប្រទេស នៅក្នុង​ប្រទេស​មាន​ហើយ ប៉ុន្តែ​ឥឡូវនេះ​តម្រូវការ​របស់​អង្គការ​សហប្រជាជាតិ ហើយ​យើង​ត្រូវ​ចូលរួម នូវ​ប្រតិបត្តិការ​បែបនេះ ។ នៅពេល​ខាងមុខ​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នឹង​ចេញ​ទៅ​ប្រជុំ នៅ​ឯ​ទី​ស្នាក់​របស់​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក ជាមួយនឹង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ ដែល​បាន​បរិច្ចាគ​កម្លាំង ទៅ​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​”​។​

​សម្តេច​បន្ថែមថា “​គ្រាន់​តែ​ចំណុច​មួយ​នេះ អាច​សន្និដ្ឋានបាន​ថា​កម្ពុជា កម្ពុជា​បាន​ចូលរួម​ក្នុង​ការរក្សា​សន្តិភាព​ពិភពលោក ហើយ​សមត្ថភាព​របស់​កម្ពុជា មិន​ថយ មិន​អន់​នោះទេ ។ ចំណុច​នេះ បានបង្ហាញ​ថា កម្ពុជា​មិនមែន​គ្រាន់តែ ដោះស្រាយ​បញ្ហា​ផ្ទាល់ខ្លួន​នោះ​ទេ គឺ​ត្រូវ​មាន​ការរួមចំណែក ហើយ​នឹង​ត្រូវ​ការធ្វើកា​រ​ប្រកួតប្រជែង​ទៅលើ​បញ្ហា​សមត្ថភាព​”​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​២០០៦​ មកដល់ ខែ​មករា ឆ្នាំ​២០១៩ កម្ពុជា​បាន​បញ្ជូន​កម្លាំង ចំនួន​សរុប​ប្រមាណ ជាង​៥៧៨៣​នាក់​ហើយ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​ ២៧៧ ​នាក់ ទៅ​ចូលរួម​បេសកកម្ម របស់​អង្គការសហប្រជាជាតិ ខណៈ​បច្ចុប្បន្ន​កម្ពុជា មាន​កម្លាំង​ចំនួន​ប្រមាណ​១០០០​នាក់ ដែល​កំពុង​បំពេញបេសកកម្ម នៅ​ប្រទេស​ចំនួន​៤ រួមមាន​៖ សាធារណរដ្ឋ ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្តាល លី​បង់ និង​ម៉ាលី​។ កម្លាំង​មួក​ខៀវ​ទាំងអស់នេះ ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា ក្លាយទៅជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សា​សន្តិភាព​ច្រើនជាងគេ ក្នុង​តំបន់​អាស៊ាន​៕ ​ដោយ ​៖ ​កូឡាប​

spot_img
×