Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ រិះគន់​រដ្ឋបាល​ក្រុងព្រះសីហនុ និង​ក្រុមហ៊ុន KSWM គ្រប់គ្រង​សំរាម មិនទាន់​ល្អ​ទេ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ និង​អាជីវករ​ភាគច្រើន រស់​នៅ​ទីប្រជុំជន ក្នុង​ក្រុង​ព្រះសីហនុ បាន​បន្ត​រិះ អាជ្ញាធរ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ​ថា មិនទាន់​អាច​គ្រប់គ្រង​កាកសំណល់​សំរាម ឲ្យបាន​ល្អ​ទេ និង​ស្នើឲ្យ​អាជ្ញាធរ ជួយ​ជម្រុញ​ទៅ​ក្រុមហ៊ុន​វិនិយោគ​ប្រមូល​សំរាម KSWM ឲ្យ​បង្កើន​សកម្មភាព​ប្រមូល​សំរាម របស់ខ្លួន ឲ្យបាន​ទៀងទាត់​។

​ប្រជាពលរដ្ឋ ឲ្យដឹងថា បញ្ហា​អសកម្ម ដែល​កើតមាន​ពី​ការគ្រប់គ្រង​កាកសំណល់​សំរាម នាទី​ប្រជុំជន​ក្រុង​ព្រះសីហនុ គឺ​បាន​បន្ត​កើតមាន​មិន​ចេះ​ចប់ មិនចេះហើយ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ ថ្លែងថា រាល់ថ្ងៃនេះ ពួកគាត់​មាន​ផលវិបាក​ជាច្រើន​ក្នុង​ការរស់នៅ គ​មានដូចជា​៖ ភាពយឺតយ៉ាវ របស់​ក្រុមហ៊ុន​ប្រមូល​សំរាម KSWM ដើរ​ប្រមូល​សំរាម​មិនបាន​ទៀងទាត់ និង​មិន​ទាន់​រាប់បញ្ចូល មូលដ្ឋាន​នេះ ខ្ចះ​ទឹកស្អាត និង​ខ្វះ​ចរន្ត​អគ្គិសនី ប្រើប្រាស់​មិន​គ្រប់​ចំនួន​ជាដើម​។​

​ចំណុច​អសកម្ម​ភាព​ទាំងនេះ ត្រូវបាន ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​អាជីវករ​ភាគច្រើន រស់នៅ​ក្រុង​ព្រះសីហនុ បាន​រអ៊ូរទាំ​ថា មិនគួរ​ទីប្រជុំជន​ក្រុងព្រះសីហនុ ដែល​មានឈ្មោះ​ជា​ក្រុង​ទេសចរណ៍​ជាប់​ឆ្នេរសមុទ្រ ល្បីល្បាញ​នៅ​លើ​ពិភពលោក ប៉ុន្តែ​បែរជា អាជ្ញាធរ​ពាក់ព័ន្ធ​មិន​អាច​គ្រប់គ្រង​កាកសំណល់​សំរាម និង​មាន​ទឹក​ស្អាត ព្រមទាំង​ចរន្តអគ្គិសនី សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ប្រើប្រាស់​ប្រចាំថ្ងៃ ឲ្យបាន​គ្រប់​ចំនួន​បែបនេះ​ទេ​។​

​ក្រុម​ប្រជាពលរដ្ឋ បាន​រអ៊ូរទាំ​ដូច្នេះ រួច​បញ្ជាក់ថា រាល់ថ្ងៃនេះ ក្រុមហ៊ុន​KSWM ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​ប្រមូល​សំរាម ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ ហាក់​មិន​ទាន់​បាន​ទទួលខុសត្រូវ​លើ​កិច្ច​ការងារ របស់ខ្លួន ឲ្យបាន​ត្រឹមត្រូវ​តាម​កុង​ត្រាទេ ហើយ​តែង បាន​បង្ក​ផលវិបាក​ដល់​ប្រជាពលរដ្ឋ​ដដែលៗ​។ ព្រោះ​ក្រុមហ៊ុន​ប្រមូល​សំរាម មិន​បាន​ទៀងទាត់​ទេ ដោយ​ទុក​ឲ្យ​កាកសំណល់​សំរាម​គរ​រាយប៉ាយ នៅតាម​ចិញ្ចើមផ្លូវ​យូរថ្ងៃ និង​មាន​ក្លឹនស្អុយ​។​

​ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ រស់​នៅ​ទីប្រជុំជន​ក្រុងព្រះសីហនុ បាន​សំណូមពរ​ដល់ លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ និង​លោក យន្ត មីន ជា​អភិបាលខេត្ត ឲ្យជួយ​ជម្រុញ និង ពន្លឿ​នទៅ​ក្រុមហ៊ុន​ប្រមូល​សំរាម ឈ្មោះ KSWM ឲ្យ​បង្កើន​សកម្មភាព​ចុះ​ប្រមូល​សំរាម ដែល​គរ​ទុក​ចោល​នៅមុខ​ផ្ទះ របស់​ប្រជាពលរដ្ឋ តាម​ចិញ្ចឹម​ផ្លូវ​សាធារណៈ​នានា ឲ្យបាន​ឆាប់ ព្រោះ​កាកសំណល់​សំរស​មគរ​ទុក​ចោល​យូរថ្ងៃ បង្កើតឲ្យមាន​ក្លឹនស្អុយ​ខ្លាំង​។​

​ពលរដ្ឋ​បន្តថា ក្លឹនស្អុយ​ភាយ​ចេញពី​កាកសំណល់​សំរាម បាន​ជះ​ក្លឹនស្អុយ នាំឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ របស់​ប្រជាពលរដ្ឋ ពួកគាត់ ជា​ពិសេស​ប៉ះពាល់​ដល់​អារម្មណ៍ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ​។​

​ចំណុច​នេះ ប្រជាពលរដ្ឋ ថ្លែង​ហួសចិត្ត​កាលបើ សូម្បី​តែ​កាក​កំណល់​សំរាម បែរ​ជា​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ គ្រប់គ្រង​មិន​ទាន់​បាន​ល្អ ដោយ​ទុក​ឲ្យ​រឿង​អសកម្ម​នេះ កើត​មាន​ដដែលៗ​បន្ត​អូសបន្លាយ​ពេល​រាប់​ឆ្នាំ ហើយ​គ្មាន​ដំណោះស្រាយ​នោះ​ទេ​។​

​បញ្ហា​កាកសំណល់​សំរាម ដែល​គរ​ទុក​ចោល​យូរថ្ងៃ នៅតាម​ចិញ្ចើមផ្លូវ​សាធារណៈ នាទី​ប្រជុំជន​ក្រុង​ព្រះសីហនុ​នេះ គឺ​បាន​កើតមាន​តាំងពី​ឆ្នាំ​២០១៨​មកម្ល៉េះ​។ ហើយ​ចូល​មក​ដល់​ឆ្នាំ​២០១៩​នេះ​ទៅ​ហើយ អាជ្ញាធរ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ នៅ​មិនទាន់​គ្រប់គ្រង​កាកសំណល់​សំរាម​នេះ​បាន​នៅឡើយ ដោយ​ឃើញ​គំនរ​សំរាម​ត្រូវបាន​គេ​គរ​ទុក​ចោល នៅតាម​ចិញ្ចើមផ្លូវ​សាធារណៈ គ្មាន​សណ្តាប់ធ្នាប់ នាំឲ្យ​ប៉ះពាល់​ដល់​អនាម័យ​បរិស្ថាន និង​សោភ័ណភាព​មកដល់ពេលនេះ​។​

​ភាព​អសកម្ម ដែល​កើតមាន​ដដែលៗ​នេះ ប្រជាពលរដ្ឋ​ភាគច្រើន រស់នៅ​ក្រុង​ព្រះសីហនុ បាន​សំណូមពរ​យ៉ាងទទូច​ម្តង​ហើយ​ម្តង​ទៀត​ទៅ លោក អ៊ី សេខ​ឡេង អភិបាលក្រុង​ព្រះសីហនុ និង​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ស្នើឲ្យ​ជួយ​មាន​វិធានការ​ដោះស្រាយ ឲ្យមាន​ប្រសិទ្ធភាព ដោយ​មិន​ត្រូវ​ទុក​ឲ្យ​ភាព​អសកម្ម​រឿង​សំរាម​នេះ បន្ត​អូសបន្លាយ​ពេល​រាប់​ឆ្នាំ ហើយ​គ្មាន​ដំណោះស្រាយ​នោះ​ទេ​។​

​ចំណុច​នេះ ក្រុម​ប្រជាពលរដ្ឋ បាន​ស្នើ​ទៅ លោក​អភិបាលក្រុង និង​អភិបាលខេត្ត​ព្រះសីហនុ ឲ្យជួយ​ជម្រុញ​ទៅ​ក្រុមហ៊ុន​ប្រមូល​សំរាម KSWM ឲ្យ​បង្កើន​សកម្មភាព​ចុះ​ប្រមូល​សំរាម ឲ្យបាន​ទៀងទាត់ ព្រោះ​ការ​ទុក​ឲ្យ​កាកសំណល់​សំរាម​គរ​ទុកចោល​យូរថ្ងៃ បណ្តាលឲ្យ​មាន​ក្លឹនស្អុយ នាំ​ប៉ះពាល់​ដល់​សុខភាព និង​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​ខេត្ត​នេះ​។​

​ឆ្លើយតប​បញ្ហា​សំរាម​នេះ មន្ត្រី​រដ្ឋបាល​ក្រុង​ព្រះសីហនុ បាន​សរសេរ​សារ​បង្ហោះ តាម​បណ្តាញ​សង្គម ឬ​ប្រព័ន្ធ Telegram របស់​រដ្ឋបាល​ក្រុង​ថា ចំពោះ​ការលើកឡើង របស់​មហាជន ដែល​ថា​មួយរយៈ​ចុងក្រោយ​នេះ ឃើញ​មាន​សំរាម​កកស្ទះ​ច្រើន​ស្ទើរ​គ្រប់កន្លែង​ក្នុង​ក្រុង​ព្រះសីហនុ​នោះ គឺ​អាជ្ញាធរ​ក្រុង មិន​ព្រងើយកន្តើយ​លើ​រឿងនេះ​ទេ ។​

​បញ្ហា​នេះ មន្ត្រី​រដ្ឋបាល​ក្រុង​ព្រះសីហនុ ពន្យល់ថា ករណី​សំរាម​កកស្ទះ​ជា​បន្តបន្ទាប់​មក​នេះ ខាង​ក្រុមហ៊ុន​ប្រមូល​សំរាម (KSWM) បាន​អះអាង​ថា ដោយសារ​ខាង​ក្រុមហ៊ុន​នេះ ជួប​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម ឬ​ខ្វះ​បុគ្គលិក​កម្មករ​។ ក្នុង​នោះ​កម្មករ​មួយចំនួន របស់​ក្រុមហ៊ុន​នេះ ក៏​បាន​សុំ​ច្បាប់​ឈប់សម្រាក​ទៅ​ស្រុក នា​រដូវ​ធ្វើស្រែ​ជិត​ចូលមក​ដល់ ។ ចំណែក​កម្មករ​ខ្លះ​ទៀត បាន​សុំ​ឈប់​ធ្វើការ ពី​ក្រុមហ៊ុន​នេះ ដោយ​ត្រូវ​ប្តូរ​ទៅ​ធ្វើ​ការងារ នៅ​តាម​ក្រុមហ៊ុន​ផ្សេងៗ​វិញ​។

​ត្រង់​ចំណុច​នេះ មន្ត្រី​រដ្ឋបាល​ក្រុង​ព្រះសីហនុ បាន​បកស្រាយ​ជំនួស​ក្រុមហ៊ុន KSWM ថា រាល់ថ្ងៃនេះ ការជ្រើសរើស​កម្មករ​ប្រមូល​សំរាម​មក​ធ្វើការ គឺ​ពិបាក​រក​បំផុត គឺ​ស្របពេល​ទីផ្សារការងារ នៅ​ក្រុងព្រះសីហនុ នាពេល​បច្ចុប្បន្ន មាន​ជម្រើស​ការងារ​ដ៏​សម្បូរបែប និង​មាន​ប្រាក់បៀវត្ស ឬ​តម្លៃ​ពលកម្ម​ខ្ពស់​។​

​ទោះជា​បែប​នេះ​ក្តី តំណាង​ក្រុមហ៊ុន KSWM បានឲ្យដឹងថា កំពុង​ស្វះស្វែង​រក​កម្មករ​បន្ថែ​ម ពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ មក​បំពេញ​កន្លែង​ខ្វះខាត បូករួម​ក្រុមហ៊ុន​មាន​គោលការណ៍​បង្កើន​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ ជូន​ដល់​កម្មករ​ប្រមូល​សំរាម និង​បង្កើន​សមត្ថភាព​បច្ចេកទេស​ដល់​កម្មករ​ផង​នោះ នឹង​អាច​ជម្រុញ​ឲ្យ​ដំណើរការ​ប្រមូល​សំរាម នា​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ បាន​ប្រសើរ​ឡើង​វិញ​នៅ​ថ្ងៃ​ខាងមុខ។​

​បន្ថែម​លើ​នេះ មន្ត្រី​រដ្ឋបាល​ក្រុង​ព្រះសីហនុ ក៏​បាន​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ថា ក្នុងករណី​មាន​កាកសំណល់​សំរាម​កកស្ទះ ឬ​គរ​ទុកចោល​យូរថ្ងៃ នៅ​ទីតាំង​ណាមួយ​អូសបន្លាយ​ពេល​យូរថ្ងៃ គឺ អាច​ទាក់ទង​ទៅ​កាន់​សាលា​សង្កាត់​ក្នុង​មូលដ្ឋាន​ខ្លួន ដែល​កំពុង​រស់នៅ ដើម្បីឲ្យ​ជួយ​អន្តរាគម​ន៍​ប្រមូល​សំរាម​ទាំងនោះ​។ ព្រោះថា បច្ចុប្បន្ននេះ ខាង​ក្រុមហ៊ុន KSWM បាន​បែងចែក​រថយន្ត​ដឹក​សំរាម ឲ្យទៅ​ប្រចាំការ​ដឹក​សំរាម នៅតាម​សង្កាត់​នី​មួយៗ​ជា​អ្នកទទួលខុសត្រូវ​។​

​ក្រៅពីនេះ មន្ត្រី​រដ្ឋបាល​ក្រុង​ព្រះសីហនុ ក៏​អំពាវនាវ ដល់​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​វេច​ខ្ចប់​ទុកដាក់​សំរាម​ជា​ដុំៗ​ឲ្យបាន​ត្រឹមត្រូវ ដោយ​មិន​ត្រូវ​បោះចោល​រាយប៉ាយ បង្ក​ផលវិបាក​ដល់​បុគ្គលិក​ប្រមូល​សំរាម​ទេ​។ ព្រោះ​ការ​វេច​ខ្ចប់​កាកសំណល់​សំរាម ឲ្យមាន​របៀប​រៀបរយ​ល្អ គឺ​អាច​ជួយ​ពន្លឿន​ដល់​សកម្មភាព​ប្រមូល​សំរាម ចេញពី​ទីក្រុង ឆ្ពោះទៅ​កាន់​ទីលាន​ចាក់​សំរាម ដែល​មាន​ចម្ងាយ​ឆ្ងាយ ស្ថិតនៅ​ស្រុក​ព្រៃនប់​ឲ្យមាន​ភាព​ឆាប់រហ័យ​៕ ដោយ ៖ ដែន សីមា

   

spot_img
×