Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិព័រណ៍ ឌីជីថល​កម្ពុជា​ឆ្នាំ ២០១៩ ទទួលបាន​ជោគជ័យ ជាមួយ​ការចូលរួម​យ៉ាង​ច្រើន​កុះករ រើស​ពី​ការរំពឹង​ទុក​

spot_img

​ភ្នំពេញ​: ​កម្មិវិធី ពិព័រណ៍ ឌីជីថល​កម្ពុជា​ឆ្នាំ ២០១៩ ធ្វើឡើង​ក្រោម​ប្រធានបទ “​ផែនទី​បង្ហាញផ្លូវ អាស៊ាន ទៅកាន់​ឧស្សាហកម្ម ៤.០” គឺ​ជា​កម្មវិធី​ពិព័រណ៍ រួមជាមួយ​និង​សន្និសីទ ស្ថីអំពី​បច្ចេកវិទ្យា​ឌីជីថល​ដំបូង​គេ​បំផុត នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី ១៥ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ កន្លងទៅនេះ ទទួលបាន​ជោគជ័យ ជាមួយ​ការគាំទ្រ​ចូលរួម​យ៉ាងច្រើន​កុះករ លើស​ពី​ការរំពឹងទុក​។

​កម្មវិធី​នេះ ទទួលបាន​ការចូលរួម​ពី​មហាជន​ទូទៅ​, យុវជន ជា​សិស្សានុសិស្ស​, អ្នកបច្ចេកទេស​, ចូលចិត្ត​ខាង​ផ្នែក​បច្ចេកវិទ្យា​, អាជីវកម្ម​ទាក់ទង​ក្នុង​វិស័យ​បច្ចេកវិទ្យា នៅក្នុង​ស្រុក និង​ក្នុង​តំបន់​, តំណាង​របស់​រដ្ឋាភិបាល​, គ្រឹះស្ថានឧត្តមសិក្សា​, អង្គការ​មិន​រក​ប្រាក់​ចំណេញ សរុប​ប្រមាណ​ជា ១៥,០០០​នាក់ ជា​រៀងរាលថ្ងៃ ក្នុង​រយៈពេល ៣​ថ្ងៃ​។

​កម្មិវិធី ពិព័រណ៍ ឌីជីថល​កម្ពុជា​ឆ្នាំ ២០១៩ ត្រូវបាន​រៀបចំ​ដោយ វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT) ដោយ​មាន​ការចូលរួម​របស់​វាគ្មិន​សំខាន់ៗ ជាង ១០០​រូប​, ការពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ ដឹកនាំ​ដោយ​អ្នកជំនាញ ទៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​, អ្នកចូលរួម​តាំងពិព័រណ៍​ផលិតផល និង​សេវាកម្ម​ជាង ១៥០​ស្ដង់ រួម​ជាមួយ​ឆាក​ហ្គេម​ដ៏​ធំ ដែល​ទាក់ទាញ​អ្នកជំនាញ​លេង​ហ្គេម​ចូលរួម​ប្រកួតប្រជែង និង​អ្នកគាំទ្រ​ចូលរួម​ទស្សនា​យ៉ាង​ច្រើន​ផង​ដែរ​។

កម្មិវិធី​ពិព័រណ៍ ឌីជីថល​កម្ពុជា​ឆ្នាំ ២០១៩ ត្រូវបាន​បើក​ដំណើរការ ក្រោម​អធិបតិភាព ឯកឧត្ដម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចំណែកឯ​វាក្មិន និង​មន្ត្រី​ជាន់​ឈ្មោះ​របស់​រដ្ឋាភិបាល​កម្ពុ​ជា ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ក្នុង​វេទិកា រួមមាន ឯកឧត្ដម​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និង​សិប្បកម្ម​, ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​, ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​, ឯកឧត្តម វ​ង្ស៊ី វិសុទ្ធ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​, ឯកឧត្តម យក់ ប៊ុន​ណា រដ្ឋលេខាធិការ ក្រសួង​មុខងារសាធារណ រួម​ជាមួយ​មន្ត្រី​តំណាង មកពី​ប្រទេស​វៀតណាម ថៃ ឡាវ ម៉ាឡេស៊ី និង​ហ្វីលីពីន​ផងដែរ​។

​ចំណែក​វាគ្មិន ពោ​ពេញ​ដោយ​ចំណេះដឹង​យ៉ាង​ទូលំទូលាយ នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល ដែល​បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​ដ៏​គួរឲ្យ​ចាប់អារម្មណ៍ នៅក្នុង​វិស័យ​ឯកជន រួមមាន​លោក David LI នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Huawei នៅ​កម្ពុជា​, លោក​បណ្ឌិត Susan AMAT អនុប្រធាន និង​នាយក​ប្រតិបត្តិ នៃ​បណ្តាញ​សហគ្រិនភាព​សកល GEN, លោក​បណ្ឌិត Chawapol JARIYAWIROJ អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស របស់​ក្រុមហ៊ុន Amazon Web Services ប្រទេស​ថៃ​។ ចំណែក​អ្នកចូលរួម និង​វាគ្មិន​លេចធ្លោ​ផ្សេងទៀត រួម​មាន​តំណាង​មក​ពី​ធនាគារ​, Fintech, ស្ថាប័ន​អប់រំ​ជាន់ខ្ពស់ និង​អង្គការ​អន្តរជាតិ​។

​កម្មិវិធី ពិព័រណ៍ ឌីជីថល​កម្ពុជា​ឆ្នាំ ២០១៩ រៀបចំ​ធ្វើឡើង​ជាមួយ​គោលបំណង​សំខាន់ៗ​ចំនួន ៥ គឺ ១. បង្ហាញ​អំពី​បរិយាកាស និង Ecosystem ប្រកប​ដោយ​អំណោយផល និង​ភាព​ទាក់ទាញ​សម្រាប់​ការវិនិយោគ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៅ​កម្ពុជា​, ២. បង្ហាញ​អំពី​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ក្រប​ខណ្ឌ​គោលនយោបាយ​និង​គតិយុត្ត និង​ផលិតផល​និង​សេវា​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​-​គមនាគមន៍​និង​ព័ត៌មាន​, ៣. បញ្ជ្រាប​អំពី​សារៈសំខាន់​និង​ភាព​មិន​អាច​ខ្វះ​បាន​នៃ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ដល់​គ្រប់​មជ្ឈដ្ឋាន ជា​ពិសេស​យុវជន​និង​ស្ត្រី ក្នុងន័យ​ធ្វើឱ្យ​ប្រសើរ​ឡើង​នៃ​ការអប់រំ​សម្រាប់​សិស្ស​-​និស្សិត និង​ជំនាញ​បច្ចេកទេស បង្កើន​ប្រសិទ្ធភាព​ការងារ​និង​ផលិតភាព និង​ពង្រឹង​ភាព​ប្រកួតប្រជែង​សហគ្រាស​ធុន​តូច​បំផុត ធុន​តូច និង​មធ្យម​របស់​កម្ពុជា​លើ​ឆាក​តំបន់​និង​អន្តរជាតិ​, ៤. កៀរគរ​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ក្នុង​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​-​គមនាគមន៍​និង​ព័ត៌មាន រួមមាន ស្ថាប័ន​រាជរដ្ឋាភិបាល អ្នកវិនិយោគ​ជាតិ​និង​អន្តរជាតិ អាជីវកម្ម​ចាប់ផ្ដើម​ថ្មី (Startup) អ្នក​វិជ្ជាជីវៈ និង​គ្រឹះស្ថាន​សិក្សា​ស្រាវជ្រាវ ព្រម​ទាំង​សង្គម​ស៊ីវិល ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​និងឧ​ត្ត​មានុ​វត្តន៍ និង​ពិភាក្សា​យោបល់​អំពី​និន្នាការ​ថ្មីៗ ក៏​ដូចជា​អំពី​បញ្ហា​ប្រឈម​នានា​លើ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ក្នុង​ក្របខណ្ឌ​ជាតិ​និង​អន្តរជាតិ​, ៥. ជំរុញ​អំពី​សហគ្រិនភាព និង​នវានុវត្តន៍​ថ្មីៗ​, និង​៦. អភិវឌ្ឍ​បណ្តាញ​អាជីវកម្ម​រវាង​អាជីវកម្ម​ចាប់ផ្តើម​ថ្មី (Startup) ជាមួយ​សហគ្រាស​ធុន​តូច​បំផុត ធុន​តូច និង​មធ្យម​។

​ឯកឧត្តម កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​ជា​បុគ្គល​មួយរូប ដើរតួនាទី​យ៉ាង​សំខាន់ ដើម្បី​ឲ្យ​កម្មវិធី ឌីជីថល​កម្ពុជា​ឆ្នាំ ២០១៩ កើតមានឡើង បាន​មានប្រសាសន៍ថា​៖ “​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម សម្រាប់​ជា​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា គឺ​ការធ្វើ​សមាហរណកម្ម ឲ្យ​កាន់តែ​ប្រសើរ​ឡើង សម្រាប់​សេដ្ឋកិច្ច​នៅក្នុង​តំបន់ និង​អន្តរជាតិ ដោយ​បង្វែរ​ទៅរក​មូលដ្ឋាន​ឧស្សាហកម្ម​ចម្រុះ ដែល​គាំទ្រ​ការរីកចម្រើន​ប្រកបដោយ​និរន្តរ​ភាព​រយៈពេល​វែង និង​មួយ​ផ្នែក​ទៀត គឺ​ការ​ទាក់ទាញ​អ្នក​វិនិយោគិន ដែល​ចាប់អារម្មណ៍ ជាមួយ​ការវិនិយោគ​ក្នុង​ផ្នែក​ឌីជីថល និង​ឱកាស​ជាច្រើន​ទៀត​។ ការវិនិច្ឆ័យ​ដោយ​ភាពជោគជ័យ និង​កំលាំងចលករ ដែល​បាន​បង្កើតឡើង​ដោយ​ព្រឹត្តិការណ៍​នេះ ខ្ញុំ​ជឿជាក់​ថា យើង​នឹង​សម្រេចបាន​នូវ​គោលដៅ​របស់​យើង​។ នៅក្នុង​ប្រទេស​កម្ពុជា យើង​មាន​វិធានការ​ជាក់ស្តែង ដើម្បី​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍​នៅ​ទូទាំង​ប្រទេស និង​ពង្រឹង​គុណភាព និង​ភាពជឿជាក់ នៃ​ប្រព័ន្ធ​ទូរគមនាគមន៍​និង​សេវាកម្ម​។ លើសពីនេះ​ទៀត យើង​កំពុង​ចាត់​វិធានការ​ដើម្បី​ធានា​ថា ក្របខ័ណ្ឌ​ច្បាប់ ដែល​គ្រប់គ្រង​ប្រព័ន្ធ​ទូរគមនាគមន៍ និង​សេវាកម្ម អនុញ្ញាត​ឱ្យ​បច្ចេកវិទ្យា​ឌីជីថល ទទួល​យក​ឱកាស​វិនិយោគ​និង​បង្កើន​ដើមទុន ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​ប្រសិទ្ធភាព ដល់​គម្រោង​ដែល​មាន​សក្តានុពល​ខ្ពស់​។​”

​គួរ​រំ​ម្លឹក​ផងដែរ​ថា ពិព័រណ៍​ឌីជីថល​កម្ពុជា​ឆ្នាំ ២០១៩ រៀបចំ​ធ្វើឡើង​ដោយ វិទ្យាស្ថាន​ជាតិ NIPTICT ដោយ​ទទួលបាន​ការគាំទ្រ ពី​ក្រសួង​នានា​របស់​រដ្ឋាភិបាល ដែល​ក្នុងនោះ​រួម​មាន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​, ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, ក្រសួង​អប់រំ យុវជន និង​កីឡា​, ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​, ក្រសួង​ពាណិជ្ជកម្ម​, និង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

ចំណែក​ចូលរួម​គាំទ្រ​ពី​វិស័យ​ឯកជន​វិញ រួម​មាន​ក្រុមហ៊ុន Smart Axiata និង Metfone ដែលជា​អ្នក​ផ្តល់​សេវាកម្ម​ទូរគមនាគមន៍​ធំជាងគេ​បំផុត​នៅ​កម្ពុជា​, ក្រុមហ៊ុន Huawei Technology (Cambodia) និង CFOCN ហើយ​ត្រូវ​បាន​សហការ​រៀបចំ​ដោយ​ក្រុមហ៊ុន Sabay Digital Corporation និង​ក្រុមហ៊ុន Two Way Public Relations ដែលជា​ក្រុមហ៊ុន​រៀប​ចំ​ក​និង​គ្រប់គ្រង​កម្មវិធី និង​ទំនាក់ទំនង​សាធារណៈ ឈាន​មុខ​គេ​របស់​ប្រទេស​កម្ពុជា​។

​បន្ថែម​ពី​នេះ​ទៀត ពិព័រណ៍​ឌីជីថល​កម្ពុជា​ឆ្នាំ ២០១៩ ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ដោយ ក្រុមហ៊ុន​សែ​ល​កាត​, UnionPay, TrueMoney, ក្រុមហ៊ុន EZECOM, Oracle, Cisco Systems, Smart City Consortium, ធនាគារ PPC, ធនាគារ​ឯកទេស វី​ង​, Payon, Mobile C & C, ក្រុមហ៊ុន​រៀបចំ​កម្មវិធី Kilat ជាដើម​។

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ព្រឹត្តិការណ៍ សូម​ចូល​ទៅ​កាន់​គេហទំព័រ www.digitalcambodia.com.kh ឬ​ទំព័រ​ហ្វេ​សប៊ុក​របស់​យើង https://www.facebook.com/OfficialDigitalCambodia/ ។

​អំពី​ពិព័រណ៍ ឌីជីថល​កម្ពុជា​ឆ្នាំ ២០១៩

​ឌីជីថល​កម្ពុជា​ឆ្នាំ ២០១៩ នាំមក​នូវ​គំនិត​ច្នៃប្រឌិត​ថ្មី​បំផុត និង​ទំនើប​បំផុត​នៅក្នុង​បច្ចេកវិទ្យា​ឌីជីថល មក​កាន់​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា ដែល​មានយៈ​ពេល ៣​ថ្ងៃ ពោរពេញ​ទៅដោយ​គំនិត​ដឹកនាំ ការយល់ដឹង និង​ដំណោះស្រាយ​ជាក់ស្តែង​។ មេដឹកនាំ​ដ៏​មានគំនិត​ច្នៃប្រឌិត និង​ចក្ខុវិស័យ​អន្តរជាតិ មក​ពី​ផ្នែក​អាជីវកម្ម​, រដ្ឋាភិបាល និង​អ្នកសិក្សា នឹង​ប្រមូលផ្តុំ​ពិភាក្សាគ្នា ដើម្បី​បង្ហាញ​ពី​និន្នាការ និង​ការអភិវឌ្ឍន៍​ថ្មីៗ នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល និង​ផ្តល់​គំនិត និង​ទស្សនវិស័យ​របស់​ពួកគេ ចំពោះ​បញ្ហា​ប្រឈម​នានា ដែល​កំពុង​ជួបប្រទះ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​ទូទាំង​ពិភពលោក​៕ ដោយ​:​កូឡាប​

https://www.facebook.com/OfficialDigitalCambodia/

       

spot_img
×