Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុប្រធាន​គណៈកម្មាធិកា​រ​ក្រុង Chongqing ឯកភាព​ជួយ​សិក្សា​រៀបចំ ផែនការ​អភិវឌ្ឍ​ប្រព័ន្ធ​រថ​ភ្លើង​ទំនើប​ប្រភេទ Monorail នៅ​កម្ពុជា ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​

spot_img

​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ នៅ​ក្រុង Chongqing ប្រទេស​ចិន​⁣ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បន្ដ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជួបពិភាក្សា​ការងារ​ជាមួយ លោក Zhou Keqin អនុប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ បក្សនយោបាយ​ប្រជាជន​ចិន នៃ​គណៈកម្មាធិការ ក្រុង Chongqing (Vice Chairman, Chinese People’s Political Consultative Conference, Chongqing, Municipal Committee)​។​

​លោក ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ សម្រាប់​ការបំពេញ​ទស្សនកិច្ច​របស់លោក Zhou នៅ​កម្ពុជា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅ ដែល​បាន​ជំរុញ​ឲ្យ​មាន​កិច្ចសហការ​បន្ត និង​ការផ្លាស់ប្តូរ​ទស្សនកិច្ច របស់​គណៈប្រតិភូ​កម្ពុជា មក​ក្រុង Chongqing នាពេលនេះ​។​

​កិច្ច​ប្រជុំបាន​ផ្តោត​សំខាន់​ទៅ​លើ កិច្ចសហប្រតិបត្តិការ រវាង កម្ពុជា និង​ក្រុង Chongqing ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក ជាពិសេស​លទ្ធភាព​នៃ​ការអភិវឌ្ឍ​ប្រព័ន្ធ​រថ​ភ្លើង​ទំនើប​ប្រភេទ Monorail នៅ​កម្ពុជា និង​ការជួយ​ពង្រឹងសមត្ថភាព​ធនធាន​មនុស្ស​របស់​កម្ពុជា​។ កិច្ចប្រជុំ​នេះ​ក៏បាន​ពិភាក្សា​ផងដែរ ពី​ការតភ្ជាប់​ច្រករបៀង​ប៉ែក​ខាងត្បូង រវាង ប្រទេស​ចិន ក្រុង Chongqing ប្រទេស​សិង្ហ​បុរី ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​ទំនាក់ទំនង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ រវាង កម្ពុជា​-​ចិន និង​ប្រទេស​ក្នុង​តំបន់​។​

​លោក Zhou បាន​យល់ព្រម​លើ​សំណើ​របស់ លោក ទេសរដ្ឋមន្ត្រី លើ​កិច្ចសហប្រតិបត្តិការ រវាង​ក្រុង Chongqing និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុងការ​សិក្សា​រៀបចំ ផែនការ​អភិវឌ្ឍ​ប្រព័ន្ធ​រថ​ភ្លើង​ទំនើប​ប្រភេទ Monorail នៅ​កម្ពុជា ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ និង​សិក្សា​លទ្ធភាព​ក្នុងការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ឡូ​ជី​ស្ទីក​រវាង​ប្រទេស​ទាំងពីរ ដោយ​លោក Zhou បាន​សន្យាថា​នឹង​រៀបចំ​ក្រុមការងារ​គណៈប្រតិភូ នៃ​ការិយាល័យ​ដឹកជញ្ជូន​ក្រុង Chongqing (Chongqing Municipal Transport Buearu) និង​ក្រុមការងារ​ឡូ​ជី​ស្ទីក ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា នៅ​កម្ពុជា​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ។​

​លោក Zhou ក៏បាន​ឯកភាព​តាម​សំណើ​របស់លោក ទេសរដ្ឋមន្ត្រី ផងដែរ លើ​កិច្ចសហប្រតិបត្តិការ នៃ​ការកសាង និង​ពង្រឹងសមត្ថភាព​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយ​សន្យាថា នឹង​ពិនិត្យ​លទ្ធភាព ផ្តល់ជូន​នូវ​គ្រូ​បណ្តុះបណ្តាល​ជំនាញ​ពី​ក្រុង Chongqing ទៅ​កម្ពុជា និង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ខ្លីៗ សម្រាប់​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ឱកាស​សិក្សា​ស្វែងយល់ ទៅវិញទៅមក ព្រមទាំង​លទ្ធភាព​នៃ​ការផ្តល់ជូន​អាហារូបករណ៍ ទៅដល់​និស្សិត​កម្ពុជា ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ផងដែរ ដើម្បី​ជំរុញ​ឲ្យ​ទំនាក់ទំនង​រវាង ក្រុង Chongqing និង​ប្រទេស​កម្ពុជា កាន់តែ​រីកចម្រើន​ទៅមុខ មួយកម្រិត​ទៀត​។​

​លោក ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​ការកោតសរសើរ និង​ថ្លែងអំណរគុណ ចំពោះ​ឆន្ទៈ និង​គោលជំហរ ក្នុងការ​រិត​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​ចិន ជាពិសេស​ទំនាក់ទំនង រវាង​ក្រុង Chongqing និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ហើយ​លោក ទេសរដ្ឋមន្ត្រី សង្ឃឹម​ជឿជាក់ថា​៖ ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នេះ និង​ចូលរួម​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន នៅ​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន​ឈានឡើង​មួយកម្រិត​ទៀត​៕ ​ដោយ​:​កូ​ឡាប​

spot_img
×