Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​ជប៉ុន ចុះ​អនុស្សរណៈ នៃ​កិច្ចសហប្រតិបត្តិការ ស្តីពី​ការបញ្ជូន​ពលករ​ជំនាញ​

spot_img

(​តូ​ក្យូ​-​ជប៉ុន​)៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក Takashi YAMASHITA រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៃ​ប្រទេស​ជប៉ុន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ ការបញ្ជូន​​ពលករ​ជំនាញ​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន រវាង ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងយុត្តិធម៌​នៃ​ប្រទេស​ជប៉ុន នា​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ នៅ​ក្រសួងយុត្តិធម៌ ប្រទេស​ជប៉ុន​។

​ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​រវាង​លោក សេង សក្តា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការងារ និង​លោកស្រី Shoko SASAKI អគ្គនាយក​អន្តោប្រវេសន៍​ជប៉ុន​។

​លោក Takashi YAMASHITA រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៃ​ប្រទេស​ជប៉ុន បាន​លើកឡើងថា កាលពី​ឆ្នាំ​កន្លងទៅ កម្ពុជា​-​ជប៉ុន បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៦៥​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​ជប៉ុន ហើយ​ការចុះ​អនុស្សារណៈ​នៃ​កិច្ចសហប្រតិបត្តិការ​ស្តីពី​ពលករ​ជំនាញ​នា​ថ្ងៃនេះ ជា​ភស្តុតាង​បញ្ជាក់​យ៉ាងច្បាស់ ពី​ទំនាក់ទំនង​ដ៏​ស្អិតរ​មួ​ត រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត ។

​លោក អ៊ិត សំហេង បាន​សម្តែង​នូវ​ការកោតសរសើរ ចំពោះ​ក្រុមការងារ​បច្ចេកទេស​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ជប៉ុន ដែល​បាន​ខិតខំ​សហការគ្នា ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ នាពេល​កន្លងមករ​ហូ​ត​ឈានដល់​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​។

​លោក រដ្ឋមន្ត្រី អ៊ិត សំហេង មានប្រសាសន៍​លើកឡើងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​រស់នៅ សិក្សា និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​ប្រមាណ​១​ម៉ឺន​១​ពាន់​នាក់ ក្នុងនោះ​កម្មសិក្សាការី​មាន​ប្រមាណ​ជិត​៧​ពាន់​នាក់​។ តាមរយៈ​អនុស្សារណៈ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ ឯកឧត្តម​បញ្ជាក់ថា ពលករ​ជំនាញ​កម្ពុជា​នឹងមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ចាប់យក​ឱកាស​មាស​នេះ ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​ខ្លួនឯង​ផង សម្រាប់​​កម្ពុជា​ផង ក៏ដូចជា​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​របស់​ជប៉ុន ជាពិសេស​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​គ្រប់​ជ្រុងជ្រោយ​ជា​យុទ្ធសាស្ត្រ​នៃ​ប្រទេស​ទាំងពីរ​។​

​រដ្ឋាភិបាល​ជប៉ុន​បានធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការទទួល​ជនភៀសខ្លួន និង​ការគ្រប់គ្រង​ជនអន្តោប្រវេសន៍ នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​បង្កើត​ទិដ្ឋាកា​ការងារ​ថ្មី​ចំនួន​២​ប្រភេទ​គឺ “​ពលករ​ជំនាញ​១” និង “​ពលករ​ជំនាញ​២”​។ ច្បាប់​នេះ​នឹង​ចាប់​ផ្តើ​ម​អនុវត្ត​នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៩​ ។ ដោយឡែក​ប្រព័ន្ធ​បញ្ជូន​កម្មសិក្សាការី​នៅ​អនុវត្ត​ដដែល​។​

​ជប៉ុន​គ្រោង​ទទួលយក​ពលករ​ជំនាញ​ទាំង ២ ប្រភេទ ពី​ប្រទេស​ចំនួន​៨ រួមមាន កម្ពុជា ចិន វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ មី​យ៉ាន់​ម៉ា និង​នេ​ប៉ាល់ ចំនួន ៣៤៥,១៥០​នាក់ ក្នុង​រយៈពេល​៥​ឆ្នាំ​ដំបូង ​ក្នុងនោះ​៖ ពលករ​ជំនាញ​សម្រាប់​ការងារ​ចំនួន​១៤​ប្រភេទ រួមមាន​ផ្នែក​ថែទាំ​មនុស្ស​ចាស់ ការសំអាត​អាគារ ការផលិត​គ្រឿងបន្លាស់ ការផលិត​គ្រឿង​ម៉ាស៊ីន ការផលិត​គ្រឿងអគ្គិសនី និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ការងារ​សំណង់ ការផលិត​នាវា ការជួសជុល និង​តម្លើងរថយន្ត ការងារ​អាកាសចរណ៍ ការរៀបចំ​បន្ទប់​ស្នាក់នៅ កសិកម្ម នេសាទ និង​វារីវប្បកម្ម ការផលិត​អាហារ​និង​ភេសជ្ជៈ និង​ការងារ​នៅ​ភោ​នី​យ​ដ្ឋា​ន​។​

​សូមបញ្ជាក់ថា កម្ពុជា​ជា​ប្រទេស​ទី​២ ដែល​បាន​ចុះ​អនុស្សារណៈ​នេះ​នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ បន្ទាប់ពី​ហ្វីលីពីន​ដែល​បាន​ចុះ​នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩៕ ដោយ​:​កូ​ឡាប​

spot_img
×