Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉េអឹម​ស័ក្តិ​៤ កូនប្រុស​មេ​អាវុធ​ខេត្ត​ក្រចេះ ត្រូវ​តុលាការ​ចេញ​ដីកា​ឃុំខ្លួន​

spot_img

(​កំពង់ចាម​) ៖ មន្ដ្រី​អាវុធហត្ថ​ឈ្មោះ សាន្ដ សុខុម ដែលជា​កូនប្រុស​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ ត្រូវបាន​ចៅក្រម​តុលាការ​ចេញ​ដីកា​សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ ក្រោម​ការចោទប្រកាន់​ពី​បទ ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ដោយ​គំរាមកំហែង​នឹង​អាវុធ​។​

​បើ​យោង​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​របស់​លោក​នៅ​យ៉ារ័​ត្ន​ចៅក្រម ស៊ើបសួរ​សាលាដំបូង​ខេត្ត​កំពង់ចាម ជន​នេះ​ត្រូវដាក់​ឲ្យ​ស្ថិត​នៅក្រោម​ការពិនិត្យ ពី​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ដោយ​គំរាមកំហែង​នឹង​អាវុធ​និង​ប្រើប្រាស់​អាវុធ ដោយ​គ្មាន​ការអនុញ្ញាត កាលពី​ថ្ងៃ​ទី 18 ខែ​មិនា​ឆ្នាំ 2019 តាម​មាត្រា 218 នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា 20 នៃ​ច្បាប់ ស្ដីពី​ការគ្រប់គ្រង​អាវុធ គ្រឿង​ផ្ទុះ​និង​គ្រាប់រំសេវ​។ បើ​តាម​លោក​ចៅក្រម​យក​ឃើញថា ការឃុំខ្លួន​បណ្ដោះអាសន្ន​មាន​សារៈសំខាន់​ដើម្បី​បង្ការ​រាល់​ការ​ដាក់​សម្ពាធ​លើ​សាក្សី និង​មាន​ភាពចាំបាច់ ដើម្បី​ធានា​រក្សា វត្តមាន ជន​ត្រូវ​ចោទ​សម្រាប់ ដំណើរការ​ស្វែងរក​យុត្តិធម៌ និង​ដើម្បី រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ និង​ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​ជន​នេះ ។ លោក​ចៅក្រម​ក៏បាន​សម្រេច បង្គាប់​ឲ្យ​ឃុំខ្លួន ឈ្មោះ​សាំង​សុខុម​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ចាម​តាម​នីតិវិធី​ច្បាប់​បង្គាប់​ឲ្យ​ប្រធាន​ពន្ធនាគារ​ខេត្ត​កំពង់ចាម​អនុវត្ត​ដីកា​នេះ​ឲ្យមាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃចុះ​ហត្ថលេខា​តទៅ​។​

​សូមបញ្ជាក់​ថា កាលពី​រសៀល​ម្សិលមិញ មន្ត្រី​អាវុធហត្ថ សាន្ត សុខុម បាន​ចេញ​មក​បង្ហាញ​មុខ នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត ដើម្បី​ទទួល​ទោស​របស់​ខ្លួន ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​យុវជន ទាំង​២​នាក់​នោះ ហើយ​ត្រូវបាន​បញ្ជូន​ខ្លួន​បន្ដ​ទៅ​តុលាការ ដើម្បី​បន្ដ​ការសួរនាំ​។ តំណាង​អយ្យការ នៃ​សាលាដំបូង​ខេត្ត​កំពង់ចាម បានសម្រេច​ចោទប្រកាន់ កូនប្រុស​មេបញ្ជាការ​អាវុធ ខេត្តក្រចេះ​ចំនួន​២ បទល្មើស ក្នុងនោះ​មាន​បទ «​ហិង្សា​ដោយ​ចេតនា​មាន​ស្ថានភាព​ទម្ងន់ទោស ដោយ​គំរាមកំហែង និង​អាវុធ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​»​។​

​បើ​តាម​មន្ត្រី​អាវុធហត្ថ លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន ជា​អ្នក​នាំ​កូនប្រុស​របស់​ខ្លួន យកមក​ប្រគល់ជូន​អាវុធហត្ថ ខេត្ត​កំពង់ចាម ដើម្បី​ទទួល​ទោស​កំហុស​ទាំង​នេះ ហើយ​លោក​បាន​ព្យាយាម​ទាក់ទង​កូន រហូត​បាន​នាំ​ខ្លួន​មក​ប្រគល់​ជូន​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​កំពង់ចាម​នៅពេល​នេះ​តែម្តង​។​

កាលពី​ព្រឹក​ម្សិលមិញ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ព្រមាន​ថា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន នឹង​ប្រឈមមុខ​បាត់បង់​តំណែង តួនាទី​របស់​ខ្លួន ប្រសិនបើ​មិន​នាំ​កូន​ប្រុស​ឈ្មោះ សាន្ត សុខុម ជា​មន្ត្រី​អាវុធហត្ថ​ដែរនោះ ចូលខ្លួន​ដោះស្រាយ​បញ្ហា​ជុំវិញ​ការប្រើ​ហិង្សា​លើ​យុវជន​ពីរ​នាក់​នៅក្នុង​ខេត្ត​កំពង់ចាម​ទេនោះ​។​

​កូនប្រុស​លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន គឺ​លោក សាន្ត សុខុម ដែល​ជា​មន្ត្រី​អាវុធហត្ថ​ខេត្តក្រចេះ​ពាក់​ស័ក្តិ​៤ កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៩​កន្លងទៅនេះ បាន​ប្រើ​ហិង្សា​ដោយ​ដាល់ និង​ឡើង​ជង្គង់​ទៅលើ​យុវជន​ពីរ​នាក់​នៅ​កន្លែង​លេង​អ៉ីន​ធើ​ណេត​មួយ​កន្លែង​ក្នុង​ខេត្ត​កំពង់ចាម​។ ក្រៅពី​ដាល់ និង​ឡើង​ជង្គង់​ហើយ​មន្ត្រី​អាវុធហត្ថ​រូបនេះ ថែមទាំង​បាន​ដក​កាំភ្លើង​ភ្ជង់ លើ​យុវជន​ពីរ​រូប​នោះ​ថែម​ទៀត​ផង​។​

​ក្រោយ​ទទួល​បណ្តឹង​ពី​យុវជន​រងគ្រោះ​ឈ្មោះ វ៉ាន់ ចាន់​អទិច្ច​បញ្ញា និង​ឈ្មោះ យ៉េ ចិន្តា ហើយ​នោះ លោក ហាក់ ហ៊​ន់ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៩​ម្សិលមិញ បាន​ចេញ​ដីកា​ឲ្យ​កូនប្រុស​មេបញ្ជាការ​អាវុធ​ហត្ថ​ខេត្តក្រចេះ​ឈ្មោះ សាន្ត សុខុម ចូល​ខ្លួន​នៅ​មុខ​អយ្យការ​ឲ្យបាន​មុន​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៩ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រើ​អំពើ​ហិង្សា​នេះ​។ សម្តេច​តេជោ ហ៊ុន សែន បាន​រំលឹក​ឲ្យ​មន្ត្រី​អាវុធហត្ថ​រូបនេះ​ចូលខ្លួន​ដោះស្រាយ​បញ្ហា បើ​មិន​ដូច្នោះ​ឪពុក​របស់​គេ​ដែលជា​មេបញ្ជាការ​អាវុធហត្ថ ខេត្តក្រចេះ​ក៏​ប្រឈម​ការ​អស់​តួនាទី និង​តំណែង​ផងដែរ​។​

​សម្តេច​តេជោ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ «​ផ្តាំ​ទៅមេ​ប៉េអឹម (​អាវុធហត្ថ​) ខេត្តក្រចេះ​ផង បញ្ចុះបញ្ចូល​កូន​ឲ្យមក​តាម​ការកោះហៅ​របស់​ព្រះ​រាជអា​ជ្ញា​ខេត្ត​កំពង់ចាម​មក​។ វា​អត់​ទាន់​មាន​រឿង​អី​ទេ ប៉ុន្តែ​បើ​ស្រឡាញ់​កូន​ពេក​អ្នកនឹង​អស់​ស័ក្តិ​។ ខ្ញុំ​អត់​ធ្វើ​អី​ទេ ខ្ញុំ​គ្រាន់តែ​ដក​ស័ក្តិ​បណ្តេញចោល​តែ​ប៉ុណ្ណឹង​»​៕ ដោយ​ ៖ ​កូឡាប​

   

spot_img
×