Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ចោទ​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍​នៅ​បុរី BS ថា​ធ្វើឲ្យ​ខូចផ្លូវ និង​សំណូមពរ​ដល់​អភិបាល​ក្រុង​- ខេត្ត​ព្រះសីហនុ ជួយ​មាន​វិធានការ​ទប់ស្កាត់​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ បាន​អះអាង​ថា បន្ទាប់ពី​មាន​ការចុះផ្សាយ​តាម​បណ្តាញ​សង្គម និង​គេហទំព័រ​សារព័ត៌មាន​មួយចំនួន​ជា​បន្តបន្ទាប់ ដោយ​បានតិទៀ​ន​រិះគន់ ចំពោះ​សកម្មភាព​បង្ហូរទឹក​កាកសំណល់​ស៊ីម៉ង់ត៍ របស់​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍​មួយកន្លែង មាន​ទីតាំង​នៅ​បុរី ប៊ី​អេស BS ដែល​នាំ​ឲ្យ​ខូចខាត​ផ្លូវ​សាធារណៈ​របស់​រដ្ឋ និង​ប៉ះពាល់​ដល់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​រួចមក​។ ក្រុម​ប្រជាពលរដ្ឋ បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​មីនា​នេះ ឃើញ​មាន​ដាក់ពង្រាយ​គ្រឿងចក្រ​មួយចំនួន មក​ឈូសឆាយ​ពង្រាប​ផ្លូវ​សាធារណៈ របស់​រដ្ឋ នៅ​ពីមុខ​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍ ស្ថិតក្នុង​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ត្រូវបាន​ជួសជុល​ស្ថាបនា​ជាថ្មី​ឡើងវិញ​។​

​គួររំលឹកថា កន្លងមកនេះ ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​មុខ​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍​នៅ​បុរី BS និង​ពលរដ្ឋ​ភាគច្រើន ដែល​មាន​លំនៅឋាន​នៅ​ជាប់​ក្រុមហ៊ុន​ខាងលើ ពួកគាត់​បាន​រអ៊ូរទាំ​ចំពោះ​ទង្វើ របស់​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍​នេះ ថា​បាន​បង្ក​សំឡេង​រំខាន​ដល់​ការ​រស់ របស់​ពួកគាត់​។ ក្នុងនោះ​ក្រុមហ៊ុន​បាន​បង្ហៀរទឹក​កាកសំណល់​ស៊ីម៉ង់ត៍ ចេញ​ពី​ក្រុមហ៊ុន​មក​លើ​ផ្លូវ​សាធារណៈ នាំ​ឲ្យ​ខូចផ្លូវ​ពិបាក​ធ្វើ​ដំណើ​រ​ឆ្លងកាត់ និង​មាន​ពេលខ្លះ​បាន​បណ្តាល​ឲ្យ​មធ្យោបា​យយាន​យន្ត​មួយចំនួន​ដួល និង​ក្រឡាប់​ផងដែរ​។​

​កង្វល់​ខាងលើនេះ បាន​ឈាន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​មុខ​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍​នៅ​បុរី BS បាន​សំណូមពរ​ដល់ លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ និង លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ឲ្យជួយ​បញ្ជូន​មន្ត្រី​ជំនាញ ចុះ​ត្រួតពិនិត្យ និង​ឈាន​ទៅ​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី របស់​ក្រុមហ៊ុន​ក្រឡុក​សុីម៉ង់ត៍​មួយកន្លែង ស្ថិតក្នុង​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដែល​បាន​បង្ហូរ​កាកសំណល់​ផ្សេងៗ ជាពិសេស​ទឹក​ស៊ីម៉ងត៍​ចេញពី​ក្រុមហ៊ុន មក​លើ​ផ្លូវ​សាធារណៈ បង្ក​ការរំខាន ដល់​ការរស់នៅ របស់​ប្រជាពលរដ្ឋ​ជិតខាង និង​ប៉ះពាល់​ដល់​អ្នកដំណើរ ព្រមទាំង​បាន​ប៉ះពាល់​ដល់​បរិស្ថាន​ក្រុង​ទេសចរណ៍​មួយ​នេះ​ធ្ងន់ធ្ងរ​ថែមទៀត​ផង​។​

​ត្រង់​ចំណុច​នេះ ក្រុម​ប្រជាពលរដ្ឋ បាន​ស្នើ​ដល់​អាជ្ញាធរ ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​លោក អភិបាលក្រុង​ព្រះសីហនុ និង​លោក​អភិបាលខេត្ត​ព្រះសីហនុ ស្នើឲ្យ​ជួយ​អន្តរាគមន៍ ដោះស្រាយ​បញ្ហា​មិន​ប្រក្រតី ដែល​ត្រូវ​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍​នេះ​បង្កើតឡើង ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ឲ្យបាន​ឆាប់ និង​ឲ្យមាន​ប្រសិទ្ធភាព​។​

​ជា​បន្តបន្ទាប់​មក​នេះ ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​សាធារណៈ​មុខ​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍ នៅ​បុរី​ប៊ី​អេស BS បាន​ចោទ​ក្រុមហ៊ុន​នេះ ថា​បាន​ធ្វើ​សកម្មភាព​រំខាន​ដល់​ការរស់នៅ របស់​ប្រជាពលរដ្ឋ​មាន​ន​លំនៅឋាន​ក្បែរ​តំបន់​នោះ ជាពិសេស​អ្នកធ្វើដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​នេះ គឺ​បង្ក​ឲ្យមាន​ផលវិបាក​ក្នុង​ការបើ​កបរ ព្រោះ​ផ្លូវ​ខូច និង​មាន​ទឹក​ស៊ីម៉ង់ត៍​ដល់​នៅ​លើ​ផ្លូវ​នាំ​ឲ្យ​ខ្ទាត​ប្រឡាក់​យានជំនិះ និង​ស្ថានភាព​ផ្លូវ​រអិល​ជាដើម​។​

​ក្រុម​ប្រជាពលរដ្ឋ បាន​អះអាង​ថា សកម្មភាព របស់​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍​ខាងលើនេះ គឺ​បាន​កើតមាន​ជា​យូរ​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​ក្រុង​-​ខេត្ត​ព្រះសីហនុ ហាក់​មិន​ទាន់​មាន​ចំណាត់ការ​ក្តៅ ចុះ​ទប់ស្កាត់ ឬ​ក៏​ចុះ​ណែនាំ ដល់​ម្ចាស់​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍​ខាងលើនេះ ឲ្យ​អនុវត្ត​ការងារ របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​នោះ​ទេ​។​

​យ៉ាងណា​ក៏ដោយ​ចុះ នៅ​មិនទាន់មាន​ប្រភព​ទាក់ទង ប្រធាន​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍ មាន​ទីតាំង​នៅ​បុរី BS ដែល​ប្រពល​រដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ ចោទប្រកាន់ ដើម្បី​ស្នើ​ការបំភ្លឺ​នៅឡើយ​ទេ នា​រសៀល​ថ្ងៃ​ពុធ ទី​២៧ ខែ​មីនា ឆ្នាំ​២០១៩​នេះ​។​

​ចំណែក មន្ត្រី​រដ្ឋបាល​ក្រុង និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​មិន​ទាន់​មាន​អត្ថាធិប្បាយ ឬ​មិន​ទាន់​មាន​ចេញ​សេចក្តីបំភ្លឺ​ជា​លាយ​ល័ក្ខណ៍​អក្ស​ណាមួយ ដើម្បី​ជម្រាបជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ ឬ​មហាជន ឲ្យបាន​ដឹង​ជា​សាធារណៈ​នៅឡើយ​ដែរ គិត​ត្រឹម​រសៀល​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០១៩​នេះ​។​

​យ៉ាងនេះក្តី គេ​សង្កេតឃើញថា កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០១៩​នេះ ឃើញ​មាន​គ្រឿង​​ជាច្រើន​គ្រឿង បានដាក់​មក​ឈូសឆាយ ដើម្បី​ពង្រាប​ផ្លូវ​កៅស៊ូ ដែល​រង​ការខូចខាត​នៅ​ពីមុខ​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍ មាន​ទីតាំង​នៅ​បុរី BS ស្ថិតក្នុង​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ​នេះ​ហើយ​៕ ដោយ ៖ ដែន សីមា

 

spot_img
×