Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំរីព្រៃ​មួយ​ហ្វូង​ចូលក្នុង​ស្រុក​កែវ​សីមា អ្នក​អភិរក្ស​ថា ជា​រឿង​ល្អ​និង​នាំគ្នា​ស្រឡាញ់ និង​ចូលរួម​អភិរក្ស​ដំរី​

spot_img

​មណ្ឌលគិរី ៖ ក្រសួងបរិស្ថាន បាន​ផ្សាយ​ថា ជារឿយៗ​ក្នុង​រដូវក្តៅ គេ​តែង​សង្កេតឃើញ​វត្តមាន​ហ្វូង​សត្វ​ដំរីព្រៃ បានបង្ហាញ​វត​ត្ត​មាន ចូលមក​ក្បែរ​ភូមិ​របស់​អ្នកស្រុក​ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ ប្រជាពលរដ្ឋ បានអោយដឹងថា កាលពី​ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៩ ដំរីព្រៃ​មួយ​ហ្វូង​មាន​ប្រហែល​៤​ក្បាល បាន​ចូល មកដល់​បរិវេណ​សាលាស្រុក​កែវ​សីមា ហើយ​ពួកវា​ពុំដែល​ធ្វើ​ទុក​បុក​ម្នេញ​ដល់​ពលរដ្ឋ​នោះទេ គឺ​មកហើយ​ទៅវិញៗ​តាមតែ​ទម្លាប់​ជាប្រចាំ​របស់​វា​។​

​មន្ត្រី​សាលាស្រុក​កែវ​សីមា បាន​ថត​ជា​វីដេអូ​សកម្មភាព របស់​ហ្វូង​សត្វ​ដំរី​ដោយផ្ទាល់ នៅពេលដែល​បាន​ចូលដល់ បរិវេណ​សាលាស្រុក​កែវ​សីមា​។ ក្នុង​វីដេអូ​ជិត​២​នាទី នៃ​សកម្មភាព​របស់​សត្វ​ដំរី​៤​ក្បាល កាលពី​ម្សិលមិញ​នោះ គឺ​ពួកវា​ទំនងជា​ចង់​មក​មុជ និង​ផឹក​ទឹកស្រះ​ក្នុង​សាលាស្រុក​កែវ​សីមា ប៉ុន្តែ​ពុំបាន​ចុះ​ក្នុង​ទឹកស្រះ​នោះទេ ដោយ​ពុំមាន​ផ្លូវ​ចុះ​។ ពួកវា​បាន​ត្រឡប់​ចូលទៅ​ក្នុងព្រៃ​ជ្រៅ​វិញ ដោយ​ពុំមាន​ការដេញ​ពី​ប្រជាពលរដ្ឋ​នោះឡើយ​។​

​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ដំរី​មួយ​ហ្វូង​ដែលមាន​ជាង​១០​ទៅ​២០​ក្បាល តែមាន​ដំរី​ប្រមាណ​៤​ក្បាល បាន​ចូលមក​ដល់ទី​ធ្លារ​សាលាស្រុក​កែវ​សីមា កាលពី​ព្រឹក​មិញ​។ លោក​ថា ការ​ចូលមក​របស់​ហ្វូង​ដំរី​ទាំងនេះ គឺ​តែងតែ​កើតឡើង​រៀងរាល់ឆ្នាំ ព្រោះ​កន្លែង​នេះ ជាទី​តាំងរបស់​វា​ពីមុន ទើប​វា​ត្រូវ​ចូលមក ឲ្យ​តែ​ដល់​ខែ​នេះ​។​

​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​បាន​បញ្ជាក់ថា “​វត្តមាន​ហ្វូង​សត្វ​ដំរី​នៅពេលនេះ គឺជា​រឿង​ល្អប្រសើរ សម្រាប់​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ដោយ​អាច​បញ្ជាក់បាន​ថា ព្រៃ​នេះ​នៅមាន​សត្វព្រៃ​គង់វង្ស​ច្រើន​”​។​

​ដំរីព្រៃ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ក្នុងស្រុក​កែវ​សីមា ក៏ត្រូវ​បាន​គេ​បញ្ជាក់ថា បានបង្ហាញ​ខ្លួន​ក្រោយ​ផ្ទះ​ពលរដ្ឋ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ក្រោយ​ទីបញ្ជាការ​អាវុធហត្ថ ឬ​ស្រះ​និង​ត្រពាំង មុខ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។​

​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត មណ្ឌលគិរី បាន​សម្តែង​ការព្រួយបារម្ភ​ផងដែរ បើសិនជា​ពួកវា​ចូលដល់​តំបន់​ប្រជុំជន ដែលមាន​មនុស្ស​រស់នៅ​ច្រើន នៅពេល​មនុស្ស​ទៅ​ដេញ​ឬ​ទៅ​គប់​ពួកវា វា​ហ្នឹង​អាច​តតាំង​ជាមួយ​មនុស្ស​វិញ​។​

​លោក កែវ សុភ​គ៌ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ចំនួន​សត្វ​ដំរីព្រៃ​នៅ​ខេត្តមណ្ឌលគិរី មាន​ចន្លោះ​ពី​៣៧០​ក្បាល ទៅ​៥០០​ក្បាល គឺមាន​ការកើនឡើង ហើយ​ដំរីព្រៃ​នៅ​ខេត្តមណ្ឌលគិរី គឺមាន​តែមួយ​ប្រភេទ គឺ​ដំរី​អាស៊ី​។​

​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ក៏បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅពេល​ទៅ​មើល​ឬ​ថតរូប​ហ្វូង​ដំរី​ទាំងនេះ សូមកុំ​បង្ក​កា​រំខាន​ដល់​ពួកវា ដែល​អាចមាន​គ្រោះថ្នាក់​នានា ព្រោះ​ច​រិ​ក​ដំរីព្រៃ​នេះ បើ​យើង​មិន​រំខាន​វា​ទេ វា​ក៏​មិន​ធ្វើ​អី​ដល់​មនុស្ស​ដែរ​ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×