Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ការប្រើប្រាស់​ផលិតផល​កសិកម្មក្នុងស្រុក នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​

spot_img

​ភ្នំពេញ ​៖ ក្រោម​កិច្ចសហការ​រវាង​ទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង AFD និង​អង្គការ​អភិវឌ្ឍ​ឧស្សាហកម្ម របស់​អង្គការសហប្រជាជាតិ UNIDO ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ វាយតម្លៃ​ទីក្រុង​ស្អាត រៀបចំ​សិក្ខាសាលា ស្តីពី​ខ្សែសង្វាក់​តម្លៃ​ផលិតកម្ម និង​ការបង្កើន​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក ក្នុង​វិ​ស​យ័​ទេសចរណ៍ នៅ​ស​ណ្ឋា​រ​គារ​ហ្គ្រី​ន​ភែ​លេស ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៩ ​។​

​ក្នុងឱកាស​នៃ​អង្គសិក្ខាសាលា ដើម្បី​លើកស្ទួយ “​វិស័យ​ទេសចរណ៍​ជាការ​នាំចេញ​នៅនឹងកន្លែង​” ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានដាក់​ចេញ​នូវ​អនុសាសន៍​គន្លឹះ មួយចំនួន ដូចខាងក្រោម​៖ ទី​១.) ការជំរុញ​ការប្រើប្រាស់​ផលិតផល​កសិកម្ម ក្នុងស្រុក នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​​បញ្ហា​ចម្បង គឺ​ការ​មិនទាន់​ឯកភាពគ្នា​រវាង​ផ្នែក​ផ្គត់ផ្គង់ (Supply) និង​ផ្នែក​តម្រូវការ (Demand) ដោយ​ខាង​ផ្នែក​តម្រូវ​ការចង់​ឲ្យ​មានការ​ធានា​ការផ្គត់ផ្គង់ ឲ្យ​បាន​ទាន់ពេលវេលា ធានា​បរិមាណ និង​គុណភាព និង​ធានា​ស្ថិរភាព​នៃ​តម្លៃ​ផងដែរ រីឯ​ខាង​ផ្គត់ផ្គង់ ដែលជា​ប្រជាកសិករ ឬ​ផលិតករ ក្នុងស្រុក​ចង់បាន ការធានា​ការទទួល​ទិញ ពី​ផ្នែក​តម្រូវការ​ផងដែរ ដែល​នឹង​អាច​ឲ្យ​ពួកគាត់​មានលទ្ធភាព​បង្កើន​ផលិតភាព និង​គុណភាព​ផលិតផល​ខ្មែរ​។​

​គួរ​មានការ​ជម្រុញ​បង្កើត​តំបន់​ក​សិ​-​ឧស្សាហកម្ម​កែច្នៃ​ឲ្យ​បាន​ច្រើន ដែល​នឹង​ឤ​ច​ជួយ​ដោះស្រាយ​បញ្ហា​ទីផ្សារ​កសិករ និង​ការបើក​ច្រក​ពង្រីក​យន្តការ​អនុវត្ត “​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​”(Contract Farming) ដែល​គំរូ​អនុវត្ត​នៃ​កសិកម្ម​តាម​កិច្ចសន្យា អាច​ត្រូវបាន​ប្រើប្រាស់​ដោយ​តម្រូវ​ឲ្យ​មាន​កិច្ចសន្យា ផ្គត់ផ្គង់​រវាង​ភាគី​ទាំង​២ ទាំង​ផ្នែក​ផ្គត់ផ្គង់ និង​ផ្នែក​តម្រូវការ​។ ជាមួយគ្នានេះ ការរៀបចំ​ចងក្រង​ប្រមូលផ្តុំ ជា​សហករណ៍​កសិកម្ម (agricultural cooperatives) ក៏មាន​សារសំខាន់​ក្នុងការ​បង្កើន​សំឡេង ទុន​ផលិត និង​លទ្ធភាព​របស់​កសិករ ក្នុង​ការផលិត និង​ការចរចា​ជាមួយ​ផ្នែក​តម្រូវការ​ ។​

​លើសពីនេះ​ទៀត គួរ​មានការ​បង្កើតជា “​អន្តរការី​” (Intermediary) ដែល​អាច​ដើរតួ​ជាទី​ផ្សារ​ចែកចាយ លក់ដុំ​កសិផល (wholesale) ដើរតួ​ជា​អ្នក​ផ្គូរ​ផ្គង​ភ្ជាប់​ទំនាក់ ទំនង​រវាង​ផ្នែក​តម្រូវ​ការដែល​ជាទូទៅ​មានការ​រារែក​ក្នុងការ​ចុះកិច្ចសន្យា ជាមួយ​កសិករ​/​ផលិតករ និង​ផ្នែក​ផ្គត់ផ្គង់ ដែលជា​ទូទៅ​មិនទាន់​ត្រៀមខ្លួន​រួចរាល់ ក្នុងការ​ផ្គត់ផ្គង់​តាម​តម្រូវការ​។ អន្តរការី ដែលមាន​ការត្រួតពិនិត្យ និង​ទទួលស្គាល់​ច្បាស់លាស់ ពី​ក្រសួងកសិកម្ម និង​ក្រសួងពាណិជ្ជកម្ម នឹង​ជួយ​ដោះស្រាយ​បញ្ហា​ទាំងនេះ ដោយ​ធ្វើជា​អ្នកធានា ចំពោះ​ភាគី​ទាំងសងខាង​។ ទី​២.) ការជំរុញ​ការប្រើប្រាស់​វត្ថុ​អនុស្សាវរីយ៍ វត្ថុ​សិប្បកម្ម និង​របស់របរ​ប្រើប្រាស់ ផលិត​ក្នុងស្រុក នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ ។

​ចំពោះ​ចំណុច​នេះ កត្តា​សំខាន់​គឺ​ការធានា​គុណភាព និង​ភាព​ទាក់ទាញ​តាមរយៈ​ការ​វេច​ខ្ចប់​។ ដើម្បី​ជំរុញ​ការប្រើប្រាស់ និង​ការទិញ​វត្ថុ​អនុស្សាវរីយ៍ វត្ថុ​សិប្បកម្ម និង​របស់របរ​ប្រើប្រាស់​ផ្សេងៗ ពី​សំណាក់​សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន និង​ភ្ញៀវទេសចរ​ផ្ទាល់ គួរ​មានការ​រៀបចំ​ជា​កន្លែង ទទួល​ទិញ​ពី​សិប្បករ​/​ផលិតករ​តូចៗ ដោយមាន​ការបញ្ជាក់​គុណភាព​ច្បាស់លាស់ និង​ការធ្វើ branding ប្រកបដោយ​ភាព​ទាក់ទាញ​។ ការ​ចងក្រង​ជា​សមាគម​សិប្បករ​/​ផលិតករ​ក្នុងស្រុក តាម​ប្រភេទ​ផលិតផល​នីមួយៗ និង​ការ​បង្កើតជា​អន្តរការី ក៏​គួរ​ត្រូវបាន​លើកទឹកចិត្ត​ផងដែរ​។ ទី​៣.) យន្តការ​អនុវត្ត និង​ទ្រទ្រង់ គួរ​មាន​យន្ត​ការរួម​កម្រិត​អន្តរក្រសួង​-​ស្ថាប័ន និង​រវាង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក្នុង​ការជំរុញ​ការផលិត និង​ការប្រើប្រាស់​ផលិតផល​ខ្មែរ នៅក្នុង​វិស័យ​ទេសចរណ៍ ហើយ​អាច​ស្វែងរក​កិច្ចសហការ ជាមួយ​ដៃគូ​អភិវឌ្ឍ អង្គការ​ជាតិ និង​អន្តរជាតិ​។​
​ជម្រុញ​ការរៀបចំ​ខ្សែក្រវ៉ាត់​បៃតង នៅ​ជុំវិញ​តំបន់​គោលដៅ​ទេសចរណ៍ និង​ទីក្រុង​ទេសចរណ៍​សំខាន់ៗ តាមរយៈ​ការដាំ​ដំណាំ ការចិញ្ចឹម​សត្វ វារីវប្បកម្ម ការ​ជម្រុញ​សកម្មភាព​សិប្បកម្ម និង​សហគ្រាស​ធុន​តូច និង​មធ្យម​។​

ជំរុញ​បង្កើត​អន្តរការី ដែល​ដើរតួ​ជា​អ្នកសម្របសម្រួល​ភ្ជាប់​ទំនាក់ទំនង​រវាង​ផ្នែក​ផ្គត់ផ្គង់​/​ផលិត និង​ផ្នែក​តម្រូវការ​/​ចែកចាយ ដោយ​អន្តរការី​ជា​អ្នកធានា​ប្រភព​ទុន និង​ជំនួយ​បច្ចេកទេស ចាំបាច់​ដល់​ផ្នែក​ផ្គត់ផ្គង់​/​ផ្នែក​ផលិត ហើយ​និង​ធានា​ការផ្គត់ផ្គង់​ទាន់ពេលវេលា តាម​បរិមាណ គុណភាព និង​តម្លៃ​សម្រាប់​ផ្នែក​តម្រូវការ​/​ផ្នែក​ចែកចាយ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×