Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក​សិន្ធុ​ប្រាសាទអង្គរវត្ត​នៅ​តែ​រក្សា​បាន​តុល្យភាព​ទឹក បើ​ទោះបី​ជួប​ប្រទះ​អាកាសធាតុ​ក្តៅ​ខ្លាំង​នា​រដូវប្រាំង​

spot_img

​ស្ថានភាព​ទឹក​ក្រោម​ដី​និង​លើ​ដី​សុទ្ធតែ​មាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ប្រាសាទ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ពិសេស​ប្រាសាទអង្គរវត្ត​។ ដូច្នេះ ការរក្សា​ទឹក​ឱ្យ​មាន​តុល្យភាព​ទាំង​រដូវប្រាំង​និង​រដូវវស្សា​ក្នុង​ក​សិន្ធុ គឺ​ចាំបាច់​បំផុត​ទាមទារ​ឱ្យ​ការគ្រប់គ្រង​ទឹក​បាន​ត្រឹមត្រូវ ដើម្បី​ទ្រទ្រង់​ប្រាសាទ និង​រក្សា​សោភ័ណភាព​សម្រាប់​រមណី​យដ្ឋា​ន​ទាំងមូល​។ នេះ​បើ​តាម​ប្រសាសន៍​របស់​អាជ្ញាធរ​ជ​សតិ​អប្សរា​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ផ្លូវការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី 29 ខែ​មិនា​ឆ្នាំ 2019​។​

​ជាក់ស្តែង​រដូវប្រាំង​នៅក្នុង​ឆ្នាំ​២០១៩ ប្រទេស​កម្ពុជា​នឹង​ទទួលរង​នូវ​ឥទ្ធិពល El Nino ធ្វើឱ្យ​អាកាសធាតុ​ក្តៅ​ហួតហែង​ខ្លាំង ធ្វើឱ្យ​មាន​ការបាត់បង់​ទឹក​យ៉ាង​ច្រើន​ដោយ​បញ្ហា​រំហួត​ទឹក​ទៅ​បរិយាកាស ដែល​បញ្ហា​នេះ បាន​ជះឥទ្ធិពល​ខ្លាំង​ដល់​ការគ្រប់គ្រង​ទឹក​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។​

​លោក ភឿន សុ​ឃីម អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យដឹងថា «​ក្នុង​មួយ​ថ្ងៃៗ ទឹក​ក្នុង​ក​សិន្ធុ​អង្គរវត្ត​បាត់បង់​អស់​ប្រហែល​ជាង​មួយ​ម៉ឺន​ម៉ែត្រគូប (​ស្រក​ប្រហែល​១​ហ៊ុន​/២​ហ៊ុន​) ដោយ​ការ​រំហួត​ទៅ​បរិយាកាស​ផង​និង​ការ​ជ្រាប​ទឹក​ទៅ​ក្នុង​ដី​ផង​។ ទោះបី​ការ​រំហួត​ទឹក​មាន​កម្រិត​ធំ តែ​មិន​ធ្វើឱ្យប៉ះពាល់​ដល់​បរិមាណ​ទឹក​ក្នុង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​នោះឡើយ ព្រោះ​ក​សិន្ធុ​អាច​ផ្ទុក​ទឹក​បាន​សរុប​ជាង​១​លាន​ម៉ែត្រគូប ព្រមទាំង​មាន​ការបញ្ចូល​ទឹកជា​ប្រចាំ​ផង​ដែរ​»​។​

​ម្យ៉ាងវិញទៀត អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​សហការ​ជាមួយ​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​ជា​ប្រចាំ​ក្នុង​ការគ្រប់គ្រង​ទឹក​ក្រោម​ដី ធ្វេី​យ៉ាងណាកុំឱ្យ​ការបូម​ទឹកក្រោម​ដី​យក​មកប្រេីប្រាស់​ប៉ះពា​ល់​ទៅដល់​ស្រទាប់​ទឹក​ក្រោម​ដី ដែល​អាច​នឹង​មាន​ហា​នី​ភ័យ​ដល់​ការអភិរក្ស​ប្រាសាទ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។​

​លើស​ពី​នោះ​ទៅ​ទៀត អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​ស្តារឡើងវិញ​នូវ​ប្រព័ន្ធ​ផ្លូវទឹក​បុរាណ​ដើម្បី​បង្ហូរទឹក​ពី​ក​សិន្ធុ​ទីក្រុង​អង្គរធំ​ទៅ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​ត្រង់​ចំណុច​ទន្លេ​អុំ​ខាងកើត​តាម​ច្រក​សំពៅ​លូន​។ ដូច្នេះហើយ​ទើប​ធ្វើឱ្យ​ទឹក​ក្នុង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​ធានា​បាន​តុល្យភាព មិន​រីងស្ងួត និង​រក្សាបាន​នូវ​ភាពស្រស់ស្អាត​ក្នុង​ក​សិន្ធុ​ជានិច្ច​៕​ ​ដោយ​:​កូឡាប​

spot_img
×