Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បី​ថា តារាចម្រៀង ឡេង ណា​វ៉ាត់​ត្រា ឡើង​តំណែង​ឧកញ៉ា នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ

spot_img

ភ្នំពេញ​-​ម្ចាស់​ផលិតកម្ម Galaxy ដែល​គ្រប់​គ្នា​បានដឹងថា វិវឌ្ឍន៍​ខ្លួន​ពី​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ក្លាយ​ជា​ថៅកែ​ផ្ទះល្វែង និង​ពុះ​ដី​ឡូ​តិ៍លក់ លោក ឡេង ​ណា​វ៉ាត់​ត្រា ពេល​នេះ​ទទួលបាន​គោ​រម្យ​ងារ នឹង​ត្រូវ​ប្រកាស​ឡើង​ជា​ផ្លូវការ ជា​លោក ឧកញ៉ា នាពេល​ខាងមុខ​នេះ​ហើយ​។

​យោងតាម​ការប្រកាសរ​បស់​លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​នាយករដ្ឋមន្ត្រី នៅក្នុង​កម្មវិធី​ខួប​១០​ឆ្នាំ​នៃ​ប្រព័ន្ធ​អនុញ្ញាត EPS បាន​ទទួលស្គាល់​លោក ឡេង ណា​វ៉ាត់​ត្រា ដែល​ជា​តារាចម្រៀង និង​ជា​អតីត​ពលករ​នៅ​ក្នុង​ប្រទេស​កូរ៉េ​បាន​ក្លាយជា​ឧកញ៉ា​ហើយ ដោយ​លោក​បាន​ទាំង​អបអរ​ដល់​តារា​ចម្រៀង​រូបនេះ និង​ថា​លោក​ជា​តារា​សិល្បៈ​វ័យក្មេង​មួយរូប ដែល​បាន​វិវត្តន៍​ខ្លួន​ក្លាយ​ជា​អ្នកជំនួញ និង​ក្លាយជា​ឧកញ៉ា​តាមរយៈ​ការរួមចំណែក​ជួយ​ដល់​សង្គម​នោះ​ផង​។

​ប្រភព​ផ្លូវការ​បាន​អះអាងថា គោរមងារ​របស់លោក​នឹង​ធ្លាក់​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់ៗ ​អីចឹង​ហើយ​ទើប​អ្នកមុខអ្នកការ​ដែល​បានដឹង​ពី​គម្រោង​នៃ​ការប្រកាស​នោះបាន​ហៅ​លោក ថា លោក​ឧកញ៉ា រួចជាស្រេច ជាពិសេស​គឺ​ការប្រកាស​របស់​លោក ហ៊ុន ​ម៉ា​ណែ​ត តែម្ដង​។ លោក​គឺជា​អ្នកសិល្បៈ​ទី​២ ដែល​បាន​ទទួល​ងារ​ជា​លោក​ឧកញ៉ា បន្ទាប់​ពី​តារា​កំប្លែង​នាយ​ឃ្លោក ​ដែល​មាន​គុណបំណាច់​ជាច្រើន​ក្នុង​ការរួមចំណែក​ជួយ​ដល់​សង្គម ក៏​បាន​ទទួល​គោរមងារ​មួយ​នេះ​ផងដែរ​។​

​លោក​ឡេង ណា​វ៉ាត់​ត្រា បាន​អះអាង​ថា លោក​ពិតជា​ត្រូវ​បាន​ស្នើ​អោយ​ឡើង​ជា​ឧកញ៉ា​ប្រាកដ​មែន ប៉ុន្តែ​មិន​ទាន់​ច្បាស់​ថា​នឹង​ធ្លាក់​លិខិត​ប្រកាស​នោះ​ក្នុង​ពេល​ណា​នោះទេ​។ យ៉ាងណាមិញ លោក​ថា​សម្រាប់​ថ្នាក់ៗ​ដែល​បាន​មើលឃើញ​ពី​សកម្មភាព​របស់​លោក បាន​ទទួលស្គាល់​ពី​ការតែងតាំង​នោះ​រួច​អស់ហើយ បន្ទាប់ពី​លោក​បាន​រួមចំណែក​ជួយ​ដល់​សង្គម​នា​មួយ​រយៈ​ចុង​ក្រោយ ដែល​រួមមាន​ជួយ​សមាគម​សិល្បករ​ខ្មែរ ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ជួយ​ដល់​កាកបាទក្រហមកម្ពុជា​ជាដើម​។​

​លោក​ថា​ទោះជា​លោក​មាន​ឈ្មោះ​ថា ជា​ឧកញ៉ា តែ​លោក​មិន​បោះបង់​ការងារ​ជា​តារា​ចម្រៀង​នោះទេ ដោយ​លោក​នឹង​នៅតែ​បន្ត​បញ្ចេញ​បទ​ចម្រៀង​នៅក្នុង​ផលិតកម្ម Galaxy ជា​ហូរហែរ ដោយ​ក្នុង​ពេលខាងមុខ លោក​ក៏​នឹង​ត្រលប់មក​ផលិត​ភាពយន្ត​ជាថ្មី​ផងដែរ បន្ទាប់ពី​បាន​ផលិត​រឿង “​កំពូល​ល្ងង់​នៅ​អាស៊ី​” ទទួលបាន​ជោគជ័យ​៕ ដោយ​-​គីម ស្រីរ័ត្ន

spot_img
×