Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ប្រកាស​ដាក់ចេញ​នូវ​ការធ្វើកំណែទម្រង់​ជាច្រើន ដើម្បី​ធានា​ដល់​ការធ្វើ​ពាណិជ្ជកម្ម ក្នុងការ​ប្រកួតប្រជែង​ទំនិញ​របស់​កម្ពុជា នៅលើ​ទី​ផ្សរ​អន្តរជាតិ​

spot_img

​នៅ​ថ្ងៃ​សុក្រ ៩​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើក​ទី​១៨ ដែល​ប្រារព្ធ​ធ្វើ​នៅ វិមាន​សន្តិភាព​ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា អ្នកវិនិយោគ​គិ​ន ធុរជន​ដែល​កំពុង​វិនិយោគ និង​ធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​តំណាង​ផ្នែក​វិស័យ​ឯកជន​ទាំងអស់​ដែល​បាន​ចូលរួម​អភិវឌ្ឍ​ប្រទេស ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា​។ ជាមួយគ្នានេះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍​ចំពោះ​ការលើកឡើង​ដោយស្មោះ​ត្រង់ និង​ក្នុងន័យ​ស្ថាបនា​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​នានា​ក្នុងនាម​ជា​ដៃគូ​សន្ទនា​ដែល​មិនអាច​ខ្វះ​បាន ដើម្បី​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​សមាហរណកម្ម​នៅក្នុង​តំបន់​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសា​ន៍​អំពី​ការដាក់ចេញ​នូវ​គោលនយោបាយ និង​ជំរុញ​ឲ្យ​មានការ​អនុវត្ត​ប្រកបដោយ​ឆន្ទៈ​មោះមុត​ឥត​រាថយ​នូវ​កញ្ចប់​វិធានការ​កែទម្រង់​នៅក្រោម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤​ស្របតាម​បាវចនា​២ គឺ​កែទម្រង់​ខាងក្នុង និង​បង្កើន​មិត្ត​ខាងក្រៅ ដោយ​ឈរលើ​ស្មារតី​ឯករាជ្យ​ជាមួយគ្នា​នឹង អភិក្រម​ទាំង​៥​គឺ ឆ្លុះកញ្ចក់​, ងូតទឹក​, ដុះក្អែល​, ព្យាបាល និង​វះកាត់ សំដៅ​កែលម្អ​ភាព​ប្រកួតប្រជែង និង​បង្កើនល្បឿន​នៃ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ​ក្នុង​គោលដៅ​ធានា​នូវ​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន​និង​មាន​ភាព​ធន់​រឹងមាំ​សម្រាប់​រយៈពេល​វែង​ខាងមុខ និង​បង្កើន​បរិមាណ​ការងារ​ប្រកបដោយ​គុណភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។

​នៅក្នុង​វេទិកា​នេះ​ផងដែរ តំណាង​វិស័យ​ឯកជន​បានលើកឡើង​ពី​មាន​សារសំខាន់​នៃ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ និង​ចាត់ទុកថា​ជា​ធាតុ​ចូល​សម្រាប់​រាជរដ្ឋាភិបាល​ក្នុងការ​សម្រេចបាន​ជាល​ក្ខ​ណៈ​គោលនយោបាយ​ក្នុងការ​ដឹកនាំ​និង​ធ្វើអោយ​ប្រទេសជាតិ​កាន់តែ​មានការ​រីកចម្រើន​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ដោយមាន​ការជជែក​ដោយ​បើកចំហ​រវាង​ការងារ​របស់​រាជរដ្ឋាភិបាល​ដែលមាន​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាមួយនឹង​អ្នកធ្វើអាជីវកម្ម​នៅ​កម្ពុជា​ទៅលើ​បញ្ហា​ពាក់ព័ន្ធ​ការវិនិយោគ​, ការធ្វើ​ពាណិជ្ជកម្ម និង​ធ្វើ​ធុរកិច្ច ជាមួយគ្នានេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានប្រកាស​ដាក់ចេញ​នូវ​ការធ្វើកំណែទម្រង់​ជាច្រើន ដើម្បី​ធានា​ដល់​ការធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ក៏ដូចជា​ធានា​ដល់​ការប្រកួតប្រជែង​ទំនិញ​របស់​កម្ពុជា​នៅលើ​ទីផ្សារ​អន្តរជាតិ ជាពិសេស ដើម្បី​លើកស្ទួយ​សេដ្ឋកិច្ចកម្ពុជា​ឲ្យ​កាន់​តែមាន​ភាពរឹងមាំ​ថែមទៀត​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​នេះ បាននិងកំពុង​ធ្វើការ​កែទម្រង់​យ៉ាង​មុត​ស្រួច និង​ស៊ីជម្រៅ​សំដៅ​កែលម្អ​និង​លើកស្ទួយ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ជាពិសេស​វិធានការ​សម្រួល​ពាណិជ្ជកម្ម និង​កាត់​បន្ថយថ្លៃ​លើ​ការធ្វើ​ធុរកិច្ច មាន​ជាអាទិ៍​គឺ រាជរដ្ឋាភិបាល​បាន​លុបបំបាត់​នូវ​វិញ្ញាបនបត្រ​ប្រភពដើម​ទំនិញ (CO) ការកែសម្រួល​មុខងារ និង​មុខនាទី​របស់​កាំកុងត្រូល​ចេញពី​ការត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំចូល​, ការរំសាយ​អង្គភាព​កាំសាប​, ការកាត់បន្ថយ​ថ្លៃ Scan កុងតឺន័រ និង​ថ្លៃ​សេវា​មួយចំនួនទៀត ពិសេស​ការកែលម្អ​សេវា​អ្នក​ជាប់ពន្ធ​, ការលើកទឹកចិត្ត​ផ្នែក​សារពើពន្ធ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម និង​វិធានការណ៍​សំខាន់ៗ​ជា​លក្ខណៈ​ប្រព័ន្ធ​ជាច្រើន​ថែមទៀត​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់ថា ការកែទម្រង់​បែបនេះ មិនមែន​ដោយសារតែ​ហេតុផល​រឿង (EBA) នោះទេ គឺ​ដើម្បី​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជា​ខ្លួនឯង​នាពេលខាងមុខ ដែលជា​ភាពចាំបាច់​ដើម្បី​ឲ្យ​កម្ពុជា​អាច​លក់​ផលិតផល​ដោយមាន​ភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​បាន​ទូលំទូលាយ ជាពិសេស​គឺ ដើម្បី​ពង្រឹង​សេដ្ឋកិច្ចកម្ពុជា​ឆ្ពោះ​ទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

​ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា នៅពេល​កម្ពុជា​បានដាក់​ចេញ​នូវ​ការកែទម្រង់​នេះ​គឺ​នឹង​ធ្វើអោយ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​នឹងមាន​ឱកាស​រឹតតែ​ប្រសើរឡើង​ដែល​នឹង​ផ្ដល់នូវ​ភាព​ទាក់ទាញ​កាន់តែខ្លាំង​សម្រាប់​វិនិយោគិន​និង​ធុរជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ ការកែទម្រង់​នេះ​ទៀតសោត គឺ​បាន​លើកកម្ពស់​ភាព​ប្រកួតប្រជែង ជាពិសេស​តាមរយៈ ការកាត់បន្ថយ​ថ្លៃ​សេវា​នៃ​ការធ្វើ​ធុរកិច្ច​, ការបង្កើន​ប្រសិទ្ធភាព​នៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការកែលំអ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​នូវ​បរិយាកាស​ធុរកិច្ច ដែល​ជួយ​ឲ្យ​វិនិយោគ​គិ​ន និង​ធុរជន​ទាំងឡាយ​អាច​រក​ចំណេញ​បាន​សមស្រប​នៅក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​អា​ជីវ​កម្ម​របស់ខ្លួន ដើម្បី​បម្រើ​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស ទោះបីជា​ត្រូវ​បង់ពន្ធ​ទៅវិញទៅមក​ក៏ដោយ តែ​វា​បាន​ចូលរួមចំណែក​ដល់​ការលើកស្ទួយ​កំណើន​សេដ្ឋកិច្ចជាតិ​, បង្កើត​ការងារ​ជូន​ដល់​ពលរដ្ឋ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។

​មុននឹង​បញ្ចប់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន និង​ក្រុមហ៊ុន​វិ​និ​យោគ​ទាំងអស់ រួមទាំង​សហគ្រាស​តូច និង​មធ្យម​ត្រូវ​ចុះបញ្ជី​ក្រុមហ៊ុន​អោយបាន​ត្រឹមត្រូវ និង​ត្រូវបំពេញ​នូវ​កាត​ព្វ​ព្វ​កិច្ច និង​អនុវត្ត​ការងារ​អោយមាន​ប្រសិទ្ធភាព​ស្របតាម​បទ​បញ្ញា​តិ​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល ដែល​បានកំណត់ ជាពិសេស​ត្រូវធ្វើ​អោយមាន​បរិយាកាស​ការងារ​ល្អប្រសើរ​ដល់ក​ម្មករ និយោជិត​ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ជូនពរ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់​ជួបតែ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ​គ្នា​។

​បងប្អូន​ពា​ណី​ជ្ជ​ករ និង​វិនិយោគ​គិ​ន អាច​ទស្សនា​វីដេអូ​ដែល​បាន​ផ្សាយ​ផ្ទាល់​រួចហើយ​កាលពី​ព្រឹក​មិញ​នេះ​ក្នុង​ហ្វេ​ស​ប៊ុ​គ​ផ្លូវការ​សម្តេច​តេ​ជោ ។ ចំពោះ​ខ្លឹមសារ​ជា​អត្ថបទ​អំពី​ចំណុច​សំខាន់ៗ​ដែល សម្តេច​តេ​ជោ បានដាក់​ចេញ​ក្នុង​វេទិកា​នេះ នឹងមាន​ផ្សាយ​ជូន​នាពេល​បន្តបន្ទាប់​នេះ​៕​  ដោយ ៖ កូឡាប

spot_img
×