Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លុបចោល​ថ្ងៃ​ឈប់សម្រាក​ចំនួន​៧​ថ្ងៃ

spot_img

(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩​នេះ បានសម្រេច​លុបចោល​ថ្ងៃ​ឈប់សម្រាក​ចំនួន​៧​ថ្ងៃ នៃ​ថ្ងៃ​ឈប់សម្រាក​ពេញ​មួយឆ្នាំ ដែលមាន​រយៈពេល​ប្រមាណ​៣០​ថ្ងៃ​។​

ក្នុង​អញ្ជើញ​ជា​អធិបតី ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើក​ទី​១៨ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩​នេះ​ ។ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​បុណ្យ និង​ទិវា​ផ្សេងៗ យើង​ពិនិត្យឃើញថា ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ នៅ​កម្ពុជា មាន​ចំនួន​ច្រើនជាង​ប្រទេសជិតខាង​។ សម្រាប់​កម្ពុជា នាពេល​កន្លងមក យើង​មាន​ថ្ងៃ​ឈប់សម្រាក ពី​២៨​ថ្ងៃ ទៅ​៣០​ថ្ងៃ ក្នុង​មួយឆ្នាំ នៅ​ដែល​ប្រទេសជិតខាង ដូចជា វៀតណាម មានតែ​១៣​ថ្ងៃ ប្រទេស​ឡាវ មានតែ​១២​ថ្ងៃ ប្រទេស​ថៃ មាន​១៦​ថ្ងៃ ប្រទេស​សិង្ហ​បុរី មាន​១២​ថ្ងៃ​។ ខ្ញុំ​បាន​ណែនាំ​ដល់​ក្រុម​អន្ដ​ក្រសួង​ស្ថាប័ន នៅក្រោម​ការសម្របសម្រួល របស់​គណៈកម្មាការ​គោល​នយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិនិត្យ និង​លើកសំណើ​កាត់បន្ថយ​ចំនួន​ថ្ងៃ​ឈប់សម្រាក ហើយ​បានសម្រេច​លុប​ថ្ងៃ​ឈប់សម្រាក សរុប​ចំនួន​៧​ថ្ងៃ ដែល​នឹងត្រូវ​ចាប់ផ្ដើម​អនុវត្ដ ចាប់ពី​ឆ្នាំ​២០២០​ទៅ​។ ខ្ញុំ​សូម​គូសបញ្ជាក់​បន្ថែមថា ការកាត់បន្ថយ​ចំនួន​ថ្ងៃ​ឈប់សម្រាក​ការងារ​នេះ គឺ​មិនមែន​មានន័យថា ជាការ​លុបបំបាត់ចោល ពិធីបុណ្យ ព្រះរាជ​ពិធី និង​ទិវា​ជាតិ​អន្ដរជាតិ ដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា តែងតែ​ប្រារព្ធ​ធ្វើ​យ៉ាង​ខ្ជាប់ខ្ជួន​កន្លងមក​នោះទេ ក៏ប៉ុន្ដែ​ចំ​ថ្ងៃ​ប្រារព្ធ​ពិធី​នោះ មន្ដ្រីរាជការ ក្នុង​វិស័យ​សាធារណៈ និង​និ​យោ​ជិ​ក កម្មករ​ក្នុង​វិស័យ​ឯកជន​ទាំងអស់ ត្រូវបំពេញ​ការងារ​ជាធម្មតា​។​
សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​មានការ​ពិចារណ​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក ដោយ​លើកយក​ថ្ងៃ​សម្រាក​មួយថ្ងៃៗ ទៅ​បូក​ជាមួយ​ថ្ងៃបុណ្យ​ចូលឆ្នាំ និង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​ឲ្យ​មាន​រយៈពេល​ឈប់​បានយូរ​។ ចំពោះ​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ ដែល​ប្រារព្ធ​ឡើង​រយៈពេល​៣​ថ្ងៃនោះ ត្រូវ​លុបចោល​២​ថ្ងៃ​វិញ នៅសល់តែ​១​ថ្ងៃ​ប៉ុណ្ណោះ​។ ស្នើសុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដូចជា​មន្ត្រីរាជការ​ទាំ​ង​អស់ ព្រោះ​ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក ដោយ​សម្តេច​ចាត់ទុក ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​នេះ គឺជា​ការធ្វើកំណែទម្រង់ ដើម្បី​ធានា​ដល់​ដំណើរការ នៃ​ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា ដោយ​មិន​ខ្វល់​ថា​មាន ឬ គ្មាន EBA នោះទេ ហើយ​ដើម្បី​កុំ​ឲ្យ​អ្នករកស៊ី​រត់ចេញ​ពី​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ខ្ញុំ​សូម​ស្នើ​មេ​ត្ដា​យោគយល់ មន្ដ្រីរាជការ កងកម្លាំង​ប្រដាក់​អាវុធ ក៏ដូចជា​កម្មករ កម្មការិនី របស់​យើង​មេ​ត្ដា​យោគយល់ ដល់​ស្ថានភាព​ប្រទេសជាតិ​របស់​យើង ការពិតទៅ​កាលពី​ដើមឡើយ ចំនួន​ថ្ងៃ​ឈប់សម្រាក​របស់​យើង ក៏មាន​ចំនួន​តិច​ទេ ក៏ប៉ុន្ដែ​ក្នុង​មួយឆ្នាំៗ យើង​ចេះតែ​បង្កើនៗ រហូតមកដល់​ពេលនេះ ធ្វើ​ឲ្យ​ប្រទេស​របស់​យើង ដែលជា​ប្រទេស​ក្រ ក៏ប៉ុន្ដែ​ក្លាយជា​ប្រទេស ដែលមាន​ថ្ងៃ​ឈប់សម្រាក​ច្រើនជាងគេ ដែល​ធ្វើ​ឲ្យ​មានការ​លំបាក ទៅដល់​ការរីកលូតលាស់ រីកចម្រើន​លូតលាស់​សេដ្ឋកិច្ចជាតិ ​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×