Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​វៀតណាម បាន​ជំហរ​ប្តេជ្ញា​ពង្រឹង​នូវ​កិច្ច​សហ​ប្រតិ​ប​ការ ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​

spot_img

ភ្នំពេញ ៖ ក្រសួងការពារជាតិ កម្ពុជា​-​វៀតណាម បាន​ជំហរ​ប្តេជ្ញា​ពង្រឹង​នូវ​កិច្ច​សហ​ប្រតិ​ប​ការ ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត ដើម្បី​ទប់ស្កាត់​អំពី​ការ​ជិះ​ឥទ្ធិពល​អវិជ្ជមាន និង​ការគំរាមកំហែង ពី​ក្រៅប្រទេស ជាពិសេស​ឥទ្ធិពល​របស់ ប្រទេស​មហាអំណាច ។​

ក្នុង​កិច្ចសន្ទនា​នយោបាយ​ការពារជាតិ ថ្នាក់​អនុរដ្ឋមន្ត្រី លើក​ទី​៣ ក្រសួងការពារជាតិ កម្ពុជា​-​វៀតណាម នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៧​នេះ នៅ​ក្រសួងការពារជាតិ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ បាន​ថ្លែងប្រាប់​ទៅ​ភាគី​វៀតណាម នៅក្នុង​កិច្ចសន្ទនា​នេះ​ថា នៅក្នុង​បរិបទ នៃ​សភាពការណ៍​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ជំរុញ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន នូវ​គោលនយោបាយ​ការបរទេស ក្នុង​គោលដៅ​ពង្រឹង និង​ពង្រីក ចំណង​ទំនាក់ទំនង​មិត្តភាព និង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​មិត្ត​ជិតខាង និង​បណ្តា​ប្រទេស​ជា​មិត្ត​ជិត​ឆ្ងាយ ក៏ដូចជា​ដៃគូរ​អភិវឌ្ឍ​នានា ជាពិសេស​ជាមួយ​ប្រទេស​វៀតណាម ដែលជា​មិត្ត​ជិតខាង​ដ៏​ល្អ ទោះ​ស្ថិតក្នុង​កាលៈទេសៈ​នា​ក៏ដោយ ក៏​ថ្នាក់ដឹកនាំ​បក្ស រដ្ឋាភិបាល កងទ័ព និង​ប្រជាជន នៃ​ប្រទេស​យើង​ទាំងពីរ នៅតែ​រក្សាបាន​ភាពរឹងមាំ​នៃ​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​មិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី​យូរអង្វែង​។​

​ចំណែក​លោក ង្វៀង ជី​វិញ សមាជិក​ម​ជ្ឈឹ​ម​បក្ស​កុ​ម្មុនី​ស្ត​វៀតណាម និង​ជា​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​វៀតណាម ក៏បាន​ថ្លែង​ដែរ​ថា ដំណាក់កាល​នេះ វៀតណាម និង​កម្ពុជា ត្រូវតែ​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ លើ​គ្រប់​វិស័យ ដោយ​រាប់បញ្ចូល​ទាំង​វិស័យ​ការពារជាតិ​ផងដែរ​។ កម្ពុជា​-​វៀតណាម កាន់តែ​ដើរតួ​យ៉ាងសំខាន់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ បើតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត បន្ទាប់ពី​បញ្ចប់​នូវ​កិច្ចសន្ទនា​ថ្នាក់​អនុរដ្ឋមន្ត្រី លើក​ទី​៣​នេះ ភាគី​យើង​ទាំងពីរ ត្រូវ​បន្ត​សហការ អនុវត្ត​ឲ្យ​បានល្អ​ប្រសើរឡើង​ថែមទៀត នៅក្នុង​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ​រវាង​កងទ័ព​ដូចតទៅ​៖១៖ ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បានល្អ​ប្រសើរ តាម​ផែនការ និង​ខ្លឹមសារ​នៃ​អនុស្សរណៈ ក៏ដូចជា​ពិធីសារ​ស្តីពី កិច្ចសហប្រតិបត្តិការ រវាង​ក្រសួងការពារជាតិ​កម្ពុ​ជា ជាមួយ​ក្រសួងការពារជាតិ​វៀតណាម ដើម្បី​លើកកម្ពស់ នូវ​ចំណង​សាមគ្គីភាព មិត្តភាព​រវាង​កងទ័ព និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​រឹងមាំ​ថែមទៀត​។ ២៖ បន្ត​គាំទ្រ​សហការ​ជិតស្និទ្ធ និង​មាន​ប្រសិទ្ធភាព​ក្នុងការ​ចូលរួម​ជាមួយ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ លើ​ការកសាង​ព្រំដែន​សន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និង​អភិវឌ្ឍ​។ ៣៖ បន្ត​លើ​កម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង សមាគម​អតីតយុទ្ធជន​កម្ពុជា ជាមួយនឹង​សមាគម​អតីតយុទ្ធជន​វៀតណាម ដើម្បី​ផ្លាស់ប្តូរ បទពិសោធន៍ ក៏ដូចជា​ការបន្ត​នូវ​ប្រពៃណី ដ៏​ល្អ​ផូរផង់​នៃ​អតីត​កងទ័ព​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម ជាពិសេស​បន្ត​កិច្ចសហប្រតិបត្តិការ ល្អ​រវាង​យុវជន និង​នារី​ក្នុង​កងទ័ព​ទាំងពីរ ផ្សព្វផ្សាយ​ទូលំទូលាយ អប់រំ​កម្លាំង​បន្តវេន​ជំនាន់​ក្រោយ​ឲ្យ​យល់ច្បាស់​ពី​សារសំខាន់​ក្នុងការ​ពង្រឹង និង​កសាង​ទំនាក់​ទំនងជា​ប្រពៃណី រវាង​កងទ័ព និង​ប្រជាជន​ទាំងពីរ និង ៤៖ បន្ត​សហការ​ជិតស្និទ្ធ​ថែមទៀត នៅតាម​បណ្តា​អន្តរជាតិ​នានា ជាពិសេស​វេទិការ​តំបន់​អាស៊ាន និង​សកលលោក ចំពោះ​បញ្ហា​ទាក់ទង​ដល់​ប្រទេស និង​កងទ័ព យើង​ទាំងពីរ សំដៅ​ការទាញយក​ពី​អន្តរជាតិ ដើម្បី​ប្រយោជន៍​រួម​របស់​កងទ័ព និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

 

spot_img
×