Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណើរ​ទស្សនកិច្ច​ផ្លូវការ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រយៈពេល​៤​ថ្ងៃ

spot_img

​ភ្នំពេញ​៖​នៅ​យប់​ថ្ងៃ​សៅរ៍ ១០​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៩​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ អញ្ជើញ​ចាក​ចេញពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​វិញ​ហើយ បន្ទាប់ពី​សម្ដេច​បាន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ នៅ​ទីក្រុង​ប៉េកាំង ចាប់ពី​ថ្ងៃទី​២៧​ដល់​ថ្ងៃទី​៣០ ខែមីនា​នេះ​។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រយៈពេល​៤​ថ្ងៃ​មកនេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ទ្វេភាគី និង​ធ្វើជា​សហ​អធិបតី​ជាមួយ ឯកឧត្តម ចាវ ឃើ​ជឺ សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ពិធី​បើក​ជា​ផ្លូវការ «​ឆ្នាំ​សហប្រតិបត្តិ​ការអនុវត្ត​ច្បាប់ កម្ពុជា ចិន ឆ្នាំ​២០១៩»​។​

​កម្មវិធី​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​បន្ទាប់ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ស៊ី ជីន​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ខែមករា ឆ្នាំ​២០១៩ បាន​ជួប​ពិភាក្សាគ្នា និង​ព្រមព្រៀង​កំណត់​យក​ឆ្នាំ​២០១៩ ជា​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង កម្ពុជា និង​ចិន​។

​យន្តការ​នេះ មាន​គោលបំណង​ធ្វើ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ ជាពិសេស ការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បទល្មើស​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត អំពើ​ភេ​វរ​កម្ម ការជួញដូរ​មនុស្ស ការប្រយុទ្ធប្រឆាំង​គ្រឿង​ញឿ​ន និង​ការកសាង​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់​។​

​ក្នុងជំនួប​នាឱកាស​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម ចាវ ឃើ​ជឺ រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​រវាង​កងកម្លាំង​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំងពីរ​ក្នុង​រយៈពេល​កន្លងមក ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ឈរលើ​គោលការណ៍​គោរព​អធិបតេយ្យ ស្របតាម​ច្បាប់​នៃ​ប្រទេស​រៀងៗ​ខ្លួន និង​មិត្ត​ភាពជា​ភាត​រៈ​។​

​បន្ទាប់មក ភាគី​ទាំងពីរ បាន​ចុះហត្ថលេខា​លើ​ឯកសារ​សហប្រតិបត្តិកា​រ​សំខាន់ៗ​ចំនួន​៣ រួមមាន ១,​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​ឆបោក​តាម​មធ្យោបាយ​ទូរគមនាគមន៍ ២,​ផែនការ​សកម្មភាព​ស​ម្រា​ប់​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួងមហាផ្ទៃ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចាប់ពី​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២៤ និង​៣,​ផែនការ​ការងារ​សម្រាប់​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់ ឆ្នាំ​២០១៩ រវាង​ក្រសួងមហាផ្ទៃ និង​ក្រសួង​សន្តិសុខ​សាធារណៈ​។​

​ក្រៅពី​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​សន្តិសុខ​សាធារណៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​ជួបពិភាក្សា​ជាមួយ ឯកឧត្តម ហ្គ័​រ សាំង​ឃុន សមាជិក​ការិយាល័យ​នយោបាយ​ម​ជ្ឈឹ​ម​បក្ស និង​ជា​លេខា​គណៈកម្មាធិការ​កណ្ដាល​កិច្ចការ​នយោបាយ និង​ច្បាប់​នៃ​បក្ស​កុម្មុយនីស្ត​ចិន និង​ឯកឧត្តម ឆិ​ន វិ​ន​ឈី​ង សមាជិក​គណៈកម្មាធិកា​រម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​ចិន និង​ជា​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​ជាតិ នៃ​សាធារណរដ្ឋ​ប្រមា​និ​ត​ចិន​ដែរ​។​

​នៅក្នុង​ជំនួប​ដ៏​មាន​សារៈ​នោះ សម្ដេច​ក្រឡាហោម ស ខេង និង​សម​ភាគី​ចិន បាន​ជជែក​ពិភាក្សាគ្នា​អំពី​កិច្ចការ​មួយចំនួន រួមមាន​ការផ្លាស់ប្ដូរ​ប្រតិភូ​ដើម្បី​ដក​បទពិសោធន៍​ការងារ ការបណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ដល់​កងកម្លាំង​អនុវត្ត​ច្បាប់ និង​ការវាយតម្លៃ​ការអនុវត្ត​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​សន្តិសុខ​ជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕​ ដោយ​៖​កូ​ឡាប​

spot_img
×