ភ្នំពេញ ៖ លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ក្នុងសម័យអតីតកាល នៅពេលនិយាយដល់ពន្ធនាគារ ឬជាភាសាសាមញ្ញហៅថា “គុក” យើងតែងមានអារម្មណ៍តក់ស្លុត និងភ័យខ្លាច ព្រោះត្រូវបានគេប្រើប្រាស់ជាកន្លែងអនុវត្តទោស តាមរបៀបការធ្វើទារុណកម្ម ដើម្បីទណ្ឌិតរាងចាល បាក់ស្បាត និងលែងហ៊ានប្រព្រឹត្តខុសឆ្គង ប៉ុន្តែ ក្នុងសម័យបច្ចុប្បន្ន ទស្សនទាននៃការបង្កើតពន្ធនាគារ គឺជាកន្លែងធ្វើការអប់រំ កែប្រែ និងកសាងនីតិសម្បទា ដោយគ្រាន់តែដកហូតសិទ្ធិជាមូលដ្ឋានមួយផ្នែក ក្នុងរយៈពេលឃុំឃាំងអនុវត្តទោស។
លោកបានថ្លែងបន្តថា សម្រាប់កម្មវិធីព្រឹកទី២១ខែធ្នូនេះ ខ្ញុំបាទក្នុងនាមជាតំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជួបប្រជុំជាមួយឯកឧត្តមអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដើម្បីពិភាក្សារួមគ្នាលើសំណើសុំកិច្ចសហការជំរុញការងារបណ្តុះបណ្ដាលវិជ្ជាជីវៈ និងមុខរបរពិតប្រាកដដល់ទណ្ឌិត រួមចំណែកកាត់បន្ថយភាពមិនរាងចាល និងជួយដល់ទណ្ឌិតមានចំណេះជំនាញ សម្រាប់ត្រៀមលក្ខណៈសម្បត្តិធ្វើសមាហរណកម្មពួកគេចូលទៅក្នុងសហគមន៍វិញ។
លោកអភិបាលរង បានបញ្ជាក់ថា “ខ្ញុំសូមយកឱកាសដ៏វិសេសវិសាលនេះ អំពាវនាវដល់ប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញសាលារាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១២ វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមជួយបង្កលក្ខណៈ និងសហការជិតស្និតជាមួយមណ្ឌលអប់រំកែប្រែទី១ ទី២ និងពន្ធនាគាររាជធានីភ្នំពេញ ដើម្បីហ្វឺកហ្វឹនទណ្ឌិតឱ្យប្រែក្លាយខ្លួនជាពលរដ្ឋល្អ និងមិនប្រព្រឹត្តបទល្មើសសារជាថ្មី ដែលនេះគឺជាស្នូលដ៏សំខាន់នៃក្របខ័ណ្ឌកំណែទម្រង់ពន្ធនាគារស្របតាមអនុសាសន៍ដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ”៕ ដោយ៖កូឡាប