Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ចោទ លោក ផែង វណ្ណៈ ពីបទ​ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​

spot_img

​ភ្នំពេញ ៖ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់ និង​ក៏​ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៤ ឈ្មោះ ផែង វណ្ណៈ ត្រូវ​តុលាការ បាន​សាកសួរ​ពេញ​មួយ​ថ្ងៃរសៀល​នេះ ក្រោយ​ការឃាត់ខ្លួន​សាកសួរ​នៅ​ថ្ងៃទី​២​មេសា ពីបទ​ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​និង​បរិហារកេរ្តិ៍​ជា​សាធារណៈ ហើយ​បញ្ជូន​ត្រឡប់​ទៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នឹង​បន្ត​សាក​សួរ​នៅ​តុលាការ​ម្តងទៀត​នៅ​ថ្ងៃទី​៣​មេសា​នេះ​។​

​ពាក់ព័ន្ធ​ករណី​បទល្មើស ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ កំណត់​​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល​ពី ៦​ខែ ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល ទៅ​៤​លាន​រៀល​។ ចំណែក​បទល្មើស​បរិហា​រ​កេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ កំណត់​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល​ទៅ​១០​លាន​រៀល​។​

​លោក ផែង វណ្ណៈ បាន​រង​ការប្តឹង​នូវ​អំពើ​មួយចំនួន ក្នុងនោះ​រួមមាន បណ្តឹង​របស់​អង្គភាព​សារព័ត៌មាន Fresh News និង​បណ្តឹង​របស់​មេធាវី​ការពារ​សម្តេច​តេ​ជោ ហ៊ុនសែន​ផងដែរ​។ រឿងរ៉ាវ​ដែលនាំអោយ​មានការ​ប្តឹង​នេះ បាន​ផ្តើមដំបូង​បន្ទាប់ពី លោក​ផែង វណ្ណៈ បាន​យកប្រាក់​ចំនួន​៥​ពាន់​ដុល្លារ តំណាងអោយ​ក្រុមគ្រួសារ​របស់​កញ្ញា យិន ម៉ា​ណា ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​របស់​ក្រុមគ្រួសារ​មួយ ដែលមាន​កូនស្រី​អាយុ​២២​ឆ្នាំ បាន​រង​នឹង​អំពើ​បុក​ស្លាប់​ដោយសារ​ការបើក​បររថ​យន្ត​របស់​កញ្ញា យិន ម៉ា​ណា ។ ស្ត្រី​ជា​ជនរងគ្រោះ​ឈ្មោះ ឌុំ រី​ដា ត្រូវបាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ កាលពី​ថ្ងៃទី​២៦​មីនា ក្នុងពេល​នាង​កំពុង​ជិះ​លើផ្លូវ​ថ្នល់​មួយកន្លែង​ក្នុង​ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ​។ អំពើ​បុក​មនុស្ស​ស្លាប់​ជាមួយនឹង​ការរត់​គេចខ្លួន​នោះ ត្រូវបាន​បណ្តាញ​សង្គម បាន​ផ្សព្វផ្សាយ​បណ្តាល​ឲ្យ​មាន​ភាព រំជើបរំជួល​ខ្លាំង និង​មានការ​រិះគន់​យ៉ាង​ក្រៃលែង​ពី​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ដែល​ថ្កោលទោស និង​ទទូច​អោយ​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​។ ក្នុងពេល​ហេតុការណ៍​ដែលមាន​ការរិះគន់​ខ្លាំង​ពី​បណ្តាញ​ហ្វេ​ស​ប៊ុ​ក លោក​ផែង វណ្ណៈ ត្រូវគេ​ឃើញថា បាន​ធ្វើជា​តំណាង​ឲ្យ​ក្រុមគ្រួសារ​របស់​កញ្ញា យិន ម៉ា​ណា និង​បាន​យកលុយ​៥​ពាន់​ដុល្លារ​ជូន​ដល់​ក្រុមគ្រួសារ​ដែល​រងគ្រោះ​។ អំពើ​នោះ បាន​នាំអោយ​បណ្តាញ​សង្គម​បាន​ចោទប្រកាន់​លើ​លោក ផែង វណ្ណៈ និង​ក៏មាន​ការសរសេរ​ព័ត៌មាន​នានា​ពី​បណ្តាញសារព័ត៌មាន​ក្នុងស្រុក ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់ លោក​ផែង វណ្ណៈ ក្នុងនោះ​ក៏​រួមមាន​ទីភ្នាក់ងារ​អង្គភាព​សារព័ត៌មាន Fresh News ផងដែរ ។​

​លោក​ផែង វណ្ណៈ បាន​ប្រតិកម្ម​ចំពោះ​ការសរសេរ​របស់​អង្គភាព​សារព័ត៌មាន Fresh News និង​និយាយ​ចោទថា​អង្គភាព​សារព័ត៌មាន Fresh News ធ្វើ​តែ​ព័ត៌មាន​ណា​ដែល​ទទួល​បានតែ​លាភសក្ការៈ ។ ការចោទប្រកាន់​លើ​ទីភ្នាក់ងារ​អង្គភាព​សារព័ត៌មាន Fresh News ដែលមាន​មនុស្ស​ច្រើន លាន​នាក់​បាន​ចូល​ទស្សនា​រៀងរាល់​ថ្ងៃនោះ បាន​នាំអោយ​អ្នកទទួលខុសត្រូវ​អង្គភាព​សារព័ត៌មាន Fresh News លោក លឹម ជា​វុត្ថា បាន​បដិសេធ និង​ស្នើអោយ​លោក​ផែង វណ្ណៈ ធ្វើការ​សុំទោស​និង​កែតម្រូវ បើ​ពុំ​ដូច្នោះ​ទេ គេ​នឹង​ប្តឹង​ចាត់ការ​តាម​វិធានការណ៍​ច្បាប់ ប៉ុន្តែ​លោក​ផែង វណ្ណៈ មិន​ព្រម​ធ្វើតាម និង​ថែមទាំង​និយាយ​ប្រៀបធៀប​រឿងហេតុ​ការណ៍​ជាច្រើន​ទៀត ដែល​អង្គភាព​សារព័ត៌មាន Fresh News មិនអាច​ទទួលយកបាន​។​

​លោក​ផែង វណ្ណៈ ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បាន​សរសេរ​ប្រៀបធៀប​ថា ការដែល​លោក​យកលុយ​៥​ពាន់​ដុល្លារ ទៅអោយ​ក្រុមគ្រួសារ​រងគ្រោះ​នោះ គឺ​ដូចជា​ប្រធាន​អង្គភាព​សារព័ត៌មាន Fresh News យក​ថវិកា​របស់​សម្តេច​តេ​ជោ​សែន​៥​ម៉ឺន​ដុល្លារ ទៅអោយ​ក្រុមគ្រួសារ​សព​លោក កែម ឡី នោះដែរ​។ សម្តី​ប្រៀបធៀប​នេះ បាន​នាំអោយ​ការវិភាគ​ពី​បណ្តាញ​សង្គម ដែល​សរសេរថា រឿងហេតុ​នោះ គឺ​ខុសគ្នា​ទាំងស្រុង​ដោយ​លោក​ផែង វណ្ណៈ​និង​លុយ ប្រគល់អោយ​ក្រុមគ្រួសារ​រងគ្រោះ​នោះ គឺ​លោក ផែង វណ្ណៈ បាន​ធ្វើជា​តំណាងអោយ​ក្រុមគ្រួសារ​ដែល​បើករថ​យន្ត​​បុក​សម្លាប់​មនុស្ស ហើយ​រត់​មិន​ទទួលខុសត្រូវ ប៉ុន្តែ​ថវិកា​៥​ម៉ឺន​ដុល្លារ​របស់ សម្តេច​តេ​ជោ​សែន តាម​រយៈ​ប្រធាន​អង្គភាព​សារព័ត៌មាន Fresh News លោក​លឹម ជា​វុត្ថា ទៅអោយ​ក្រុមគ្រួសារ​លោក កែម ឡី នោះមិន​មែន​​លោក​លឹម ជា​វុត្ថា ធ្វើជា​តំណាងអោយ​ក្រុមគ្រួសារ​ដែល​ប្រព្រឹត្ត​កំហុស​នោះទេ​។​

​មេធាវី​ការពារ​ក្តី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ចោទថា សំណេរ​របស់​ឈ្មោះ​ផែង វណ្ណៈ នេះ គឺជា​សំណេរ ដែលមាន​ផែនការ​ច្បាស់លាស់ និង​ចេតនា​ទុច្ចរិត​ក្នុងការ​និយាយ​ប្រៀបធៀប ក្នុង​បំណង​ចោទប្រកាន់ និង​ទម្លាក់កំហុស​ទៅលើ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថា ជា​ឃាតក​សម្លាប់​លោក​បណ្ឌិត កែម ឡី​។​

​មេធាវី​សម្តេច​តេ​ជោ ហ៊ុន សែន​កាលពី​រសៀល​ថ្ងៃទី​១​មេសា បានធ្វើ​ពាក្យបណ្តឹង​មួយ​បន្ថែម​ពីលើ​បណ្តឹង​របស់​អង្គភាព​សារព័ត៌មាន Fresh News និង​ធ្វើ​សំណូមពរ​ចំពោះ​ព្រះរាជអាជ្ញា ដើម្បី​ធ្វើការ​ពិនិត្យ​ពិចារណា​សម្រេច​ឃាត់ខ្លួន ឬ​ចាប់ខ្លួន និង​ឃុំខ្លួន ឈ្មោះ ផែង វណ្ណៈ ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​ការប្រព្រឹត្ត​អំពើ​ល្មើស​ជា​បន្តបន្ទាប់ ដែល​អាច​នាំ​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។​

​លោក​ផែង វណ្ណៈ ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​២​មេសា និង​ប​ញ្ជួ​ន​ទៅ​តុលាការ​ដើម្បី​ធ្វើការ​សាកសួរ​។ សមត្ថកិច្ច​បានបញ្ជាក់​នៅ​ល្ងាច​ថ្ងៃទី​២​មេសា​ថា ការសាកសួរ​ជុំវិញ​រឿង​លោក​ផែង វណ្ណៈ នៅ​មិនទាន់​ចប់សព្វគ្រប់​នៅឡើយ​ទេ​នា​រសៀល​ថ្ងៃទី​២​មេសា​នេះ​។ លោក​ផែង វណ្ណៈ ត្រូវបាន​បញ្ជូន​ពី​តុលាការ ដើម្បី មក​រក្សាទុក​ក្នុងការ​គ្រប់គ្រង​របស់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​សិន និង​ត្រូវ​បញ្ជូនទៅ​តុលាការ​ការ​ម្តងទៀត​នៅ​ថ្ងៃស្អែក ដើម្បី​ធ្វើការ​សាកសួរ​បន្ត​ថែមទៀត ៕​ ដោយ​៖​កូ​ឡាប​

spot_img
×