Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ព្រមាន​ចាត់ការ​តាមច្បាប់ ចំពោះ​អាជីវ​កម្មណា លក់​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ ជូន​ភ្ញៀវទេសចរ​

spot_img

​ភ្នំពេញ ​៖ ​លោក រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជា​ផង និង​ជំរុញ​ណែនាំ​ផង ដល់​មន្ទីរ​ទេសចរណ៍​គ្រប់​រាជធានី​-​ខេត្ត អគ្គាធិការដ្ឋាន​នៃ​ក្រសួងទេសចរណ៍ (​ផ្នែក​អធិការកិច្ច​) សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន វិស័យ​ឯកជន និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​ទប់ស្កាត់ ការលក់​វត្ថុ​អនុស្សាវរីយ៍ ឬ​ផលិតផល​ក្លែងក្លាយ ពីព្រោះ​បញ្ហា​នេះ ធ្វើឱ្យ​ខូច​នូវ​ភាពជឿជាក់​ពី​សំណាក់​ភ្ញៀវទេសចរ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​កិត្យានុភាព​របស់​ជាតិ​។​

​ការណែនាំ​យ៉ាង​ម៉ឺងម៉ាត់​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី​បើក​សន្និបាត​ផ្ទៃក្នុង​ក្រសួង ដើម្បី​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៨ ត្រីមាស​ទី​១ ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​បន្ត​នៅ​ត្រីមាស​ទី​២ និង​ទី​៣ ឆ្នាំ​២០១៩ ដែល​ពិធី​នេះ ធ្វើឡើង​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​០២-០៣ ខែមេសា ឆ្នាំ​២០១៩​។​

​លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា ធ្លាប់មាន​ករណី​ភ្ញៀវទេសចរ​បាន​ទិញ​ទំនិញ​ពី​កម្ពុជា ក្រោយមក​ក៏​ដឹងថា ជា​គ្រឿងអលង្ការ​ក្លែងក្លាយ ហើយ​ពួកគេ​ក៏បាន​ប្ដឹង​មក​ក្រសួងការបរទេស​យើង តាមរយៈ​ស្ថានទូត​គេ​នៅ​កម្ពុជា ហើយ​ករណី​ថ្មីៗ​នេះ មានការ​ប្តឹង​ផ្ទាល់ មក​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ហើយ ACU បានដាក់​លិខិត​មក​ក្រសួងទេសចរណ៍​។​

​នេះ​ជា​បញ្ហាសំខាន់​មួយ ដែល​លោក​ថោង ខុន តែងតែ​ដាស់តឿន​ជំរុញ​ជារឿយៗ ដល់​គ្រប់ភាគី​ពាក់ព័ន្ធ ហើយ​លោក​បានដាក់​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់ សាជាថ្មី​ឡើងវិញ ដល់​អគ្គាធិការដ្ឋាន​នៃ​ក្រសួងទេសចរណ៍ ដែលមាន​លោក ប្រាក់ ច័​ន្ធ​តារា ជា​អគ្គាធិការ ត្រូវ​រួមគ្នា​ជាមួយ​មន្ទីរ​ទេសចរណ៍​គ្រប់​រាជធានី​-​ខេត្ត ស្ថាប័ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ធ្វើ​អធិការកិច្ច​លើ​មូលដ្ឋាន​អាជីវកម្ម​លក់ដូរ​វត្ថុ​អនុស្សាវរីយ៍ ពិសេស​សហការ​ជាមួយ​ក្រសួង​ពាណិជ​កម្ម ក្នុងការ​ត្រួតពិនិត្យ​មូល​ដ្ថា​ន​អា​ជី​កម្ម​លក់​គ្រឿងអលង្កា ដើម្បី​ទប់ស្កាត់ និង​លុបបំបាត់​បញ្ហា​ដ៏​អាក្រក់​នេះ​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​ទទូច​ដល់​ភាគី​ពាក់ព័ន្ធ​ផងដែរ សូម​ចូលរួម​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ ពិសេស​លោក​បាន​ស្នើថា បើ​រកឃើញ​មូលដ្ឋាន​អាជីវកម្ម​ណា​លក់ របស់របរ​ក្លែងក្លាយ​ជូន​ភ្ញៀវទេសចរ សូមមេត្តា​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ភ្លាមៗ​។ គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​ធ្វើយ៉ាងណា​ធានាថា គ្រប់​គោលដៅ​ទេសចរណ៍​របស់​កម្ពុជា មាន​ការទទួល​បដិសណ្ឋារកិច្ច​ល្អប្រសើរ​ជូន​ភ្ញៀវទេសចរ គ្មាន​ការ​ក្ល​ក់​ទំនិញ​ក្លែងក្លាយ​ដូច​ករណីខ្លះៗ​ដែល​បាន​កើតឡើង​មកនេះ ដើម្បី​ស្របតាម​ការ​ប្រសិទ្ធ​នាម​របស់​រាជរដ្ឋាភិបាល​ថា កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្ដល់​ភាពកក់ក្ដៅ​៕​ ដោយ ៖ កូឡាប

spot_img
×