Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ម្ចាស់ការ​និង​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​អគ្គីភ័យ ខណៈ​រយៈពេល​២​ខែ​នេះ​កំដៅ​នឹង​ឡើងដល់​៤០​អង្សា​

spot_img

​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការអំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ម្ចាស់ការ​និង​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​អគ្គីភ័យ ខណៈ​រយៈពេល​២​ខែ​នេះ កំដៅ​នឹង​ឡើងដល់​៤០​អង្សា ដែល​ងាយ​នឹង​រងគ្រោះ​ដោយ​គ្រោះ​អគ្គីភ័យ​ជាយថាហេតុ​។​

​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ការបង្ការ​គ្រោះ​អគ្គីភ័យ​ក្នុង​រដូវប្រាំង ដែល​ចុះហត្ថលេខា​ដោយ​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៣ មេសា​នេះ​។​

​សេចក្តីជូនដំណឹង​នេះ​បានបញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​កិត្តិយស​សូម​ជម្រាប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​សាធារណៈជន​ទាំងអស់​អោយបាន​ជ្រាបថា តាម​ការព្យាករណ៍​ឧតុនិយម​បានឲ្យដឹងថា​អាកាសធាតុ​នៅ​ប្រទេស​យើង​នឹង​ឡើង​កំដៅ​រហូតដល់​លើស ៤០ អង្សា​សេ ចាប់ពីពេលនេះ​តទៅ​រហូត​ដល់​ពេល​ប្រមាណ​២ ខែ​ទៅ​មុខ​ទៀត ដែល​ធ្វើឲ្យ​អាកាសធាតុ​ក្តៅ​ស្ងួត​ហួតហែ​ងងាយ​នឹង​បណ្ដាលឱ្យ​កើត​គ្រោះ​អគ្គីភ័យ​ជា​យថាហេតុ​។​

​អាស្រ័យហេតុនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ម្ចាស់ការ​និង​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ដើមចម​ដែល​អាច​បង្កើត​អោយ​មាន​គ្រោះ​អគ្គីភ័យ​ដូចជា​ភ្លើងចង្ក្រាន​ភ្លើងចង្កៀង​ភ្លើង​ធូប​ទៀន ការដុត​សំរាម ដុត​ព្រៃ​ចំការ​វាលស្រែ ការ​បោះ​ចោល​កន្ទុយបារី​ផ្ដេសផ្ដាស​ការតភ្ជាប់​ឬ​ប្រើ​ចរន្តអគ្គិសនី​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស ការ​ទុកដាក់​ប្រេងឥន្ធនៈ​ឧស្ម័ន​ចំ​ហេះ វត្ថុ​ងាយ​ឆេះ​ឬ​ងាយ​ផ្ទុះ​ឆេះ ។​ល​។ ដោយ​ត្រូវ​ពិនិត្យ​ឲ្យបាន​ហ្មត់ចត់​បង្ការ​កុំឲ្យ​មាន​ការ​ឆេះ​រាលដាល​បង្កើត​ជា​គ្រោះ​អគ្គីភ័យ​ដែល​ធ្វើអោយ​មាន​ការឆេះ​រាលដាល​បង្កើត​ជា​គ្រោះ​អគ្គីភ័យ​ដែល​ធ្វើអោយ​បាត់បង់​ទាំង​ទ្រព្យសម្បត្តិ​និង​អាច​ដល់​អាយុជីវិត​។​

​ដោយឡែក​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ត្រូវ​ត្រៀម​រៀបចំ​នឹង​ត្រូវ​រិះរក​គ្រប់​មធ្យោបាយ​ឲ្យបាន​គ្រប់គ្រាន់​ក្នុង​ការបង្កា​រទប់​ស្កាត់​ការកើតមាន​ជាយថាហេតុ នូវ​អគ្គិភ័យ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ស្របតាម​សេចក្តីអំពាវនាវ​លេខ ៦៤០ សជណ​ចុះ​ថ្ងៃទី​១៩​ខែ​មិនា​ឆ្នាំ ២០១៩ របស់​ក្រសួង​មហាផ្ទៃ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​សង្ឃឹម​ជឿជាក់​ថា​បងប្អូន​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​មាន​ស្មារតី​ប្រុងប្រយ័ត្ន​គ្រប់​ពេលវេលា​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​និង​មហន្តរាយ​ដែល​កើតមានឡើង​ដោយសារ​គ្រោះ​អគ្គិភ័យ​៕​ ដោយ​៖​កូឡាប​

 

spot_img
×