Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វី​ង ចាប់​ដៃ​ជាមួយ ហត្ថា​កសិករ ដើម្បី​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត ​ក្នុង​បង្កើន​ភាពទូលំទូលាយ នៃ​សេវា​ហិរញ្ញវត្ថុ​

spot_img

​ភ្នំពេញ ​៖ ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូឌា​) លីមីត​ធី​ត ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ប្រកាស​ពី​ភាព​ជា​ដៃគូ ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត (HKL) ក្នុង​ការផ្ដល់ជូន​នូវ​សេវា​បង់​វិក្កយបត្រ និង​សេវា​ផ្ទេរប្រាក់ ពី​គណនី​ទៅ គណនី តាម​ប្រព័ន្ធ​ឌីជីថល សម្រាប់​អតិថិជន​នៃ​ស្ថាប័ន​ទាំងពីរ​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​​ភ្នំពេញ ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០១៩​។​

​តាមរយៈ​ភាពជា​ដៃគូ​នេះ នៅក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ អតិថិជន នឹង​អាច​ផ្ទេរ​ប្រាក់​ទៅវិញទៅមក​ដោយ​សុវត្ថិភាព ពី​គណនី​វី​ង​ទៅកាន់​គណនី​ហត្ថា​កសិករ ឬ​ពី​គណនី​ហត្ថា​កសិករ​ទៅកាន់​គណនី​វី​ង​។ បន្ថែម​ពីលើ​សេវា​ដាក់​ប្រាក់​ទៅ​ក្នុង​គណនី អតិថិជន​ផ្នែក​ឥណទាន​របស់​ហត្ថា​កសិករ ក៏​អាច​ទៅកាន់​ភ្នាក់ងារ​វី​ង​ជាង ៦០០០ កន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ដាក់​ប្រាក់​ចូល​ក្នុង​គណនី​ហត្ថា​កសិករ​របស់ខ្លួន ដើម្បី​ទូទាត់​ការ​សងបំណុល​ប្រចាំខែ ឬ​សកម្មភាព​ហិរញ្ញវត្ថុ​ដទៃ​ទៀត​ផង​ដែរ​។​

​ភាព​ជា​ដៃគូ​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​ជួយ​ដល់​ការផ្ទេរ​ប្រាក់​ជា​រៀងរាល់ថ្ងៃ របស់​អតិថិជន​នៃ​ស្ថាប័ន​ទាំងពីរ​នេះ ឲ្យ​កាន់តែ​មាន​ភាពងាយស្រួល និង​គ្មាន​ភាពស្មុគស្មាញ រួមជាមួយ​នឹង​ការណែនាំ​មកកាន់​ពិភព​ថ្មី​នៃ​ប្រព័ន្ធ​ឌីជីថល​។ អតិថិជន​របស់​ហត្ថា​កសិករ នឹង​អាច​ទទួលបាន​នូវ​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​ឌីជីថល​ដ៏​ទូលំទូលាយ ដែល​អនុញ្ញាតិ​ឱ្យ​ពួកគេ​អាច​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ទាំងអស់ តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូន​វីង​រួម​មាន​សេវា​ផ្ទេរប្រាក់​, បង់​វិក្កយបត្រ បញ្ចូល​ប្រាក់​ទៅក្នុង​ទូរស័ព្ទ ទូទាត់​ប្រាក់​តាម​អន​ឡាញ និង​ដោយ​ស្កេន​កូដ QR ក៏​ដូចជា​បទ​ពិសោធន៍​ទិញ​ទំនិញ​ពី​បណ្តា​ហាង​អន្ដរជាតិ ដោយ​ប្រើប្រាស់​វី​ង​អន​ឡាញ​ម៉ាស្ទ័​រកាត​។​

​លោក ហួត អៀង​តុង ប្រធាន​អគ្គនាយក​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ បាន​មានប្រសាសន៍ថា ហត្ថា​កសិករ និង​វី​ង មាន​ចំណុច​ដូចគ្នា​ជា​ច្រើន ដោយហេតុ​ថា​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំងពីរ ជឿជាក់​លើ​ការដាក់​បញ្ចូល ហិរញ្ញវត្ថុ និង​មាន​ការប្តេជ្ញាចិត្ត​ចំពោះ​និរន្ត​ភាព​សង្គម និង​ហិរញ្ញវត្ថុ​យូរអង្វែង​របស់​អតិថិជន​រៀងៗ​ខ្លួន​។

​លោក តុង មានប្រសាសន៍​បន្ត​ថា​៖ “​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​យើង ក៏​ដូច​ជា​ដៃគូ​ដែល​យើង​ជ្រើសរើស​ធ្វើការ​ជាមួយ ឆ្លុះបញ្ចាំង​ពី​គុណ​តម្លៃ​របស់​យើង​។ យើង​ក៏​កំពុង​ចូលរួម​ក្នុង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ដោយ​ការជួយ​ដល់​អតិថិជន​របស់​យើង ក្នុង​ការកសាង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ហិរញ្ញវត្ថុ ដែល​គួរអោយ​ជឿជាក់​និង​ទុកចិត្តបាន សម្រាប់​ផលប្រយោជន៍​ហិរញ្ញវត្ថុ​រយៈពេល​វែង របស់​ពួកគេ​”​។​

​ភាព​ជា​ដៃគូ​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​ផ្តល់ជូន​នូវ​ភាពងាយស្រួល ក្នុង​ការដាក់​ប្រាក់​បញ្ញើ​សន្សំ ឬ​ការបង់ប្រាក់​សង​ត្រលប់​វិញ ដល់​គ្រប់​អតិថិជន​របស់​ហត្ថា​កសិករ ដែល​ជា​ទៀងទាត់​តែងតែ​មកកាន់​គ្រឹះស្ថាន​នេះ ហើយ​ហត្ថា​កសិករ នឹង​ជួយ​ឲ្យ​ផលិតផល និង​សេវាកម្ម​ផ្សេងៗ ក៏ដូចជា​ការសហការ​ថ្មី​ជាមួយ​ដៃគូ​អាជីវកម្ម​ផ្សេងៗ​ដើម្បី​ពង្រីក​បណ្តាញ​ធនាគារ និង​ផ្តល់​ជូន​ភាពងាយស្រួល​បន្ថែមទៀ​តដល់​អតិថិ​ជន​។​

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគា​រឯក​ទេស វី​ង បាន​ប្រសាសន៍ថា ភាព​ជា​ដៃគូ​មានន័យ​ថា ចំនួន​អ្នក​មិន​មាន​គណនី​ធនាគារ និង​អ្នក​មិន​ស្ថិត​ក្នុង​បណ្តាញ​ធនាគារ កាន់តែ​ច្រើនឡើងៗ នៅ​ទូទាំង​ប្រទេស​កម្ពុជា​អាចមាន​លទ្ធភាព​ទទួល​បាន​នូវ​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ ដែល​មាន​គុណភាព ដើម្បី​ជួយ​បង្កើន​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ ហើយ​វី​ង​ពិតជា​រំភើប​ខ្លាំងណាស់ ក្នុង​ការ​ចូលរួមចំណែក​នៅក្នុង​ដំណើរការ​នេះ​។​

​លោក ម៉ា​ឡូ​ឡូ​ស បាន​បន្តទៀតថា​៖ “​វា​ជា​កិត្តិយស​ដ៏​ធំធេង​មួយ​សម្រាប់​ធនាគា​រឯក​ទេស​វី​ង ក្នុង​ការធ្វើការ​ជាមួយ​ហត្ថា​កសិករ តាមរយៈ​ការចែករំលែក​នូវ​លទ្ធ​ភាព​នៃ​ការប្រើប្រាស់​សេវា​នៅ​តាម​បណ្តាញ​ភ្នាក់ងារ​វី​ង និង​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​ឌីជីថល​របស់​យើង ទៅ​ឱ្យ​គ្រប់​អតិថិជន​របស់​ហត្ថា​កសិករ ដើម្បី​ឱ្យ​ពួកគេ​មាន​ភាពងាយស្រួល​ក្នុង​ការទទួលបាន នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ទាំង​នោះ​”​។​

​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូឌា​) លីមីត​ធី​ត គឺជា​អ្នកផ្តល់​សេវាកម្ម​ធនាគារ​តាម​ទូរស័ព្ទ​ចល័ត​ដំបូង​គេ​នៅ​កម្ពុជា​។ បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៩ ធនាគារ​ឯកទេស​វី​ង បាន​ប្តេជ្ញា​ផ្តល់​សេវា​ហិរញ្ញវត្ថុ តាមរយៈ​សេវាកម្ម​ហិរិញ្ញវត្ថុ តាម​ទូរស័ព្ទ​ចល័ត ទៅកាន់​អ្នក​មិន​មាន​គណនី​ធនាគារ​និង​មិន​ស្ថិត​ក្នុង​បណ្តាញ​ធនាគារ ដោយ​ផ្តល់​ជូន​នូវ​សេវាកម្ម​ដូចជា ការផ្ទេរ​ប្រាក់​ក្នុង​ស្រុក​, ទូទាត់​វិក័យប័ត្រ​និង​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ​, ទូទាត់​តាម​អ៊ិន​ធឺ​ណែ​ត និង QR កូដ ក៏​ដូចជា​សេវាកម្ម​ផ្ទេរ​ប្រាក់​អន្តរជាតិ​ភ្លាមៗ​ពី​ជាង ២០០​ប្រទេស​។​

​ធនាគារ​ឯកទេស​វី​ង នៅតែ​ជា​អ្នក​នាំមុខគេ​នៅក្នុង​ទីផ្សារ នៃ​សេវា​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត និង​អេឡិចត្រូនិច នៅក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​សេវា​គ្របដណ្តប់​ដល់​ស្រុក ១០០% តាមរយៈ​ភ្នាក់ងារ Wing Cash Xpress នៅ​ទូទាំង​ប្រទេស​ជាង ៦០០០ កន្លែង​។ វី​ង មាន​ដៃគូ​អាជីវកម្ម ជាង ៣០០០០ កន្លែង រួម​ទាំង​ក្រុមហ៊ុន​ធំ​ដូច​ជា Mastercard និង WorldRemit ។ លើសពីនេះ​ទៀត​សហគ្រាស​ធុន​តូច​និង​មធ្យម ក៏​ដូចជា​ក្រុមហ៊ុន​ធំ ៗ អាច​ប្រើប្រាស់​សេវា​ប្រាក់បៀវត្សរ៍ និង​ចំណាយ​របស់ វី​ង ដើម្បី​ជួយ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូ​ទូទាត់​របស់ខ្លួន​។​

​អំពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​​ហត្ថា​កសិករ គឺ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​សន្សំ​ពីសា​រណៈ​ជន បាន​ទទួល​អាជ្ញា​ប័ណ្ណ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​បាន​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​ជាង ២៥​ឆ្នាំ មកហើយ​។ ហត្ថា​កសិករ បាន​នឹង​កំពុង​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​យ៉ាង​សម្បូរបែប សម្រាប់​អាជីវកម្ម​ខ្នាត​តូច​បំផុត និង​ខ្នាត​តូច និង​អតិថិជន​ដូចជា​៖ សេវា​ឥណទាន​, សេវា​ប្រាក់​បញ្ញើ​សន្សំ​, សេវា​ផ្ទេរប្រាក់​ក្នុងស្រុក និង​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត តាមរយៈ​សាខា​ចំនួន ១៧៨ និង​ម៉ាស៊ីនអេ​ធី​អឹម​ចំនួន ១២៩ គ្រឿង​នៅ​ទូទាំង​ប្រទេស​។​

​ហត្ថា​កសិករ ក៏​មាន​សេវា​ធនាគារ​ចល័ត ដែល​មាន​ភាពងាយស្រួល​និង​ឆ្លាត​វៃ ដើម្បី​បម្រើ​អតិថិជន​គ្រប់​ទីកន្លែង​ផងដែរ​។ គិត​ត្រឹម​ខែ​ឆ្នូ ឆ្នាំ ២០១៨ ហត្ថា​កសិករ​ទទួលបាន​ប្រាក់​បញ្ញើ​សន្សំ​សរុប​ជាង ៤៨០ លាន​ដុល្លារ​អាមេរិក ជាមួយ​នឹង​ចំនួន​អតិថិជន​ជា​ង ២៣៥,០០០ នាក់ និង​ផលប័ត្រ​ឥណទាន​សរុប​មាន​ចំនួន​ប្រមាណ ៧៥៧ លាន​ដុល្លារ​អាមេរិក​ជា​មួយ​ចំនួន​អតិថិជន​ប្រមាណ ១៤៤,០០០ នាក់ ។ ទ្រព្យសកម្ម​សរុប​របស់ហ​ត្ថា​កសិករ​មានចំនួន ៩១៩ លាន​ដុល្លារ​អាមេរិក​។ ហត្ថា​កសិករ លីមីត​ធី​ត គឺជា​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​ក្រុង​ស្រ៊ី (Bank of Ayudhya – Krungsri) ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាង​គេ​លំដាប់​ទី ៥ នៅ​ព្រះរាជាណាចក្រ​ថៃ និង​ជា​សមាជិក​របស់​សម្ព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែល​ជា​សម្ព័ន្ធ​ធនាគារ​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​ជប៉ុន ព្រមទាំង ជា​សម្ព័ន្ធ​សេវា​ហិរញ្ញ​វត្ថុ​ដ៏​ធំ​មួយ ក្នុងចំណោម​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំជាងគេ​លើ​សកលលោក​៕​ ដោយ​៖​កូឡាប

spot_img
×