Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ជំ​រុញឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា លុបបំបាត់​ភាពមិន​អនុលោម​ច្បាប់​នៃ​លក្ខខណ្ឌ​ការងារ នៅក្នុង​វិស័យ​វាយ​ន​ភណ្ឌ​

spot_img

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ បន្ត​សហការគ្នា​លុបបំបាត់​ឱ្យបាន​ទាំងស្រុង នូវ​ភាពមិន​អនុលោម​តាម​បទបញ្ញត្តិ​នៃ​លក្ខខណ្ឌ​ការងារ ដើម្បី​លើកកម្ពស់​កិត្តិនាម​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ស្បែកជើង​កម្ពុជា សំដៅ​ទាក់ទាញ​ការបញ្ជាទិញ​កាន់តែច្រើន ពី​ទីផ្សារ​អន្តរជាតិ​ធំៗ​ក្នុង​ពិភពលោក​។​

​ការអំពាវនាវ​របស់ លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំត្រីមាស ស្តីពី​ការអនុវត្ត​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) កាលពី​រសៀល​ថ្ងៃ​ពុធ ទី​០៣ ខែមេសា ឆ្នាំ​២០១៩ នា​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ដើម្បី​តាមដាន​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នានា ជុំវិញ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​គាំពារ និង​លើកកម្ពស់​សុខមាលភាព កម្មករនិយោជិត ព្រមទាំង​លក្ខខណ្ឌ​ការងារ សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង ជាពិសេស​ការអនុវត្ត​យុទ្ធសាស្ត្រ​រួមគ្នា និង​ផែនការ​សកម្មភាព ដែលមាន​គោលដៅ​ពង្រឹងសមត្ថភាព និង​ភាពជា​ម្ចាស់​របស់​រាជរដ្ឋាភិបាល ក្នុងការ​បំពេញមុខ​ងា​រ​ត្រួតពិនិត្យ ប្រកបដោយ​វិជ្ជាជីវៈ និង​ឯករាជ្យ​។​

​លោក​រដ្ឋមន្ត្រី បាន​កោតសរសើរ​ដល់​ក្រុមការងារ​ត្រួតពិនិត្យ​ចម្រុះ ដែលមាន​សមាសភាព​ម​ន្ត្រី​មកពី​ក្រសួងពាណិជ្ជកម្ម ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា និង​អង្គការ​ពលកម្ម​អន្តរជាតិ ដែល​បាន​សកម្ម​ក្នុង​ការចុះ​តាមដាន និង​ត្រួតពិនិត្យ​លក្ខខណ្ឌ​ការងារ នៅតាម​រោងចក្រ​កាត់​ដេរ​ដែល​ចូលរួម​កម្មវិធី ILO-BFC ដើម្បី​ធានាឱ្យមាន​ការអនុលោម​បទបញ្ញត្តិ​ត្រឹមត្រូវ ហើយ​ជា​លទ្ធផល​បាន​ជួយ​ឱ្យ​កម្ពុជា ក្លាយជា​ប្រទេស​គោលដៅ សម្រាប់​ការបញ្ជាទិញ​ពី​ទីផ្សារ​អន្តរជាតិ​។​

​បើតាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៨ របស់​កម្មវិធី ILO-BFC ដែល​បានធ្វើការ​អង្កេត​ទៅលើ​ប្រតិបត្តិការ​រោងចក្រ​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា បាន​រកឃើញថា ភាព​អនុលោម​បទបញ្ញត្តិ​នៃ​លក្ខខណ្ឌ​ការងារ កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ​គួរឱ្យកត់សម្គាល់ ចំណែកឯ​ពលកម្ម​កុមារ​នៅក្នុង​វិស័យនេះ ក៏បាន​ថយចុះ​ស្ទើរតែ​ពុំមាន​កាលពី​ឆ្នាំមុន​ ៕ ដោយ ៖ កូឡាប

spot_img
×