Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងបរិស្ថាន​ប្រកាស​ផ្សព្វផ្សាយ «​របាយការណ៍​ស្ថានភាព​បរិស្ថាន​»​លើក​ទី​៣

spot_img

​នៅ​ទីស្តីការ​ក្រសួងបរិស្ថាន នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​១៥​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤​ខែមេសា ឆ្នាំ​២០១៩ ក្រសួងបរិស្ថាន​បានប្រកាស​ផ្សព្វផ្សាយ​ផ្សព្វផ្សាយ «​របាយការណ៍​ស្ថានភាព​បរិស្ថាន​» លើក​ទី​៣ ជាមួយនឹង​ការដាក់ឱ្យ​ដំណើការ​«​ប្រព័ន្ធ​ប្រមូលផ្តុំ​ទិន្នន័យ​ព័ត៌មាន​ភូមិសាស្ត្រ​វិស័យ​បរិស្ថាន​» ក្រោម​អធិបតីភាព លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ព្រមទាំង​មានការ​ចូលរួម​ពី​លោក Nick BERESFORD តំណាង UNDP ប្រចាំ​កម្ពុជា លោកស្រី VEENA Raddy នាយក​បេសកកម្ម​របស់​USAID ប្រចាំ​កម្ពុជា តំណាង​ក្រសួង ស្ថាប័ន តំណាង​អង្គការក្រៅរដ្ឋាភិបាល អ្នកសិក្សា​ស្រាវជ្រាវ វិស័យ​ឯកជន ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងបរិស្ថាន​ជាច្រើន​នាក់​។​

​លោក សាយ សំ​អាល់ បាន​លើកឡើងថា​ការប្រកាស​ផ្សព្វផ្សាយ «​របាយការណ៍​ស្ថានភាព​បរិស្ថាន​»​លើក​ទី​៣ នាពេលនេះ បាន​ក្លាយជា​ប្រវត្តិសាស្ត្រ​ក្នុងការ​ធ្វើឱ្យមាន​ការឯកភាព​ជាតិ​មួយ និង​បញ្ចប់​បញ្ហា​ប្រឈម​នៃ​ការផ្សព្វផ្សាយ​លើ​បញ្ហា​បរិស្ថាន​នាពេល​កន្លងមក​។ លោក រដ្ឋមន្ត្រី បាន​ចាត់ទុកថា របាយការណ៍​ស្ថានភាព​បរិស្ថាន បានផ្តល់​ចំណេះដឹង​លើ​វិស័យ​បរិស្ថាន និង​បានផ្តល់​តម្លៃ​ពិសេស​ដល់​សេដ្ឋកិច្ច និង​សង្គម​យ៉ាងសំខាន់ ខណៈពេលដែល​កម្ពុជា​កំពុងមាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​មាន​កំណើនសេដ្ឋកិច្ច​ល្អប្រសើរ ជាមួយ​នឹង​​ការរីកចំរើន​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ផងដែរ​។ លោក រដ្ឋមន្ត្រី​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​ជំនាញ​បន្ត​រៀបចំ​របាយការណ៍​បរិ​ស្ថាន​បន្ថែម​ក្នុង​ចន្លោះ​ពី​៣ ទៅ​៥​ឆ្នាំ ដើម្បី​ផ្តល់​ទិន្នន័យ​ព័ត៌មាន​បរិស្ថាន​ប្រកបដោយ​គុណភាព ជាពិសេស​ការស្រាវជ្រាវ និង​ការរកឃើញ​ប្រភេទ​ថនិកសត្វ សត្វ​ស្លាប​និង​រុក្ខជាតិ​ថ្មី​ថែមទៀត​។ ជាមួយគ្នានេះ លោក សាយ សំ​អាល់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចសហការ​ជាមួយ​ដៃគូ​នានា ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​សម្រាប់​ការកសាង​ប្រព័ន្ធ​ប្រមូលផ្តុំ​ទិន្នន័យ​ព័ត៌មាន​ភូមិសាស្ត្រ​វិស័យ​បរិស្ថាន​និង​ការបណ្តុះបណ្តាល​សមត្ថភាព​មន្ត្រី​ក្រសួងបរិស្ថាន ព្រមទាំង​ការរៀបចំ​ពិធី​ដាក់ឱ្យ​ដំណើរការ «​ប្រព័ន្ធ​ប្រមូលផ្តុំ​ទិន្នន័យ​ព័ត៌មាន​ភូមិសាស្ត្រ​វិស័យ​បរិស្ថាន​» និង​ផ្សព្វផ្សាយ «​របាយការណ៍​ស្ថានភាព​បរិស្ថាន​»​ផងដែរ​។

​សូមបញ្ជាក់ថា ជា​សាវតា របាយការណ៍​ស្ថានភាព​បរិស្ថាន​លើកទីមួយ ត្រូវបាន​រៀបចំឡើង​ដោយ​អង្គការ​អភិវឌ្ឍន៍​​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា ក្នុង​ឆ្នាំ​១៩៩៤ ។ របាយការណ៍​ស្ថានភាព​បរិស្ថាន​លើក​ទី​ពីរ​ត្រូវបាន​រៀបចំ​និង​បោះពុម្ពផ្សាយ​ក្នុង​ឆ្នាំ​២០០៤​។ របាយការណ៍​ស្ថានភាព​បរិស្ថាន លើក​ទី​បី​នេះ គឺជា​ឯកសារ​ប្រមូលផ្តុំ​នូវ​ព័ត៌មាន​បរិស្ថាន​សំខាន់ៗ រួម​ជាមួយនឹង​ការវាយតម្លៃ​នូវ​ការវិវឌ្ឍ​ប្រែប្រួល​ជា​វិជ្ជមាន និង​អវិជ្ជមាន​ក្នុង​វិស័យ​បរិស្ថាន​។ ព័ត៌មាន​នៅក្នុង​ឯកសារ​នេះ​ក៏​អាច​យកទៅ​ប្រើប្រាស់​ជា​មូលដ្ឋាន​ទិន្នន័យ​សម្រាប់​ការរៀបចំ​ឬ​ធ្វើ​វិសោធនកម្ម​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​ផងដែរ​៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×