Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីក្រុង​ស៊ិន​ជិន ចែករំលែក​បទពិសោធ​ន៍ តំបន់​សេដ្ឋកិច្ច​ពិសេស និង​បង្កើតឲ្យមាន​ភូមិ​ពន្លឺព្រះអាទិត្យ​ទន្លេ​មេគង្គ នៅ​ភ្នំពេញ នា​ឆ្នាំ​២០១៨

spot_img

​ភ្នំពេញ​៖ លោក​ស្រី​តាន់ ហ្វ៊ូអ៊ី​ង អគ្គនាយករង​នៃ​ការិយាល័យ​កិច្ចការបរទេស​ទីក្រុង​ស៊ិន​ជិន នៃ​ទីក្រុង​ក្ខាង​ទុង សាធារណរដ្ឋ​ប្រជាមានិត​ចិន មានបំណង​បង្កើត​អោយ​មាន​គម្រោង​២ កើតមាន​នៅក្នុង​រាជធានី​ភ្នំពេញ នា​ឆ្នាំ​២០១៨​ខាងមុខនេះ ក្នុងនោះ​គឺ​ប្រព័ន្ធ​ចែករំលែក​តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ិន​ជិន មក​ភ្នំពេញ​និង​បង្កើតឲ្យមាន​ភូមិ​ពន្លឺព្រះអាទិត្យ​ទន្លេ​មេគង្គ​នៅ​ភ្នំពេញ ខណៈ​ដែល​តំបន់​ជាយក្រុង​នៅ​ភ្នំពេញ ខ្លះ​មិន​ទាន់​មាន​អគ្គិសនី​ប្រើប្រាស់​នៅឡើយ​។​

​ការបង្ហាញ​ពី​គម្រោង​បែប​នេះ​របស់​លោកស្រី​តាន់ ហ្វ៊ូអ៊ី​ង បាន​ធ្វើឡើង​ក្នុង​ជំនួប​សម្តែង​ការគួរសម​ជាមួយ​លោក​នួន ផា​រ័ត្ន​អភិបាលរង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២២​ធ្នូ​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក​នួន ផា​រ័ត្ន​អភិបាលរង​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​លើកឡើង​ថា ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ​នៅ​ទីក្រុង​ស៊ិន ជិន​របស់​ប្រទេស​ចិន​មាន​ការអភិវឌ្ឍ​រីកចំរើន ពិសេស​ទីក្រុង​មួយ​នេះ​មាន​ពណ៌​បៃតង់​ល្អ ហើយ​ក្នុង​នាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​ពិតជា​រីករាយ​ដែល​បាន​ចង​សម្ព័ន្ធមេត្រីភាព ជាមួយ​ទីក្រុង​ដែល​មាន​ការអភិវឌ្ឍ​រីកចំរើន​មួយ​នេះ​។​

លោក នួន ផា​រ័ត្ន​បាន​លើកឡើង​ថា រាជធានី​ភ្នំពេញ​កើតឡើង​នៅ​ឆ្នាំ ១៤៣៤ ចំណុច​ពិសេស​នៃ​ទីក្រុង​ភ្នំពេញ​គឺ​មាន​ទន្លេ​បី​ឆ្លងកាត់ នោះ​គឺ​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ។ ជា​អកុសល​ដោយ​ជួប​សង្គ្រាម​ជា​បន្តបន្ទាប់ បានធ្វើអោយ​រាជធានី​ភ្នំពេញ និង​ទូទាំង​ប្រទេស​ខ្ទេចខ្ទាំ​ខ្លាំង​ដល់​ចំណុចសូន្យ​នៅ​១៩៧៩​។ ប៉ុន្តែ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ហ៊ុន សែន បាន​នាំអោយ​ប្រទេសជាតិ​មួយ​នេះ​មាន​ការអភិវឌ្ឍន៍​រីកចំរើន​មកដល់​បច្ចុប្បន្ន​នេះ ពោល​គឺ​ពី​ការ​ជិះ​កង់ មក​មាន​ឡាន​កន្លះ​លាន​គ្រឿង​និង​មាន​ម៉ូតូ​ប្រមាណ​១​លាន​៦​សែន​គ្រឿង​។​ទាំងនេះ​បាន​មក​ពី​ការដឹកនាំ​របស់​សម្តេច​តេជោ​និង​ម្យ៉ាង​ដោយ​មាន​ការគាំទ្រ​ពី​មិត្ត​បរទេស​ផងដែរ ពិសេស​ប្រទេស​ចិន​ជា​មិត្ត​។​

​លោក​បន្តថា ចិន​បាន​មក​វិនិយោគ​ច្រើន​នៅ​កម្ពុជា ក្នុងនោះ​ក៏​មាន​ទីក្រុង​ស៊ិន ជិន​ផងដែរ តាមរយៈ​សម្ព័ន្ធមេត្រីភាព​នេះ វា​នឹង​ធ្វើអោយ​ទំនាក់ទំនង ប្រទេស​ទាំង​ពីរ​កាន់តែ​ល្អប្រសើរ​។​

​លោក​ស្រី​តាន់ ហ្វ៊ូអ៊ី​ង បាន​មានប្រសាសន៍​លើកឡើងថា ការចង​សម័ន្ធមេត្រីភាព​ជាមួយ​គ្នា​រវាង​ភ្នំពេញ​និង​ស៊ិន ជិន គឺ​រដ្ឋាភិបាល​ចិន​បាន​ជំរុញ​ខ្លាំងណាស់ ហើយ​ពេលនេះ​យើង​ទ​ទូល​បាន​ផ្លែផ្កា​ហើយ​។ ទីក្រុង​ស៊ិន ជិន មាន​ចំនួន​១០​ខណ្ឌ ហើយ​ក្រុមហ៊ុន​ល្បីឈ្មោះ​ជា​ច្រើន​នៅ​ប្រទេស​ចិន ក៏​ចេញពី​ទីក្រុង​ស៊ិន ជិន​នេះដែរ​។​

​លោកស្រី​បាន​បញ្ជាក់​ផងដែរ​ថា ការចង​សម្ព័ន្ធមេត្រីភាព​រវាង​ទីក្រុង​និង​ទីក្រុង​ពិតជា​មាន​សារសំខាន់​ក្នុង​ទំនាក់ទំនង និង​ជំរុញ​កិច្ចសហប្រតិបត្តិកា​រណ៍​ល្អ​ជាមួយ​គ្នា​។​

​ក្នុងឱកាស​នោះ​ដែរ លោកស្រី សុំ​ឲ្យ​ប្រតិភូ​រាជធានី​ភ្នំពេញ ទៅ​ទស្សនកិច្ច​នៅ​ស៊ិន ជិន​ម្តងទៀត ដោយ​ភ្នំពេញ ជា​ទីក្រុង​ទេសចរ ហើយ​ស៊ិន ជិន​ក៏​ជា​ទីក្រុង​ទេសច​រដែរ ។ នៅ​ឆ្នាំក្រោយ​នេះ ជា​ឆ្នាំ​ទី​៦០​នៃ​ទំនាក់ទំនង​ការទូត កម្ពុជា ចិន លោកស្រី​ចង់​ធ្វើ​អ្វី​ជា​អនុស្សាវរីយ​ជាមួយ​កម្ពុជា​។​

​លោកស្រី ចង់​ជំរុញ​ឲ្យមាន​គម្រោង​២ នៅក្នុង​រាជធានី​ភ្នំពេញ នា​ឆ្នាំ​២០១៨​ខាងមុខនេះ ក្នុងនោះ​គឺ​​ប្រព័ន្ធ​ចែករំលែក​តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ិន ជិន ក្នុង​បំណង​ចង់​ចែករំលែក​បទពិសោធន៍​តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ិន ជិន​មក​ភ្នំពេញ ។ ទី​២ បង្កើតឲ្យមាន​ភូមិ​ពន្លឺព្រះអាទិត្យ​ទន្លេ​មេគង់​នៅ​ភ្នំពេញ ខណៈ​ដែល​តំបន់​ជាយក្រុង​នៅ​ភ្នំពេញ ខ្លះ​មិន​ទាន់​មាន​អគ្គិសនី​ប្រើប្រាស់ ហើយ គម្រោង​នេះ​យើង​នឹង​យក​ភូមិ​ជាយក្រុង​មក​ធ្វើជា​គំរូ​មុនគេ​។​

​លោក​នួន ផា​រ័ត្ន បានបញ្ជាក់​ថា នៅ​រាជធានី​ភ្នំពេញ យើង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​១ យើង​នឹង​រៀនសូត្រ​ពី​ទីក្រុង​ស៊ិន ជិន ។ ចំពោះ​ការ​អនុញ្ញាត​ឲ្យ​ប្រតិភូ​ភ្នំពេញ​ទៅ​បំពេញ ទស្សនកិច្ច សិក្សា​ស្វែងយល់ ពី​ភាព​ជោគជ័យ​នៃ​តំបន់​សេដ្ឋកិច្ច​សេសរ​បស់​ទីក្រុង​ស៊ិន ជិន​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក​ឃួង ស្រេង ជា​អភិបាល នឹង​រៀប​ប្រតិភូ​ទៅ​ទស្សនកិច្ច​នៅ​ពេល​ដ៏​សមគួរ​មួយ​។ ដោយឡែក​ចំពោះ គម្រោង​ភូមិ​ពន្លឺព្រះអាទិត្យ​ទន្លេមេគង់​នៅ​ភ្នំពេញ លោក​គាំទ្រ​និង​ទទួលយក ដោយ​សហគមន៍​ក្រីក្រ​នៅ​ភ្នំពេញ​ច្រើន ដូច្នេះ​យើង​យកទៅ​ដាក់​នៅ​សហគមន​ក្រីក្រ​នោះ​តែម្តង ៕ ដោយ​៖​កូឡាប​

 

spot_img
×